(ភ្នំពេញ)៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០១៧នេះភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលចេញដើរកម្សាន្តនៅទូទាំងប្រទេស មានចំនួនជាង៤លាននាក់ ដោយបានចំណាយលុយអស់​ប្រមាណ២០០លានដុល្លារអាមេរិក នេះបើតាមលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះ។

លោករដ្ឋមន្រ្តីបានថ្លែងយ៉ាងដូច្នេះថា «ឱកាសចូលឆ្នាំខ្មែរនេះ ភ្ញៀវទេសចរដែលបានដើរកម្សាន្តទូទាំងប្រទេសមានចំនួន ៤,១៨៩,៧៥១នាក់ កើន៣៣.៦% និងទេសចរអន្តរជាតិ ៦៥,៦៩៤នាក់ កើន៦.៦% ចំណាយលុយអស់ប្រមាណ ២០០លានដុល្លារអាមេរិក»។

បើតាមក្រសួងទេសចរណ៍ ភ្ញៀវទេសចរដែលចេញទស្សនានៅទូទាំងប្រទេស រួមមាន៖

* រាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ១៤៥,០០៣នាក់។
* ខេត្តសៀមរាប និងខេត្តជុំវិញ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ១,៨៧៤,៦២៧នាក់។
* ខេត្តជាប់សមុទ្រ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ៣៨៩,០៥២នាក់។
* ខេត្តភាគខាងជើង ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ២៤០,២២៩នាក់។
* ខេត្តបាត់ដំបង និងខេត្តជុំវិញ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ៥៣៦,២៩១នាក់។
* ខេត្តផ្សេងទៀតទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ១,០៧០,២៤៣នាក់៕