(ភ្នំពេញ)៖ ក្រុមហ៊ុន Express Food Group  គ្រោងនឹងបើកភោគជនីយដ្ឋាន Bar B Q Plaza ដែលមានស្លាកយីហោដ៏មាន
ប្រជាប្រិយបំផុតមកពីប្រទេសថៃចំនួន ១០សាខានៅកម្ពុជា ក្នុងឆ្នាំ២០២២ ដើម្បីបម្រើដល់អតិថិជនកម្ពុជាគ្រប់រូប។

ក្រុមហ៊ុន EFG គឺជាក្រុមហ៊ុនប្រតិបត្តិករភោជនីយដ្ឋាននាំមុខមួយនៅអាស៊ីអាគ្នេយ៍ និងជាប្រតិបត្តិករខ្សែសង្វាក់​ផលិតចំណីអាហារធំបំផុតនៅក្នុងប្រទេសកម្ពុជា ក្នុងនោះផងដែរភោជនីយដ្ឋាន មួយក្នុងចំណោម១០សាខានឹងត្រូវបើកសម្ភោធនៅក្នុងផ្សារទំនើបអ៊ីអន​ក្នុងទីក្រុងភ្នំពេញនា ខែមិថុនា និងសាខាមួយទៀតគ្រោងនឹងបើកនៅទីប្រជុំជន នាចុងឆ្នាំនេះផងដែរ។

លោក Kevin Whitcraft នាយកប្រតិបត្តិនៃក្រុមហ៊ុន RMA Group ដែលជាក្រុមហ៊ុនមេនៃ EFG បានថ្លែងឲ្យដឹងថា ក្រុមហ៊ុន
មានបំណងពង្រីកនូវកេរ្តិ៍ឈ្មោះតាមរយៈការដាក់ឲ្យដំណើរការនូវភោជនីយដ្ឋានសាច់អាំង ដែលកំពុងពេញនិយមបំផុត នៅក្នុងវិស័យភោជនីដ្ឋានដែលចម្អិនអាហារដោយខ្លួនឯងនៅកម្ពុជា។

លោកបន្ដទៀតថា «Bar B Q Plazបានទទួលជោគជ័យយ៉ាងធំធេងនៅក្នុងប្រទេសថៃ និង បរទេស ហើយពិសេសជាងនេះវានឹងធ្វើឲ្យអតិថិជនកម្ពុជាទទួលបាននូវបទពិសោធន៍លើអាហារបែបBar B Q ដ៏ល្អបំផុតតាមរយៈប្រព័ន្ធចម្អិនដ៏មានប្រសិទ្ធិភាពខ្ពស់។ ហើយ Bar B Q Plaz គឺជាBrand (ស្លាកយីហោរ) ដ៏មានប្រជាប្រិយបំផុតមួយសម្រាប់អ្នកទេសចរណ៍កម្ពុជាទៅកាន់ប្រទេសថៃ យុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់ក្រុមហ៊ុនគឺផ្តល់នូវផលិតផល និងសេវាដែលមានលក្ខណៈ ស្តង់ដារនៅក្នុងប្រទេសថៃដល់អតិថិជនកម្ពុជា»

លោកថា ដើម្បីសម្រេចនូវគោលបំណងនេះ យើងនឹងប្រតិបត្តិយ៉ាងយកចិត្តទុកដាក់នូវសៀវភៅណែនាំ របស់ក្រុមហ៊ុន
រួមជាមួយការបណ្តុះបណ្តាលដល់បុគ្គលិកនៅកន្លែងធ្វើការ និងមានការចុះធ្វើអធិការកិច្ចទៅលើគុណភាពដោយ ក្រុមអធិការកិច្ចចំណីអាហាររបស់ ក្រុមហ៊ុន Food Passion ហើយរាល់គ្រឿងផ្សំទាំងឡាយនឹងត្រូវបានផ្គត់ផ្គង់ដោយផ្ទាល់ ពីទីស្នាក់ការកណ្ដាលនៃម្ហូបអាហារ(central kitchen) របស់ក្រុមហ៊ុន Food Passion ក្នុងប្រទសថៃ។

លោក Kevin Whitcraft បានបន្ថែមថា «ដំបូងយើងគ្រោងរៀបថវិកាជាង ១៥០លានបាត ដើម្បីបើកដំណើរការ ភោជនីយដ្ឋានBar B Q Plaz យ៉ាងហោចណាស់ ១០សាខាចាប់ពីឆ្នាំនេះរហូតដល់ឆ្នាំ ២០២២ ដោយនឹងបើកនៅគ្រប់ ទីតាំងសំខាន់ៗក្នុងទីក្រុងនៃប្រទេសកម្ពុជា  ហើយឆ្នាំនេះផងដែរ យើងគ្រោងនឹងបើកហាងចំនួនពីសាខានៅចំកណ្ដាល​រាជធានីភ្នំពេញ ដោយសាខាទី​១គ្រោងនឹងបើក្នុងផ្សារទំនើបអ៊ីអន និងសាខាទី២បើក្នុងខណ្ឌទួលគោក»

លោក Kevin Whitcraft បានថ្លែងបន្ដថា  ក្នុងឆ្នាំ ២០១៦នេះ វិស័យ ភោជនីយដ្ឋាននៅក្នុងប្រទេសកម្ពុជា​មានទឹកប្រាក់ប្រហែល ៤០០លានដុល្លាសហរដ្ឋអាមេរិកដោយមានភោជនីយដ្ឋានចំនួន ២.០០០ ទៅ ២.៥០០ ភោជនីយដ្ឋានបានចុះបញ្ជីត្រឹមត្រូវ។ សម្រាប់ទីក្រុងភ្នំពេញ មានភោជនីយដ្ឋានប្រហែល ១.០០០ ភោជនីដ្ឋាន ការរីកចម្រើននូវវិស័យនេះដោយសារមាន ក្រុមគ្រួសារនិងក្មេងជំទង់កាន់តែច្រើនឡើងៗបានចេញទៅ​បរិភោគ​នៅខាងក្រៅជាញឹកញាប់ ដោយម្នាក់ៗចំណាយប្រហែល ៥ដុល្លា​សម្រាប់​អាហារថ្ងៃត្រង់ និង១០ដុល្លារសហរដ្​ឋអាមេរិកសម្រាប់អាហារពេលល្ងាយ ហើយពួកគេចេញទៅ បរិភោគបែបនេះបីបួនដងក្នុងមួយខែ។

ជាមួយគ្នានោះអ្នកស្រី  Chataya Supanpong ប្រធានទំនាក់ទំនងរបស់ក្រុមហ៊ុន Food Passion បានថ្លែងថា «ក្រុមហ៊ុនរបស់
អ្នកស្រីបានបើកធ្វើអាជីវកម្មក្នុង វិស័យភោជនីយដ្ឋាននេះមានយ៉ាង ហោចណាស់ ៣០ភោជនីយដ្ឋាននៅ  អាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមដោយមានទឹកប្រាក់សរុបចំនួន ៦០០លានបាតនៅឆ្នាំ ២០២០»

អ្នកស្រី Chataya បន្ថែមទៀតថា យើងមានទំនុកចិត្តថា EFG អាចធានាបាននូវភាពជោគជ័យ នៅក្នុងការបង្កើតប្រ៊ែន Bar B Q Plaza នៅក្នុងប្រទេសកម្ពុជា។  EFG មានជំនាញ និងមានការយល់ដឹងនៅក្នុងវិស័យភោជនីយដ្ឋាន និងលទ្ធភាពក្នុងការពង្រីកសាខាហើយក្រុមហ៊ុននេះអាចរក្សាបាននូវស្ដង់ដារក្រុមហ៊ុន សំខាន់ជាងនេះទៅទៀតនោះ EFG គឺជាអ្នកជំនាញផ្នែកទីផ្សារដោយមានការយល់ដឹងយ៉ាងច្រើនអំពីទីផ្សារនៃកម្ពុជា។

សូមបញ្ជាក់ថា Bar B Q Plazគឺជាភោជនីយដ្ឋានដ៏មានប្រជាប្រិយបំផុតមួយនៅក្នុងប្រទេសថៃដោយមានសាខាជាង ១៣០
សាខានៅទូទាំងប្រទេសថៃ និង បរទេស។ មកដល់ពេលនេះ មានភោជនីយដ្ឋានចំនួន ១៩ភោជនីយដ្ឋាន Bar B Q Plaza ត្រូវបានបើកទ្វារបម្រើអតិថិជន ក្នុងនោះមានភោជនីយដ្ឋានចំនួន ១៧ត្រូវបានបើកដំណើរការនៅក្នុងប្រទេសម៉ាឡេស៊ី និង ២ទៀតនៅក្នុងប្រទេសឥណ្ឌូនេស៊ី  ហើយក្រុមហ៊ុនមានគម្រោងបង្កើនចំនួនសាខានៅឯបរទេសឲ្យបាន ២៣សាខាបន្ថែមទៀតនៅចុងឆ្នាំ២០១៧នេះដោយ ១៨សាខានៅប្រទេសម៉ាឡេស៊ី ៣នៅប្រទេសឥណ្ឌូនេស៊ី និង ២នៅក្នុងប្រទេសកម្ពុជា៕