(ភ្នំពេញ)៖ កញ្ញា លី មុនីនាថ ជាបងស្រីបង្កើតរបស់យុវតី ដែលបានស្លាប់ នៅតំបន់ Pub Street នឹងត្រូវបានគេស្គាល់ថា ជាតារាសម្តែង និងជាតារាម៉ូដែល បានរៀបរាប់រឿង នៅកន្លែងកើតហេតុ ដែលប្អូនស្រីរបស់គាត់ឆក់ខ្សែភ្លើងរហូតដល់ស្លាប់។

យោងតាម Facebook របស់ កញ្ញា លី មុនីនាថ បានរៀបរាប់ឲ្យដឹងថា៖ «នាងខ្ញុំឈ្មោះលី មុនីនាថ សុំជំនួសមុខគ្រួសារនាងខ្ញុំ​ទាំងមូលនៃរឿងរ៉ាវពាក់​ព័ន្ធ នៃការមរណៈភាពប្អូនស្រីនាងខ្ញុំឈ្មោះ លី មុនីរដ្ឋានី ដែលមានព័ត៌មានខ្លះមានការភ័ន្តច្រឡំ ការស្លាប់ដោយសារតែគិតថា ប្អូនស្រីនាងខ្ញុំបានទៅរត់​ប្រឡែងប៉ាតម្សៅគ្នា ជាមួយក្មេងស្ទាវៗ នឹងបានទៅរត់ជាន់ខ្សែរភ្លើងក្នុងវ័យអាយុ១៤ ឆ្នាំទើបធ្វើឲប្អូននាងខ្ញុំបាត់បង់ជីវិត។

នាងខ្ញុំសុំចេញសារមួយបកស្រាយចំពោះមរណភាពរបស់ប្អូនស្រី នាងខ្ញុំឈ្មោះ លី មុនីរដ្ឋានី ទៅដល់បងប្អូនទាំងនៅក្នុងបណ្តាញសង្គម FB ឲ្យបានដឹងនឹងជ្រាបច្បាស់ នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ជាយប់ថ្ងៃចូលឆ្នាំបង្ហើយខ្ញុំ និងប្អូនស្រីនាងខ្ញុំរួមទាំងមិត្តភក្តិខ្ញុំចំនួន៧នាក់ទៀត បានទៅលេងកំសាន្តនៅតំបន់ Pub Street ហើយពួកខ្ញុំបានឈរលេងបាញ់ទឹកជាមួយគ្នា នៅមុខហាងមួយកន្លែងមានឈ្មោះថា អង្គរហ៊ើប និង ផ្ទះម៉ាស្សា Baray Spa ពួកខ្ញុំលេងរហូតដល់វេលា ម៉ោង១១៖៤០នាទី យប់ ដោយសារតែលេងហត់ ហើយឃ្លានផង ក៏បានហៅដំឡូងបំពងមួយចាន មកញាំជាមួយគ្នា នឹងត្រៀមរៀបចំទៅផ្ទះទៅហើយ ប៉ុន្តែដោយចៃដន្យប្អូននាងខ្ញុំបានទៅច្រត់ដៃ ទៅលើបង្គោលដែកតូចមួយ ដែលនៅចន្លោះកណ្តាលនៃហាងទាំងពីរនោះ (អង្គរហ៊ើប និងផ្ទះម៉ាស្សា Baray Spa) តែភ្លាមៗនោះខ្ញំបានឃើញប្អូនស្រីខ្ញុំឆក់ រួចខ្ញុំក៏ស្ទុះទៅជួយក៏ឆក់ រួមទាំងខ្ញុំផងដែរ ហើយពេលនោះមានមិត្តភកិ្តប្រុសម្នាក់ មកជួយទាញសង្រ្គោះខ្ញុំ នឹងប្អូនស្រីខ្ញុំ រួចគេក៏ចាប់បីប្អូនខ្ញុំសង្រ្គោះបឋម ហើយក៏ឃើញ មិនស្រួល មិត្តភក្តិខ្ញុំទាំងអស់ បានជួយនឹងចាប់បីប្អូនខ្ញុំរត់យកទៅពេទ្យបង្អែកខេត្តសៀមរាប ខ្ញុំនឹងមិត្តខ្ញុំខ្លះបានស្រែកទៅជួយវែកសុំផ្លូវដើម្បី យកប្អូនទៅពេទ្យសង្រ្គោះបន្ទាន់ នៅពេទ្យបង្អែកខេត្តសៀមរាម ហើយខ្ញុំក៏ទូរសព្ទ័ទៅបងស្រីបង្កើត ដែលមកលេងនៅសៀមរាប ជាមួយមិត្តគាត់ដែល ប៉ុន្តែដោយអកុសលប្អូនខ្ញុំបានផុតទៅហើយ ដោយសារតែបងស្រី បង្កើតខ្ញុំមិនអស់ចិត្ត ក៏បានបញ្ចូនទៅមន្ទីពេទ្យរ៉ូយ៉ាល់អង្គរបន្តទៀត ប៉ុន្តែនៅតែមិនអាចជួយប្អូនបាន»។

កញ្ញា លី មុនីនាថ បានបន្ថែមទៀតថា «ជាអកុសលខ្លាំងមែនទែននៅក្នុងឆាកជីវិតនាងខ្ញុំ ដោយនាងខ្ញុំនេះជាបងស្រី មិនអាចជួយប្អូនសោះ ប្អូនខ្ញុំទើបតែមានអាយុ១៣ឆ្នាំ នឹងឈានទើបតែចូល ១៤ឆ្នាំ បានប៉ុន្មានថ្ងៃនេះទេមិនគួរណាប្អូន កើតរឿងបែបនេះសោះ»

តារាសម្តែង និងជាតារាម៉ូដែលរូបនេះ ព្រមទាំងក្រុមគ្រួសារទាំងមូល បានសំណូមពរដល់សមត្ថកិច្ច ជួយរកយុត្តិធម៌ ឲប្អូនស្រីរបស់កញ្ញា និងសំណូមពរដល់សារព័ត៌មាន ទាំងអស់ ឈប់ចេញផ្សាយព័ត៌មានមិនពិតទៀត។ កញ្ញា បានបន្តថា ពេលនេះក្រុមគ្រួសារកញ្ញា ទាំងមូលកំពុងតែមានទុក្ខធំជាទម្ងន់ សុំមេត្តាពុកម៉ែបងប្អូនព្រមទាំង មិត្តភក្តិទាំងអស់ សុំចូលរួមរំលែកទុក្ខដល់ប្អូនស្រីកញ្ញា។ បច្ចុប្បន្ននេះ សពកំពុងតែតង្កល់ធ្វើបុណ្យ នៅគេហដ្ឋាន ភូមិមុខខេត្ត សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ទាក់ទងករណីនេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី១៨ ខែមេសានេះ បាននាំខ្លួនម្ចាស់ហាង បារាយណ៍ស្ប៉ា ទៅតុលាការ បន្ទាប់ពីធ្វើការស្រាវជ្រាវ ករណីយុវតីម្នាក់បានស្លាប់ ដោយសារឆក់ខ្សែភ្លើង នៅក្នុងតំបន់កម្សាន្ត Pub Street ហើយរកឃើញថា ម្ចាស់ហាងម៉ាស្សាខាងលើ បានធ្វេសប្រហែសធ្ងន់ធ្ងរ ដោយបានរាយខ្សែភ្លើងមិនត្រឹមត្រូវ ទើបបណ្តាលឲ្យមានករណីឆក់យុវតីម្នាក់នោះស្លាប់។

នៅល្ងាចថ្ងៃទី១៨ ខែមេសានេះ សាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួន ស្ត្រីម្ចាស់ហាង បារាយណ៍ស្ប៉ា ស្ថិតក្នុងតំបន់កម្សាន្ត Pub Street ក្រុងសៀមរាប បន្ទាប់ពីធ្វេសប្រហែសរាយខ្សែភ្លើង បណ្តាលឲ្យឆក់យុវតីម្នាក់ស្លាប់ នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ដែលជាយប់ចុងក្រោយ នៃពិធីបុណ្យចូលឆ្នាំថ្មី៕