(សៀមរាប)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសម្រេចឃាត់ខ្លួន និងរៀបចំសំណុំរឿងបញ្ជូន ស្ត្រីម្នាក់ដែលជាម្ចាស់ហាងម៉ាស្សា បារាយណ៍ស្ប៉ា ស្ថិតក្នុងតំបន់កម្សាន្ត Pub Street ក្នុងក្រុងសៀមរាប បន្ទាប់ធ្វេសប្រហែសរាយខ្សែភ្លើង បណ្តាលឲ្យឆក់យុវតីម្នាក់ ស្លាប់នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ដែលជាយប់ចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មី។

លោកវរសេនីយ៍ឯក ដួង សុខា ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៨ ខែមេសានេះថា បន្ទាប់ពីធ្វើការស្រាវជ្រាវ ករណីយុវតីម្នាក់បានស្លាប់ ដោយសារឆក់ខ្សែភ្លើង នៅក្នុងតំបន់កម្សាន្ត Pub Street រួចមក នគរបាលរកឃើញថា ម្ចាស់ហាងម៉ាស្សាខាងលើ បានធ្វេសប្រហែសធ្ងន់ធ្ងរ ដោយបានរាយខ្សែភ្លើងមិនត្រឹមត្រូវ ទើបបណ្តាលឲ្យមានករណី ឆក់យុវតីម្នាក់ស្លាប់។

លោកបន្តថា កម្លាំងរបស់យើងកំពុង រៀបចំកសាងសំណុំរឿងបញ្ជូនស្ត្រីជាម្ចាស់ហាងម៉ាស្សាយីហោ បារាយណ៍ស្ប៉ា ទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ យ៉ាងយូរនៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះ។ ស្ត្រីម្ចាស់ហាងម៉ាស្សាមានឈ្មោះ មាស សុភ័ក្រ ភេទស្រី អាយុ៣៦ឆ្នាំ អាចនឹងត្រូវចោទប្រកាន់ពីបទឃាតកម្ម ដោយអចេតនា។

សូមជម្រាបថា យុវតីវ័យក្មេងស្រស់ស្អាតម្នាក់ ឈ្មោះ មុនី រដ្ឋានី អាយុ១៨ឆ្នាំ មានលំនៅដ្ឋាននៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានស្លាប់ដោយសារឆក់ខ្សែភ្លើង នៅតំបន់កម្សាន្ត Pub Street នៅក្នុងក្រុងសៀមរាប នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ដែលថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខណៈរូបគេកំពុងតែរាំកម្សាន្ត។ ក្រោយកើតហេតុឆក់ខ្សែភ្លើងនេះ សមត្ថកិច្ចបាននាំយុវតីរងគ្រោះទៅ ជួយសង្គ្រោះនៅមន្ទីរពេទ្យដែរ ប៉ុន្តែជាអកុសលហួសពេលទៅហើយ៕