(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ បានបន្តជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា មកពីតាមក្រសួងស្ថាប័នចំនួន៤ទៀត ដែលមានអ្នកចូលរួមសរុបជាង ៤ពាន់នាក់។

ពិធីសំណេះសំណាលនេះធ្វើឡើងមជ្ឈមណ្ឌពិព័រណ៍ និងសន្និបាតកោះពេជ្រ។ សមាជិក សមាជិកា ដែលជួប​សំណេះសំណាល​នាព្រឹកនេះមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងទេសចរណ៍, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង មជ្ឈមណ្ឌលកម្ចាត់មីន។

កិច្ចសំណេះសំណាលត្រូវបានគេដឹងថា ធ្វើឡើងដើម្បីបង្ហាញនូវការងារសំខាន់ៗមួយចំនួន ដើម្បីត្រៀមលក្ខណៈសម្បត្តិឆ្ពោះ​ទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ក៏ដូចជាការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៦ ឆ្នាំ២០១៨ផងដែរ។

សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច និងជាបក្សនយោបាយចាស់ទុំជាងគេនៅកម្ពុជានោះ បាននិងកំពុងបង្កើនសកម្មភាពយ៉ាងមមាញឹក ក្នុងទិសដៅដណ្តើមយកប្រៀបឈ្នះសម្រាប់ការបោះឆ្នោត ដែលកាន់តែខិតជិតមកដល់នេះ។

សម្តេចតេជោ ហ៊ុន សែន រួមនិងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បានចេញធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំនៅតាមមូលដ្ឋាន ក្រៅពីនោះកិច្ចសំណេះសំណាលជាមួយសមាជិក សមាជិកា មកពីតាមក្រសួងស្ថាប័ន ព្រមទាំងមន្រ្តីនៅតាមបណ្តាខេត្ត ត្រូវបានធ្វើឡើងជាបន្តបន្ទាប់។

រាល់កិច្ចសំណេះសំណាលទាំងនោះ សម្តេចតេជោ ហ៊ុន សែន តែងក្រើនរំលឹកដល់សមាជិក សមាជិកបក្សរបស់ខ្លួន ឲ្យប្រឹងប្រែងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ជាពិសេសមិនត្រូវធ្វើរឿងនាំដល់ការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋនោះឡើយ។

សូមបញ្ជាក់ថា នៅសល់រយៈពេលតែជាង១ខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ នឹងឈានចូលមកដល់ហើយ៕