(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចុះត្រួតពិនិត្យផ្ទាល់នៃការប្រឡងវគ្គ NBC–FSI Connect​​ លើកទី១៣ របស់សិក្ខាកាមចំនួន៧៥រូប ដោយក្នុងនោះមានសិក្ខាកាមប្រឡងកម្រិតបឋម ចំនួន៦៩រូប និងកំរិតមធ្យមចំនួន៦រូប នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះ។

វគ្គ Financial Stability Institute របស់ធនាគារជាតិនៃកម្ពុជា (NBC-FSI Connect) ជាវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធ Online ផ្នែកត្រួតពិនិត្យធនាគារ ដែលត្រូវបានបង្កើតឡើងក្រោម ការផ្តួចផ្តើមរបស់ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដើម្បីកសាងសមត្ថភាពធនធានមនុស្សនៅធនាគារជាតិនៃកម្ពុជា បន្ថែមលើកម្មវិធីបណ្តុះបណ្តាលផ្ទៃក្នុងដែលមានស្រាប់ ជាពិសេស ដើម្បីឯកទេសកម្មខាងត្រួតពិនិត្យធនាគារ និងឆ្លើយតបទៅតាមការប្រែប្រួល នៃនិម្មាបនកម្មហិរញ្ញវត្ថុ និងនិយាមអន្តរជាតិ អំពីការត្រួតពិនិត្យធនាគារ ។

វគ្គ NBC-FSI Connect នេះ តម្រូវឱ្យសិក្ខាកាមសិក្សាតាមប្រព័ន្ធ Online និងត្រូវបានបែងចែកជាបីកម្រិតគឺ កម្រិតបឋម កម្រិតមធ្យម និងកម្រិតខ្ពស់ សម្រាប់រយៈពេលសិក្សាប្រមាណជាង ៣ឆ្នាំ ហើយនៅខែមិថុនា ឆ្នាំ២០១៦នេះ ធនាគារជាតិនៃកម្ពុជា បានទិញសិទ្ធិសិក្សាជូនមន្ត្រីបុគ្គលិកសរុបប្រមាណ ២៣៧ រូប និងដាក់ឱ្យដំណើរការសិក្សា និងបានរៀបចំឱ្យប្រឡងជាផ្លូវការជាបន្តបន្ទាប់ ។

ដើម្បីធានាគុណភាពសិក្សា គណៈកម្មការគ្រប់គ្រងវគ្គត្រូវបានបង្កើតឡើង សម្រាប់គ្រប់គ្រងការសិក្សារបស់សិក្ខាកាមវគ្គនេះ ដែលមានការគាំទ្រដោយផ្ទាល់របស់ថ្នាក់ដឹកនាំ សិក្ខាកាមទាំងអស់ត្រូវបានតម្រូវឱ្យប្រឡងជាផ្លូវការចំពោះមុខគណៈកម្មការគ្រប់គ្រងវគ្គ ក្រោមការត្រួតពិនិត្យដោយផ្ទាល់របស់ លោកទេសាភិបាល រាល់ពេលបញ្ចប់មុខវិជ្ជានីមួយៗរហូតដល់ពេលបញ្ចប់
កម្រិតទាំងបី ។

សូមបញ្ជាក់ថា វគ្គនេះបានរៀបចំឡើងដោយវិទ្យាស្ថានស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ នៃធនាគារសម្រាប់ការទូទាត់អន្តរជាតិ (Bank for International Settlement - BIS) ដែលមាន ស្នាក់ការកណ្តាលនៅប្រទេសស្វ៊ីស ។ បច្ចុប្បន្ននេះ ធនាគារកណ្តាល និងស្ថាប័នហិរញ្ញវត្ថុ សាធារណៈជាង ៣០០ នៅលើពិភពលោក បានទិញសិទ្ធិសិក្សាជូនមន្ត្រីខ្លួនដើម្បីលើកកម្ពស់ គុណវុឌ្ឍិផ្នែកត្រួតពិនិត្យធនាគារ ហើយមានសិក្ខាកាមសរុបចំនួន ជាង ១០០០០នាក់ កំពុងសិក្សា៕