(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចថា ករណីលោក ជុន ច័ន្ទបុត្រ បន្លំខ្លួនចូល ពន្ធនាគារ ត្រូវបានសម្តេចក្រឡាហោម ស​​ ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចឯកភាពតាមសំណើរបស់អគ្គនាយកដ្ឋានពន្ធនាគារ ហើយក្រសួងមហាផ្ទៃ នឹងកោះប្រជុំថ្នាក់ដឹកនាំជំនាញៗជាបន្ទាន់ ដើម្បីពិនិត្យឲ្យច្បាស់លាស់មុននឹងចាត់វិធានការ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានអះអាងទៀតថា សម្តេចក្រឡាហោម បានសម្រេចមិនឲ្យតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ ចុះសាកសួរសុខទុក្ខអ្នកជាប់ឃុំទៀតឡើយចាប់ពីពេលនេះតទៅ ក្រោយពីមានករណីបន្លំខ្លួនចូលពន្ធនាគារពីសំណាក់លោក ជុន ច័ន្ទបុត្រ ដោយមានការឃុបឃិតគ្នាជាមួយតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។

តាមការអះអាងរបស់មន្រ្តីនាយកដ្ឋានពន្ធនាគារបានឲ្យដឹងថា របាយការណ៍ និងឯកសារច្បាប់ដែលដាក់ទៅក្រសួងមហាផ្ទៃ រួមមានភ្ជាប់ជាមួយនឹងសំណើមួយចំនួន ដើម្បីដាក់ជូនសម្តេចក្រឡាហោម ស ខេង។ ដោយក្នុងនោះមានការស្នើកុំឱ្យ​តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ចុះសួរសុខទុក្ខសកម្មជន របស់ខ្លួនតទៅទៀត និងស្នើឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ មានចំណាត់ការផ្លូវច្បាប់មួយចំពោះករណីនេះ។

សូមបញ្ជាក់ថា កាលពីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី បាននាំលោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី មេវិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរ ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ចូលទៅ ពន្ធនាគារព្រៃស នាព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីចុះសួរសុខទុក្ខ សកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស៕