(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំក្នុងពិធីបូជាសព កុមារី លី មុនីរដ្ឋានី អាយុ១៤ឆ្នាំ​ដែលបានទទួលមរណភាព កាលពីវេលាម៉ោង​១២:១០នាទីរំលងអធ្រាត្រ ថ្ងៃទី១៧​ ខែមេសា​ឆ្នាំ២០១៧ ដោយសារខ្សែភ្លើងឆក់នៅតំបន់កម្សាន្តផាប់ស្រ្ទីត​ (Pub Street) ខេត្តសៀមរាប ហើយបច្ចុប្បន្ន សពតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន​ស្ថិតនៅផ្ទះលេខ៧​ ភូមិមុខខេត្ត​សង្កាត់រការធំ​ក្រុងច្បារមន​ខេត្តកំពង់ស្ពឺ។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកវេជ្ជ.​អ៊ុយ​សំអាត​នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃកាកបាទក្រហមកម្ពុជា​បានផ្តាំផ្ញើនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំ និងក្ដីអាណិតអាសូរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយក្រុមគ្រួសារសព​កុមារី លី​​ មុនីរដ្ឋានី​ ដែលបានបាត់បង់​កូនស្រី​ប្អូនស្រី​និងសាច់ញាតិ ជាទីស្រឡាញ់ទាំងនៅក្មេងខ្ចី​ និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ កុមារី លី​ មុនីរដ្ឋានី​បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានោះ កាកបាទក្រហមកម្ពុជា​បានចូលបុណ្យនូវ​៖​ អង្ករ១០០គីឡូក្រាម មី៥កេស ត្រីខ៥០កំប៉ុង ទឹកក្រូច៥កេស និងបច្ច័យចំនួន៥លានរៀល៕