(ភ្នំពេញ)៖ លោក ឱម យ៉ិនទៀង ប្រមុខដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅថ្ងៃទី២២​ ខែមេសា ឆ្នាំ២០១៧ស្អែកនេះ គឺគ្រប់វេលា៤៨ម៉ោង ត្រឹមម៉ោង២រសៀល, ដូច្នេះជនសង្ស័យ​ដែលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួននោះ នឹងត្រូវបញ្ជូនទៅតុលាការនៅស្អែក។

លោក ឱម យ៉ិនទៀង បានបញ្ជាក់ថា មន្រ្តីជំនាញរបស់អង្គភាព ACU នឹងបន្តស៊ើបអង្កេតលើ​អ្នកពាក់ព័ន្ធផ្សេងៗ​ក្នុងករណីនេះ។

សូមជំរាបថា ជនសង្ស័យឈ្មោះ ឈឹម ពិសិដ្ឋ អាយុជាង៥២ឆ្នាំ មានតួនាទីជាជំនួយការអគ្គលេខាធិការងម្នាក់ នៅ CDC ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការឃាត់ខ្លួនមកសាកសួរនៅ ACU ។

សូមបញ្ជាក់ថា លោក សុខ ចិន្តាសោភា អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រលប់ថ្ងៃទី២០ ខែមេសានេះថា​ មន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ម្នាក់ ត្រូវបានអង្គភាពប្រឆាំង​អំពើពុករលួយ ACU ហៅសួរនាំសង្ស័យពាក់ព័ន្ធអំពើពុករលួយ។ លោកបញ្ជាក់ទៀតថា តាមច្បាប់ ACU មានសិទ្ធិសាក​សួរក្នុងរយៈពេល៤៨ម៉ោង ប្រសិនបើបុគ្គលនោះ មិនមានជាប់ពាក់ព័ន្ធអ្វីទេ នឹងត្រូវអនុញ្ញាតឲ្យមកវិញ៕