(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី១៨ ខែមេសានេះ បានស្នើឲ្យរោងចក្រ សហគ្រាសធុនតូច និងមធ្យម ត្រូវចូលរួមគោរពតាមបទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវ។   

ស្នើរបស់ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ធ្វើឡើងក្នុងឱកាសដែល លោកស្រីអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារ២០១៧ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាល ទីស្ដីការក្រសួងមានទំហំ ២១ម៉ែត្រគុណ៣២ម៉ែត្រ កម្ពស់៩ជាន់ ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧។

លោកស្រីបានបញ្ជាក់ថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម  រួមទាំងសមត្ថកិច្ច និងថ្នាក់ក្រោមជាតិ ដែលមានការពាក់ព័ន្ធ ត្រូវបន្ដសហការគ្នាពង្រឹងបន្ថែមទៀត ការធ្វើអធិការកិច្ចរោងចក្រ សហគ្រាស និងចាត់វិធានការដោះស្រាយ ទប់ស្កាត់ បាតុភាព ដែលបានកើតឡើងមួយរយៈចុងក្រោយនេះ ចំពោះករណីពុលចំណីអាហារ ដោយសារតែការធ្វេសប្រហែស ឬរំលោភបំពានច្បាប់ ។

លោកស្រីបានបន្តទៀតថា ក្រសួងត្រូវបន្ដគាំទ្រ ដល់វិស័យឯកជន លើការងារបង្កើនផលិតភាព ការបង្កើតទំនាក់ទំនង ផ្សារភ្ជាប់គ្នាជាប្រព័ន្ធ រវាងអ្នកផលិត អ្នកផ្គត់ផ្គង់និងប្រភពទីផ្សារ។ ជាពិសេស ត្រូវបន្ដសហការជាដៃគូល្អជាមួយអង្កការ ប្រកាសនីយបត្រតក្កកម្មអឺរុប និងប្រទេសមួយចំនួនទៀត ដែលមានកិច្ចសហប្រត្ដិបត្ដិការជាមួយគ្នា។

ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាក់ថា វិស័យឧស្សាហកម្ម នៅតែជាវិស័យអាទិភាព ដែលបានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការបន្ដ រក្សាកំណើនសេដ្ឋកិច្ច ខ្ពស់។ ជាក់ស្ដែងក្នុងឆ្នាំ ២០១៦ កំណើនសេដ្ឋកិច្ចជាតិ នៅតែរក្សាបានកំណើនក្នុងរង្វង់៧% បន្ដទៀត ដែលក្នុងនោះ វិស័យឧស្សាហកម្ម មានកំណើន១១,៤% និងបានចូលរួមចំណែកតាមការប៉ាន់ស្មាន គឺមានប្រមាណជាង២៩,៥% នៃផលិតផលសរុប ក្នុងស្រុក ដោយតែអនុវត្ដវិស័យ កម្មន្ដសាល មានការរីកចម្រើនលូតលាស់ខ្លាំងជាងគេ ខណៈរចនាសម្ព័ន្ធឧស្សាហកម្ម បាននិងកំពុងអភិវឌ្ឍន៏ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាកម្មប្រើប្រាស់ជំនាញ និងប្រែក្លាយខ្សែសង្វាក់ តម្លៃ និងខ្សែសង្វាក់ផលិតកម្ម មានលក្ខណៈសាមញ្ញ ទៅជាខ្សែសង្វាក់ផលិតកម្មមានតម្លៃបន្ថែមខ្ពស់៕