(កណ្តាល)៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាល និងជា ប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកកណ្តាលស្ទឹង បានថ្លែងឲ្យដឹងថា ទោះចាយក្នុងតម្លៃណាក៍ដោយ យើងទាំងអស់គ្នា ដាច់ខាតត្រូវការពារសន្តិភាព ឲ្យបានទាក់ទិន ទៅនឹងការដណ្តើមប្រៀបឈ្នះ លើការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណតិទី៤ ដែលនឹងប្រព្រឹតទៅ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។

លោកឧត្តមសេនីយ៍ បានលើកឡើងថា ចាញ់ឬឈ្នះ គឺអាស្រ័យលើបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់  និង មន្ត្រីក្រុមប្រឹក្សា ឃុំសង្កាត់ អជ្ញាធរមូលដ្ឋាន ត្រូវធ្វើតែអំពើល្អ បំពេញតួនាទី​ភារកិច្ច​របស់ខ្លួន យកចិត្តទុកដាក់បំរើសេវាសាធារណៈ ការពារ បំរើផលប្រយោជន៍ប្រជាជន ហើយត្រូវផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស រាជរដ្ឋាភិបាល ពិសេសពន្យល់ ​ណែនាំ ដល់ប្រជាជនយល់ដឹងថាមីក្រូហិរញ្ញវត្ថុ គឺជារបស់ឯកជន មិនមែនជារបស់រដ្ឋ​នោះ​ទេ។

បន្ថែមពីលើនេះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានថ្លែងកោតសរសើដល់មន្ត្រីក្រុមប្រឹក្សាឃុំ កងកម្លាំងប្រដាប់អាវុធ ទាំងអស់ ដែលបាន យកចិត្តទុកដាក់ខិតខំ អស់កម្លាំងកាយចិត្តបម្រើ ប្រជាជនកន្លងមកនេះ។

នាយឧត្តមសេនីយ៍ បានបន្តថា ក្រុមប្រឹក្សាឃុំ អាជ្ញាធរដែនដី និងយុវជន មានតួនាទី និងភារកិច្ចសំខាន់ក្នុងការផ្សព្វផ្សាយពី​គោល​នយោ​បាយរបស់គណបក្ស​ប្រជាជន​កម្ពុជា និងរាជរដ្ឋាភិបាលដល់ស្រទាប់​មហាជន ប្រជាជន ​ដើម្បីចូលរួមក្នុង ការកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីចម្រើនលូតលាស់លើគ្រប់វិស័យ។  

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានលើកឡើងដូចនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយ​បេក្ខជនក្រុម​ប្រឹក្សា​​​ឃុំ​ទាំង១៨ឃុំ នៅទូទាំងស្រុកកណ្តាលស្ទឹង ប្រមាណជាង៧០៥នាក់ ។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបន្ត​ថា ​ កន្លងមកនេះ គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិ​បាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខព្រមទាំងការងារទាំងអស់ បានយកចិត្តទុកដាក់កសាងនូវសមិទ្ធផលនានាជាច្រើន​នៅពាសពេញ​ផ្ទៃប្រទេស ក្នុងគោលបំណងតែមួយគត់ គឺដើម្បីបំរើផលប្រយោជន៍របស់ប្រជាពលរដ្ឋ​កម្ពុជា​​រស​នៅប្រកប ដោយសុខដុមរមនា។

ក្នុងឱកាសឆ្នាំថ្មី ឆ្នាំរកា សព្វស័ក ព.ស ២៥៦១ ទេវតា ព្រះនាម កិមិរាទេវី នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ជូនពរ ក្រុមប្រឹក្សាឃុំ និងក្រុមការងារគណៈពង្រឹងទាំងអស់ ឆ្នាំថ្មី មានសុខភាពល្អ កម ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត និងជួបនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៍បានរៀបចំពិសារបាយសាគ្គី និង ឧបត្ថម្ភថវិកា ជូនក្រុមប្រឹក្សាឃុំ ទូទាំងស្រុកកណ្តាលស្ទឹង ប្រមាណជាង៧០០នាក់ផងដែរ៕