(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង រួមទាំងគណៈប្រតិភូកម្ពុជា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះ បានធ្វើទស្សនកិច្ច នៅរោងចក្រមួយចំនួន ដែលមានពលករខ្មែរធ្វើការ នៅក្នុងប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការអះអាងរបស់ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ហេង សួរ បានឱ្យដឹងថា បន្ទាប់ពីទស្សនកិច្ចនៅរោងចក្រផលិតសម្ភារៈបន្ទប់ទឹក Saturn Bath Co.LTD នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈប្រតិភូ បានអញ្ជើញសំណេះសំណាលជាមួយពលករកម្ពុជា ដែលកំពុងធ្វើការក្នុងរោងចក្រនេះចំនួន ១១នាក់ នៅទីក្រុងប៊ូឆន់ ខេត្តខ្យងគី ប្រទេសកូរ៉េ។

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បានសម្តែងនូវការអរគុណ និងកោតសរសើរចំពោះរោងចក្រ ដែលបានយកចិត្តទុកដាក់ចំពោះពលករកម្ពុជា និងបានបណ្តុះបណ្តាលជំនាញដល់ពួកគេ និងបានរៀបចំឱ្យមានការសំណេះសំណាលជាមួយពលករកម្ពុជានៅពេលនេះ។ ជាមួយនេះ លោករដ្ឋមន្រ្តី ពន្យល់អំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្កើតនូវទំនាក់ទំនងនេះ ដើម្បីបង្កឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសពលករខ្មែរនៅទីនេះ បានមកធ្វើការនៅកូរ៉េ ហើយទទួលបានប្រាក់ឈ្នួលខ្ពស់ សម្រាប់ជួយដល់ខ្លួនឯង និងផ្ញើរទៅក្រុមគ្រួសាររបស់ខ្លួនធ្វើឱ្យជីវភាពមានការធូរធារ ហើយពេលត្រឡប់ទៅវិញមានប្រាក់ដើម្បីអាចប្រកបរបរដោយខ្លួនឯងបាន។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការគិតគូរដល់ពលករកម្ពុជា ដោយរាជរដ្ឋាភិបាលមានស្ថានឯកអគ្គរាជទូតកម្ពុជា និងទីប្រឹក្សាការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រចាំនៅកូរ៉េ សម្រាប់ជួយដោះស្រាយនូវបញ្ហាប្រឈមនានា ព្រមទាំងផ្តល់នូវភាពងាយស្រួលដល់បងប្អូនពលករកម្ពុជា ដូចជា៖ ការពន្យាសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃតាមរយៈប្រៃសណីយ៍ ការចុះពន្យាសុពលភាពលិខិតឆ្លងដែននៅថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យ តាមតំបន់ដែលមានកម្មករស្នាក់នៅ ការកាត់បន្ថយលក្ខខណ្ឌផ្សេងៗដើម្បីឱ្យពលករយើងទទួលបាន ឯកសារស្របច្បាប់រួមមាន ការពន្យាលិខិតឆ្លងដែន ការបកប្រែប័ណ្ណបើកបរ ការបូជាសព និងការទាមទារប្រាក់ធានារ៉ាប់រង ជូនគ្រួសារសពជាដើម និងមានផ្ទះស្នាក់នៅបណ្តោះអាសន្នសម្រាប់ពលករកម្ពុជាយើងដែលមានការផ្លាស់ប្តូរកន្លែងធ្វើការ ហើយមិនទាន់ទទួលបានការងារថ្មីធ្វើ តាមរយៈកិច្ចសហការជាមួយមជ្ឈមណ្ឌលគាំពារពលករបរទេសនៅកូរ៉េ។

លោករដ្ឋមន្រ្តី បានផ្តាំផ្ញើដល់បងប្អូនពលករកម្ពុជាទាំងអស់ រស់នៅ និងខិតខំធ្វើការប្រកបដោយសុវត្តិភាព គោរពច្បាប់របស់កូរ៉េ និងត្រូវចេះស្រឡាញ់រាប់អានគ្នា ជួយយកអាសារគាទៅវិញទៅមក ចាត់ទុកគ្នាដូចជាបងប្អូនក្នុងគ្រួសារតែមួយ ព្រមទាំងខិតខំរៀនសូត្រ និងយកចិត្តទុកដាក់ទៅលើការងារនោះ ដើម្បីមានជំនាញច្បាស់លាស់ ដែលអាចធ្វើអោយបងប្អូនអាចរកការងារធ្វើបានគ្រប់ទីកន្លែង។ ទន្ទឹមនោះត្រូវចេះសន្សំសំចៃប្រាក់សម្រាប់ផ្ញើទៅក្រុមគ្រួសារ ខំថែទាំសុខភាពឱ្យបានល្អ ស្វែងរកធានារ៉ាប់រងនានាដើម្បីជួយដល់បងប្អូនពេលមានបញ្ហាអ្វីមួយជាយថាហេតុ។

បន្ទាប់មកលោករដ្ឋមន្រ្តី និងគណៈប្រតិភូ បានអញ្ជើញទទួលទានអាហារថ្ងៃត្រង់ជាមួយក្មួយៗពលករកម្ពុជា នៅក្នុងរោងចក្រនេះ ផងដែរ៕