(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នីមួយៗ បានចាប់ផ្ដើមចុះចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត​ជាផ្លូវការជូន​ប្រជាពលរដ្ឋនៅទូទាំងប្រទេស រយៈពេល១ខែ ចាប់ពីថ្ងៃទី១៧ ខែមេសា ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ដើម្បីផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋ ផ្ទៀងផ្ទាត់ឈ្មោះរបស់ខ្លួនក្នុងបណ្ណព័ត៌មាននេះ ថាតើមានឬក៏អត់ ត្រឹមត្រូវឬក៏អត់?

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ថ្លែងយ៉ាងដូច្នេះថា «ចំនួនឈ្មោះប្រជាពលរដ្ឋក្នុងបណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ គឺស្មើនឹងចំនួនឈ្មោះប្រជាពលរដ្ឋ ដែលបានចុះក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦ ផ្លូវការរួចហើយ»

លោកថា ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ ធ្វើឡើងចំនួន២វគ្គ៖
វគ្គទី១៖ ចាប់ពីថ្ងៃទី១៧ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នីមួយៗ ដើរចែកជូនប្រជាពលរដ្ឋពលរដ្ឋដល់ខ្នងផ្ទះផ្ទាល់។
វគ្គទី២៖ ចាប់ពីថ្ងៃទី១៧ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ បណ្ណព័ត៌មានអ្នកបោះឆ្នោត នឹងត្រូវប្រមូលយកទៅរក្សាទុកនៅសាលាឃុំ-សង្កាត់ ចំណែកប្រជាពលរដ្ឋដែលមិនទាន់ទទួលបានបណ្ណព័ត៌មាននេះ អាចទៅយកដោយខ្លួនឯងនៅសាលាឃុំ-សង្កាត់ ដែលខ្លួនចុះឈ្មោះបោះឆ្នោត។

ទោះយ៉ាងណា បណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ មិនអាចកាន់ជំនួសអត្តសញ្ញាណបណ្ណ យកទៅបោះឆ្នោតបានទេ ប៉ុន្តែវាប្រើសម្រាប់ឲ្យប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោត ឲ្យគាត់ត្រៀមលក្ខណៈឲ្យគាត់បានដឹងអំពី លេខរៀង លេខកូដ ទីកន្លែងការិយាល័យបោះឆ្នោតជាដើម ហើយត្រូវកាន់បណ្ណព័ត៌មាននេះ ទៅជាមួយអត្តសញ្ញាណបណ្ណ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ដើម្បីងាយស្រួលឲ្យមន្រ្តីក្នុងការិយាល័យបោះឆ្នោត ផ្ទៀងផ្ទាត់រកឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋ។

សូមជម្រាបថា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងភ្នាក់ងារចែកបណ្ណព័ត៌មានអ្នកព័ត៌មានអ្នកបោះឆ្នោត ត្រូវធ្វើរបាយការណ៍ជាប្រចាំថ្ងៃមក គ.ជ.ប វិញ តាមឋានានុក្រមការងារ។ សម្រាប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ម្សិលមិញ ការចុះចែកបណ្ណព័ត៌មាននេះ បានចំនួន ៧.៣៥% ហើយ៕