(ភ្នំពេញ)៖ ឆ្លើយតបនឹងការលើកឡើងជាសំណួររបស់អ្នកសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ថា តើជនសង្ស័យលោក ជុន ច័ន្ទបុត្រ នឹងត្រូវឃាត់ខ្លួនដែរឬទេ នៅថ្ងៃដែលចូលបំភ្លឺនៅតុលាការ នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ ? ត្រូវបានលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងយ៉ាងច្បាស់ៗថា តំណាងអយ្យការអាចនឹងឃាត់ខ្លួនលោក ជុន ច័ន្ទបុត្រ នៅថ្ងៃចូលខ្លួន ប្រសិនរកឃើញធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌណាមួយ ។  

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «តំណាងអយ្យការអាចនឹងឃាត់ខ្លួនលោក ជុន ច័ន្ទបុត្រ នៅថ្ងៃចូលខ្លួន ប្រសិនរកឃើញធាតុផ្សំនៃបទល្មើស​ព្រហ្មទណ្ឌណាមួយ។ បើយោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ប្រសិនបើតំណាងអយ្យការ ពិនិត្យឃើញថា មានភស្តុតាងដែលកំណត់បាននូវធាតុផ្សំ នៃបទល្មើសព្រហ្មទណ្ឌណាមួយពាក់ព័ន្ធនឹងសកម្មភាព​របស់ជនសង្ស័យ ក្រោយពីការសាកសួរនៅថ្ងៃចូលខ្លួននោះ តំណាងអយ្យការអាចឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃនោះតែម្តង ដើម្បីអនុវត្តនីតិវិធីបន្ត, ហេតុនេះករណីលោក ជុន ច័ន្ទបុត្រ ក៏ដូចគ្នានេះដែរ!»

កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាកោះហៅលោក ជុន ច័ន្ទបុត្រ ក្នុងនាមជាជនសង្ស័យ, លោក ឡុង រី ជាសាក្សី និងលោកស្រី មូរ សុខហួរជាសាក្សី។​ ក្រោយចេញដីកាទាំងនេះភ្លាម លោក ជុន ច័ន្ទបុត្រ, លោក ឡុង រី និងលោកស្រី មួរ សុខហួរ ក៏បានទទួលដីកានេះភ្លាមផងដែរ បន្ទាប់ពីកម្លាំងនគរបាលក្រសួងមហាផ្ទៃ បានយកប្រគល់នៅតាមផ្ទះរបស់ពួកគេរៀងៗខ្លួន។

យ៉ាងណាមិញ លោក ជុន ច័ន្ទបុត្រ ធ្លាប់បានប្រាប់សារព័ត៌មានក្នុងស្រុកថា វិទ្យុអាស៊ីសេរីនៅវ៉ាស៊ីនតោន បានសម្រេចឈប់ឲ្យលោកឆ្លងឆ្លើយ ជាមួយអ្នកកាសែត ទៀតហើយ។ ពាក់ព័ន្ធនឹងករណីនេះវិញ ត្រូវបានអ្នកវិភាគមួយចំនួន លើកឡើងថា សេរីភាពនៃការបញ្ចេញមតិ ត្រូវបានបំបិទមាត់ចំពោះអ្នកកាសែត!? ឯណាទៅសេរីភាពនៃការបញ្ចេញមតិ? អ្នកកាសែតត្រូវបានបំបិទមាត់ មិនឲ្យនិយាយជាមួយអ្នកកាសែត ! វិទ្យុអាស៊ីសេរីធ្វើបែបនេះមិនសាកសមជាវិទ្យុដែលមាន វិជ្ជាជីវៈព័ត៌មាននោះទេ។

ជាមួយនេះដែរ នាពេលថ្មីៗលោក ជុន ច័ន្ទបុត្រ បានលើកឡើងប្រាប់សារព័ត៌មានថា «បើសិនជាប់គុកខាតប្រយោជន៍ធំណាស់ បើអង្គភាពតម្រូវឲ្យខ្ញុំទៅធ្វើការនៅវ៉ាស៊ីនតោន ខ្ញុំនឹងទៅ» លោក ជុន ច័ន្ទបុត្រ បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំមិនចេញទៅណាទេ លើកលែងតែអង្គភាពតម្រូវ....តែខាតប្រយោជន៍ណាស់ បើសិនជាប់គុក​ខាត ប្រយោជន៍ណាស់ ដូច្នេះអើយ...សុខចិត្តឲ្យទៅធ្វើការនៅវ៉ាស៊ីនតោន ខ្ញុំមិនប្រកែកទេ...ប៉ុន្តែបើជាឆន្ទះរបស់ខ្ញុំតែម្តង ខ្ញុំគិតយុត្តិធម៌តែងតែមាន»