(សៀមរាប)៖ អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះ បាន អញ្ជើញចូលរួម នៅក្នុងពិធីកាត់ឬសសីមាព្រះវិហារវត្តសិរីវង្ស (កោះកូនសត្វ) ស្ថិតនៅភូមិកូនសត្វ, ឃុំត្រពាំងធំ, ស្រុកប្រាសាទបាគង, ខេត្តសៀមរាប។ ព្រះវិហារវត្តសិរីវង្ស គឺជាសមិទ្ធិផលថ្មីរបស់វត្ត, របស់ព្រះសង្ឃ, លោកយាយ, លោកតា, ពុទ្ធបរិស័ទ ។

ពិធីកាត់ឬសសីមាព្រះវិហារវត្តសិរីវង្ស ក៏មានវត្តមានចូលរួម របស់លោក ជា វុត្ថា, លោកស្រី ស៊ិន ណម, លោកស្រី ឯម ផល្លាមុនី សមាជិកក្រុមប្រឹក្សាខេត្ត, លោក ពៅ ពិសិដ្ខ អភិបាលរងខេត្ត, ព្រះសង្ឃ, លោកតា, លោកយាយ, ប្រជាពុទ្ធបរិស័ទ, សិស្សានិសិស្ស ប្រមាណជិត ៧០០អង្គ/នាក់ផងដែរ។

បើតាមរបាយការណ៍របស់ព្រះសង្ឃ បានមានសង្ឃដិកាថា ព្រះវិហារនេះមានទទឹង ១២ម៉ែត្រ បណ្ដោយ ២៧ម៉ែត្រ និង កម្ពស់ពីដីដល់កំពូល ៣៨ម៉ែត្រ ដែលចំណាយថវិការសាងសងសរុបអស់ជិត ៣២ម៉ឺនដុល្លារអាមេរិក ។
វត្តនេះសាងសង់លើផ្ទៃដីជាង ១៦ម៉ឺនម៉ែត្រការ៉េ ដែលជាអំណោយរបស់លោកតាឧបាសក ពៅ អមនិង លោកយាយ ឧបាសិកា ខៀវ ស៊ុត បានបរិច្ចាកជូនជាសមិទ្ធិផលរបស់វត្ត ដែលពីមុខជាទីអាស្រមរបស់លោកតា និងលោកយាយផ្ទាល់ ។

ក្នុងឱកាសនេះដែរ អ្នកឧកញ៉ា សៀង ណាំ បានប្រគល់បន្ថែមនូវថវិការសរុប ជូនលោកតា, លោកយាយ, ពុទ្ធបរិស័ទ, បងប្អូនប្រជាពលរដ្ឋ, សិស្សានុសិស្ស, កងកម្លាំងប្រដាប់អាវុធ សរុបជាង ១០លានរៀល និងប្រគេនជូនព្រះសង្ឃ ជាង ១០លានរៀល សរុបជាង២០លានរៀល ៕