(ភ្នំពេញ)៖ មន្រ្តីនគរបាលខណ្ឌសែនសុខជាច្រើននាក់ ចាប់តាំងពីនាយនគរបាលប៉ុស្តិ៍ និងនាយផ្នែក បានបញ្ចេញប្រតិកម្ម និងច្រានចោលទាំងស្រុងលើខ្លឹមសារលិខិត អនាមិកមួយច្បាប់ ដែលមូលបង្កាច់អធិការខណ្ឌលោក ម៉ក់ ហុង ថា គ្មានសមត្ថភាពដឹកនាំស្ថាប័ន។

ក្រុមមន្រ្តីនគរបាលទាំងនោះ បានលើកឡើងថា លោកវរសេនីយ៍ឯក ម៉ក់ ហុង បាននិងកំពុងមមាញឹកការងារបង្ក្រាបបទល្មើស ការពារសន្តិសុខ បម្រើសេវាសាធារណៈ ចុះជួយប្រជាពលរដ្ឋ ដូចភ្លៀងរលឹម ស្រាប់តែលេចចេញនូវលិខិតអនាមិកមួយច្បាប់ ថ្លែងបកអាក្រាតមូលបង្កាច់លោកថា គ្មានសមត្ថភាពដឹកនាំការងារទៅវិញ។

លិខិតអនាមិកនេះបានបង្ហាញថា ម្ចាស់លិខិតជាមន្រ្តីនគរបាល នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដែរ ហើយបានជម្រាបជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា ទៀតផង ដោយបានសរសេរថា «លោកវរសេនីយ៍ឯក ម៉ក់ ហុង មិនបានដឹកនាំកម្លាំងបានល្អ ដោយគាត់គិតតែងពីផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតអំពីសុខទុក្ខកងកម្លាំងក្រោមឱវាទ បញ្ហាប្រឈមនានា ភាពលំបាករបស់កងកម្លាំង​នគរបាលថ្នាក់ក្រោមទេ.....»។

ក្រោយចេញលិខិតនេះហើយ នគរបាលខណ្ឌសែនសុខ ជាច្រើននាក់ មានការហួសចិត្តយ៉ាងខ្លាំង និងបានប្រតិកម្មថា «ជាការមូលបង្កាច់ទាំងគ្មាន​មូលដ្ឋានការពិត ​និងអគតិ​មិនអាចទទួលយកបាន»។ ថែមទាំបានចំអកថា «បែរជាលាក់មុខលបប្រហារគេពីក្រោយយ៉ាងកំសាក»

មន្ត្រីនគបាលស្ទើរតែគ្រប់គ្នា ដែលចំណុះក្រោមអធិការនគរបាលខណ្ឌសែនសុខ​ ចាប់ពីមន្ត្រីថ្នាក់ផ្នែក​​ កម្លាំងអន្តរាគមន៍ មេប៉ុស្តិ៍ឃ្មួញ មេប៉ុស្តិ៍ក្រាំងធ្នង់ មេប៉ុស្តិ៍​​ទឹកថ្លា​ និងមេប៉ុស្តិ៍ភ្នំពេញថ្មី មន្រ្តីនគរបាលប៉ុស្តិ៍​ បានច្រាស់ត្រឡប់ទៅវិញថា​ លិខិតអនាមិកនោះ មានចេតនាញុះញ៉ុងបំបែកបំបាក់​សាមគ្គីផ្ទៃក្នុង​អង្គភាព គោលដៅដើម្បីសម្រេចមហិច្ឆតាផ្ទាល់ខ្លួន។

ពួកគាត់អះអាងថា តាំងពីករកើតស្ថាប័នអធិការដ្ឋាននគរបាលខណ្ឌសែនសុខមក មិនដែលមានរឿងបកអាក្រាត មូលបង្កាច់ផ្ដេសផ្ដាសបែបនេះឡើយ ពោលគឺរយៈពេល១០ឆ្នាំ មកហើយ។

មន្ត្រីគ្រប់ៗរូបបានបន្តទៀតថា​ «នេះជាការយល់ខុស​ ប្រសិនបើម្ចាស់លិខិតនោះ មានសមាសភាពជាមន្ត្រី ក្នុងអធិការដ្ឋានខណ្ឌសែនសុខដែរ សូមចេញមុខមក​សារភាពកំហុសមក ប្រសិនបើដឹងខ្លួនខុស ហើយចាប់ដៃគ្នាធ្វើការតាមតួនាទីរៀងៗខ្លួនសាមគ្គីផ្ទៃក្នុង លើកម្ពស់តម្លៃអង្គភាព ឲ្យមានកិត្តិយសដណ្តើមស្នាដៃជូនជាតិមាតុភូមិ»

បើតាមមន្រ្តីនគរបាល ជាគោលការណ៍កងកម្លាំង ត្រូវមានវិន័យ​ មានសីលធម៌ សុជីវធម៌ ស្លូតបូត​តែម៉ឺងម៉ាត់ចំពោះបទបញ្ជាកងកម្លាំង​ ទើបការពារសន្តិសុខជូនប្រជាពលរដ្ឋបាន​៕