(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម កំពុងដំណើរការសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០១៦ និងលើក ទិសដៅអនុវត្តការងារឆ្នាំ២០១៧ របស់ខ្លួន រយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយប្រារព្ធពិធីបើក ក្រោមវត្តមាន​របស់លោក ជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាង​សម្តេច​តេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ចូលរួមក្នុងអង្គសន្និបាត រួមមានលោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅថ្នាក់កណ្តាល និងមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រួមទាំង អង្គភាពរដ្ឋាករទឹក រាជធានី-ខេត្ត។ លើសពីនេះទៀត ក៏មានការអញ្ជើញចូលរួម​ពីសំណាក់តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ អង្គការ សមាគម និងវិស័យឯកជនមួយចំនួន សរុបទាំងអស់មានចំនួន ៣៥០នាក់។

អង្គសន្និបាត បាន​និងកំពុងធ្វើការពិភាក្សា​លើកិច្ចការសំខាន់ៗមួយចំនួន ដែលធ្វើបទអន្តរាគមន៍​ដោយតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ អង្គការ សមាគម និងវិស័យឯកជនមួយចំនួន រួមជាមួយបទអន្តរាគមន៍របស់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី-ខេត្ត ទាំង២៥ ដោយមានការចូលរួមមតិ​របស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន វិទ្យាស្ថាន មជ្ឈមណ្ឌល អគ្គាធិការស្ថាន ក្រោមឱវាទក្រសួង ផងដែរ។

ប្រការគួរឲ្យកត់សម្គាល់ សន្និបាតរយៈពេលបួនថ្ងៃនេះ នឹងផ្តោតការពិភាក្សាលើចំណុច ជាគន្លឹះសំខាន់មួយ ចំនួនដូចខាងក្រោម៖
១-ការបន្តចូលរួមកំណែទម្រង់ស៊ីជម្រៅ ជាពិសេសលើកំណែទម្រង់ច្បាប់ បទដ្ឋានគតិយុត្ត កំណែទម្រង់រដ្ឋបាលសាធារណៈ ការលើកកម្ពស់អភិបាលកិច្ចល្អ និងការប្រយុទ្ធប្រឆាំង​អំពើពុករលួយ។
២-ធ្វើឲ្យប្រសើរឡើងបរិយាកាសធុរកិច្ច នៃការចុះបញ្ជីអនុញ្ញាតបង្កើតរោងចក្រ និងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម និងសេវាកម្ម តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម នៅការិយាល័យច្រក-ចេញចូលតែមួយ និងរៀបចំការ ផ្តល់សេវាមានលក្ខណៈ​ស្តង់ដារ ដោយមានកំណត់ពេល​វេលាប្រតិបត្តិការ និងកម្រៃសេវាដែលត្រូវបង់​ឲ្យបានច្បាស់លាស់ ។

៣-រៀបចំកំណត់និយមន័យសហគ្រាសធុនតូចនិងមធ្យម  និងពិនិត្យកែសម្រួលនីតិវីធិនៃការផ្តល់អាជ្ញាប័ណ្ណ និងវិញ្ញាបនបត្រ ដែលមានលក្ខណះស្មុគស្មាញ និងកែសម្រួលឲដល់កម្រិតអប្បបរមា​ នូវរាល់នីតិវិធី និងការត្រួតពិនិត្យដែលចាំបាច់ មិនស្ទួនគ្នា។
៤-ការធ្វើពិពិធកម្មឧស្សាហកម្ម និងការគាំទ្រដល់ការពង្រីកសមត្ថ​ភាពប្រកួតប្រជែង និងការបង្កើន ផលិតភាពរបស់រោងចក្រ សហគ្រាស សិប្បកម្ម ជាពិសេសការចូលរួមយ៉ាងសកម្ម ក្នុងការដឹកនាំអនុវត្តផែនការសកម្មភាព និងសូចនាករ ដែលកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា។
៥-ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យកម្មសិទ្ធិឧស្សាហកម្ម វាយតម្លៃទទួលស្គាល់ ស្តង់ដារ និងមាត្រាសាស្ត្រ ដោយប្រើប្រាស់ឧត្តមភាពបច្ចេកវិទ្យារបស់ដៃគូសហប្រតិបត្តិការ ទាញយកអត្ថប្រយោជន៍ឪ្យអស់លទ្ធភាព និងការផ្ទេរបច្ចេកវិទ្យា តាមរយៈកិច្ចសហប្រតិបត្តិការនានា។

៦-ពិនិត្យ និងដាក់ចេញជាវិធានការគន្លឹះ​បន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈម​នឹងការខ្វះប្រភពទឹក សម្រាប់ផលិត និងផ្គត់ផ្គង់ទឹកស្អាត ផ្តើមពីការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធនានា ទាំង​ផ្នែករដ្ឋ និង ឯកជន តាមរយៈការបង្កើតយន្តការ​សហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព ជាមួយភាគីពាក់ព័ន្ធនានា មានជាអាទិ៍ អាជ្ញាធរដែនដី ក្រសួងធនធានទឹក និងឧត្តុនិយម ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្នុងគោលបំណងធានា នូវសមធម៌ក្នុងការ​ប្រើប្រាស់ប្រភពទឹក ប្រសិទ្ធភាពសេដ្ឋកិច្ចរបស់​គម្រោងផ្គត់ផ្គង់ទឹកស្អាត  និងការកាត់បន្ថយការបាត់បង់​ផល​ប្រយោជន៍សេដ្ឋកិច្ច។ បញ្ហាមួយទៀត គឺការគិតគូរពិចារណា​រិះរកលទ្ធភាពពង្រីកបណ្តាញទឹកស្អាត ទៅតំបន់មានសក្តានុពលនៃប៉ូលសេដ្ឋកិច្ច ដូចជានៅតាមរបៀងសេដ្ឋកិច្ច និងតំបន់ឧស្សាហកម្មដទៃទៀត ឧទាហរណ៍តំបន់ជាយរាជធានីភ្នំពេញ តំបន់រណបនៅខេត្តស្វាយរៀង និងភូមិសាស្ត្រខេត្តកំពត កែប​ ជាដើម។ គិតគូររករូបមន្តសមស្រប ដើម្បីអនុវត្តគោល​នយោបាយ ថ្លៃលក់ទឹកស្អាតមួយសមរម្យ ដែលអាចទទួលយកបាន ទាំងសម្រាប់អ្នកផ្គត់ផ្គងទឹក និងប្រជាពលរដ្ឋ ដោយឈរលើទិសស្លោក «ផ្គត់ផ្គង់ទឹកប្រកបដោយ​សុវត្តិភាព គុណភាព និរន្ដរភាព និងតម្លៃសមរម្យ»។​

៧-ពិភាក្សា​ ផ្លាស់ប្តូរយោបល់បន្ថែមទៀត ស្វែងរកមធ្យោបាយ និង​លទ្ធភាពគ្រប់បែបយ៉ាង ដែលអាចជួយទ្រទ្រង់ ថែរក្សាការពារដល់មូលដ្ឋានផលិតអំបិល ក្នុងពេលដែលកំពុងប្រឈមនឹង ការប្រកួតប្រជែងជាមួយផលិតផលអំបិល​នាំចូលពីខាងក្រៅ ដោយចាត់ទុកថានេះជាកិច្ចការចម្បងមួយ ដែលក្រសួងឧស្សាហកម្ម និងសិប្បកម្មត្រូវខិតខិជម្នះធ្វើ ដើម្បីរក្សាបានផលិតផលអំបិលសម្រាប់​ផ្គត់ផ្គង់ក្នុងស្រុក ដែលជាមរតករបស់ដូនតាខ្មែរយើង​ជាយូរលង់មកហើយ។
៨-កំណត់ឡើងវិញ នូវប្រភេទមុខងារ​ និងមុខងាររងជាក់លាក់មួយចំនួន ដែលក្រសួងអាចធ្វើការផ្ទេរជូន រដ្ឋបាលថ្នាក់ក្រោមជាតិ ឬធ្វើប្រតិភូកម្មជូនដល់មន្ទីរ​ឧស្សាហកម្ម និងសិប្បកម្មរាជធានី-ខេត្ត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ។

​សម្រាប់កម្មវិធីចុងក្រោយ នៃអង្គសន្និបាត ក៏មានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងនៅថ្នាក់​កណ្តាល និងមន្ទីររាជធានី-ខេត្ត ផងដែរ៕