(ពោធិ៍សាត់)៖ ក្រុមមន្រ្តីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ បានចុះត្រួតពិនិត្យរកទំនិញខូចគុណភាព នៅផ្សារក្រវ៉ាញ ស្ថិតនៅឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយបានរកឃើញភេសជ្ជៈ និងទំនិញខូចគុណភាព ១៩៦គីឡូក្រាម និងបានដកហូតយកទៅកម្ទេចចោលផងដែរ។

លោក តូច ចៅកុយ ប្រធានសាខាខេត្តពោធិ៍សាត់ បានឲ្យដឹងថា ការចុះត្រួតពិនិត្យខាងលើនេះ មន្រ្តីរបស់លោកបានណែនាំដល់អាជីវករ ឲ្យចៀសវៀងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំអាជីវករឲ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ ទៅតាមប្រភេទទំនិញហូបចុក និងទំនិញ ប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ចៀសវៀងការដាក់តាំងលក់ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រេះស៊ី និងទំនិញដែលមានសារធាតុគីមីហាមឃាត់។

លោក តូច ចៅកុយ បន្ទាប់ពីការចុះត្រួតពិនិត្យនៅផ្សារក្រវ៉ាញរួចមក ក្រុមការងាររបស់លោកបានរកឃើញភេសជ្ជៈសាំម៉ូរ៉ៃ ២៤យួរ និងទឹកក្រូចហ្វាន់តា ៤កំប៉ុង និងទំនិញផ្សេងៗទៀត សរុបជាទម្ងន់ ១៩៦គីឡូក្រាម។ ទំនិញខូចគុណភាពទាំងនេះ ក្រុមការងារបានយកទៅរក្សាទុក រងចាំធ្វើការកម្ទេចចោល នៅថ្ងៃក្រោយ។

ក្រុមកាងារក៏បានចែក និងបិទផ្សាយរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹង ពីផលវិបាកដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

លោក តូច ចៅកុយ បានបញ្ជាក់ថា ក្រោមការណែនាំពីសំណាក់ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមផ្ទះ តាមទីផ្សារ ពិសេសទំនិញនាំចូលតាមមាត់ច្រកទ្វារព្រំដែន ដើម្បីចូលរួមចំណែកលើការការពារសុវត្ថិភាព ចំណីអាហារដល់ប្រជាពលរដ្ឋ៕