(សៀមរាប)៖ កម្លាំងអធិការនគរបាលស្រុកពួក ខេត្តសៀមរាប បានចុះស្រាវជ្រាវឃាត់ខ្លួនជនដៃដល់ម្នាក់ បន្ទាប់ពីបានវាយសម្លាប់បងស្រីបង្កើតរបស់ខ្លួន ខណៈមានទំនាស់ពាក្យសំដីតិចតួច យកចបជីក វាយបណ្តាលឱ្យបែកក្បាល និងបែកមុខហូរឈាម ស្លាប់ភ្លាមមួយរំពេច រួចរត់ចូលព្រៃ តែឈាមស្រែកស្បែកហៅ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅតុលាការ។

យោងតាមមន្ត្រីនគរបាលស្រុកពួក បានឲ្យដឹងថា ហេតុការណ៍ឃាត់ខ្លួនជនដៃដល់នេះ ធ្វើឡើងនៅវេលាម៉ោង២១៖៣០នាទី យប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

នគរបាលដដែល បានបន្តថា ជនសង្ស័យឈ្មោះ ក្តឹប សុផល ហៅខុញ អាយុ៣២ឆ្នាំ ទីលំនៅភូមិ-ឃុំកើត ហេតុខាងលើ បានយកចបជីក វាយទៅលើជនរងគ្រោះ ដែលត្រូវជាបងបង្កើត ឈ្មោះ ក្តឹប ផល្លា អាយុ៤៣ឆ្នាំ រស់នៅជាមួយគ្នា ។

ប្រភពដដែល បានបញ្ជាក់ថា មូលហេតុដែលនាំ ឲ្យឈានដល់អំពើឃាតកម្មនេះ គឺបណ្ដាលមកពីទំនាស់ពាក្យសំដី ហើយក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់ចូលព្រៃ ។ លុះដល់ម៉ោង៤ទៀបភ្លឺ ជនសង្ស័យ បានចេញពីព្រៃមកផ្ទះវិញ ត្រូវនគរបាលស្រុកពួកឃាត់ខ្លួនភ្លាមៗ ។

នៅថ្ងៃទី១៨ ខែមេសានេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូង ខេត្តសៀមរាប  ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕