(ភ្នំពេញ)៖ ដោយមានការណែនាំ​ពីលោក ពេញ​ ​ធារម្យ​ ប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ នៅព្រឹកថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០១៧​​នេះ មន្ត្រីសាខាផែស្ងួតចុងទីភ្នំពេញ​ សហការជាមួយជាមន្រ្តីមន្ទីរ​ពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បានចុះត្រូតពិនិត្យទំនិញម្ហូបអាហារ​នៅផ្សារទួលស្វាយព្រៃ​ និងបណ្តាហាងស្តាម៉ាត ស្ថិតក្នុងខណ្ឌចំការមន។

ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង ដើម្បីស្វែងរកនូវសារធាតុគីមីហាមឃាត់ ដែលអាជីវករមួយចំនួនតូចបានប្រើប្រាស់​ ដែលជាកង្វល់របស់​ប្រជាពលរដ្ឋ​ ចំពោះសុវត្ថិភាពម្ហូបអា​ហារ​ ក្នុងនោះដែរ​មន្ដ្រីជំនាញបានដកយកគំរូ ទំនិញមួយចំនួន​បញ្ជូនមកមន្ទីរពិសោធន៍ នៅអគ្គនាយកកាំកុងត្រូល។​

ជាមួយគ្នានោះ មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានធ្វើការណែនាំក្រុមអាជីវករ​ ដាក់តាំងលក់ផលិតផលអោយត្រូវតាមលក្ខណៈបច្ចេកទេស​ ដោយញែកចេញពីគ្នារវាង គ្រឿងប្រើប្រាស់ដែលមានផ្ទុកសារធាតុ​ពុល និងម្ហូបអាហារ ហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ​  និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើម។​

មន្ត្រីដដែល​បញ្ជាក់​ថា​ ក្នុងប្រតិបត្តិការចុះពិនិត្យទំនិញនេះ​ មិនមានការដកហូតទំនិញអ្វីឡើយ​ ដោយសារការធ្វើពិនិត្យទៅលើ​ បង្គាស្រល់​ មឹក​ ត្រីងៀត​ បន្លែ​ គុយទាវក្រៀម​ មីស្រល់​ និងត្រីសាច់ផ្សេងៗ គ្មានការផ្ទុកនៅសារធាតុគីមី។ ​

បន្ថែមពីនេះ មន្ត្រីកាំកុងត្រូល បានអំពាវដល់ក្រុមអាជីវករទាំងអស់ ដែលលក់គ្រឿងបរិភោគស្រល់ៗ និងក្រៀម​ មេត្តាជួយពិនិត្យនៅគុណភាព ឲ្យបាន​ច្បាស់ចាំទិញយកមកលក់បន្ត ជូនបងប្អូនប្រជាពលរដ្ឋ​ប្រើប្រាស់​ ដើម្បីជៀសវាពីបញ្ហាប៉ះពាល់ដល់សុខភាព ដោយសារមានជាតិគីមីនៅក្នុងទំនិញ៕