(ភ្នំពេញ)៖ សៀវភៅប្រវត្តិសាស្រ្ដខ្មែរ ដែលមានចំណងជើងថា The Khmer Republic ឬ «សាធារណរដ្ឋខ្មែរ» ដែលជាសម័យ​កាល​ដឹកនាំដោយ សេនាប្រមុខ លន់ នល់ របស់លោកសាស្រ្ដចារ្យបណ្ឌិត រស់ ច័ន្ទត្រាបុត្រ បណ្ឌិតសភាចារ្យ​ផ្នែកវិទ្យាសាស្រ្ដនយោលបាយ ដែលនិយាយពីប្រវត្តិសាស្រ្ដខ្មែរ កាលពីកំឡុងឆ្នាំ១៩៧០-១៩៧៥ បានប្រកាសចេញលក់ហើយ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ ជាភាសាអង់គ្លេស ខណៈភាសាខ្មែរនឹង ចេញលក់នៅចុងឆ្នាំ២០១៧។

ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន ស្ដីពីសៀវភៅប្រវត្តិសាស្រ្ដខ្មែរ The Khmer Republic នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ លោកសាស្រ្ដចារ្យបណ្ដិត រស់ ច័ន្ទត្រាបុត្រ បានឲ្យដឹងថា សៀវភៅប្រវត្តិសាស្រ្ដសាធារណរដ្ឋខ្មែរ​នេះត្រូវបានចង់ក្រងឡើង​នៅតាំងពី៣០ឆ្នាំមុនមកម្លេះ ដោយចង់ក្រងឡើងជាភាសាបារាំង ហើយបច្ចុប្បន្ននេះ ត្រូវបាននាយកវិទ្យាស្ថាន CamEd Businesses School លោក Cassey Banette បានចាប់អារម្មណ៍ថា សៀវភៅប្រវត្តិសាស្រ្ដនេះ និងបានយកទៅបកប្រែជាភា​សាអគ្លេស ដើម្បីផ្សព្វផ្សាយកាន់តែទូលំទូលាយបន្ថែមទៀត ក៏ដូចជាបន្ថែមឲ្យបងប្អូនខ្មែរ ចេះភាសាអគ្លេសបានច្រើន និងយល់ថាពីប្រវត្តិនៃសាធារណៈខ្មែរ កើតឡើងដូចម្ដេច និងបានស្លាប់ទៅវិញដូចម្ដេច។

លោកថា «សៀវភៅសាធារណរដ្ឋខ្មែរនេះ គឺបានផ្ដោតទៅលើការយល់ដឹង និងចងចាំរបស់ខ្ញុំផ្ទាល់ នៅក្នុងសម័យនោះ តែមិនមែន​មានន័យថា អាចគ្របសង្កត់ទៅលើប្រវត្តិសាស្រ្ដទាំងស្រុងនោះឡើយ ប៉ុន្ដែនេះគឺជាផ្នែកមួយដែលខ្ញុំបានដឹង និងបានស្គាល់ ហើយលើកយកមកនិយាយ។ អ្វីដែលជាប្រវត្តិសាស្រ្ដខ្មែរនេះ គឺមិនមាន​អ្នកណាម្នាក់ បានចង់ក្រងនោះឡើយ។ ខ្ញុំគឺជាអ្នកទី១ដែលបានចង់ក្រងសៀវភៅប្រវត្តិសាស្រ្ដនេះឡើង»។

លោកបានបញ្ជាក់ទៀតដែរថា សៀវភៅនេះ គឺជាប្រវត្តិសាស្រ្ដដែលផ្ដល់ប្រយោជន៍ ឬជាមេរៀនមួយ ដល់ប្រជាជនខ្មែរ​គ្រប់រូបបានយល់ បានដឹងពីបច្ចុប្បន្ន និងរឿងអតីតកាល ក៏ដូចជាផ្ដល់នូវដំបូន្មានដល់យើងថា តើកន្លែងណាខ្លះដែលយើងគួរជៀសវាង ដើម្បីកុំឲ្យ​ដើរលើផ្លូវដដែល។

ជាមួយគ្នានោះលោក  Cassey Banette បានថ្លែងឲ្យដឹងថា គោលបំណងដែលបណ្ដាលឲ្យ មានការបកប្រែសៀវភៅនេះ ជាភាសារខ្មែរព្រោះ ដើម្បីបម្រើដល់ប្រជាជនទូទៅទាំងអស់គ្នា បានយល់ដឹងពីប្រវត្តិសាស្រ្ដខ្មែរ កាន់តែច្បាស់ មិនថាប្រជាជនក្នុងប្រទេស ឬប្រជាជនក្រៅ​ប្រទេសនោះទេ។

លោកបានបន្ដទៀតថា «បច្ចុប្បន្ននេះ ឯកឧត្តម រស់ ច័ន្ទត្រាបុត្រ កំពុងតែបកប្រែសៀវភៅប្រវត្តិសាស្រ្ដនេះជាភាសាខ្មែរ ហើយខ្ញុំ​សង្ឃឹមថា ថ្ងៃក្រោយយើងនឹងមានសៀវភៅនេះ ជាភាសាខ្មែរ។ សព្វថ្ងៃនេះយើងបាន និងកំពុង ធ្វើការចែកចាយ​សៀវភៅនេះ (ភាសាអង់គ្លេស) លក់នៅ​តាមបណ្ណាគារមួយចំនួនរួចហើយ ព្រមទាំងធ្វើការលក់តាមបណ្ដាញ Online ផងដែរ រីឯតម្លៃវិញគឺថ្លៃ២៥ដុល្លា​រ ក្នុង​សៀវភៅមួយក្បាល»