(ភ្នំពេញ)៖ សមាជិកក្រុមប្រឹក្សាមកពីគណបក្សសមរង្ស៊ី លោក ម៉ៅ វាសនា ដែលកំពុងកាន់តំណែងលេខរៀងទី៣ បានដាក់លិខិតប្រកាសលាលែងចេញពីសមាជិក ភាពរបស់គណបក្សសង្រ្គោះជាតិ ព្រោះតែមូលហេតុពុករលួយ និងបក្សពួកនិយម ព្រមទាំងទម្លាក់តួនាទីលេខរៀងទី៣របស់គាត់ រហូតដល់លេខរៀងទី១៦។

នៅក្នុងលិខិតលាលែងនោះលោក ម៉ៅ វាសនា ថ្ងៃទី១៧ ខែមេសា បានរៀបរាប់ថា៖​ «គណបក្សសង្រ្គោះជាតិ បានរៀបចំបញ្ជីបេក្ខជនក្រុមប្រឹក្សាចៅសង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧។ មិនមានភាពយុត្តិធម៌សម្រាប់រូបខ្ញុំទេ ហើយបានដាក់លេខរៀងឲ្យខ្ញុំទី១៦ ដែលមិនអាចសង្ឃឹមជាប់។ ដាក់បក្សពួកគ្នាគាត់ អ្នកមានធនធានមនុស្ស​មិនដាក់ ដាក់អ្នកមិនសូវចេះដឹង អ្នកដែលប្រជាពលរដ្ឋមិនស្គាល់មកឈរឈ្មោះ ទាត់អ្នកចាស់ចោល»។

លោក ម៉ៅ វាសនា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះថា លោកពិតជាបានដាក់លិខិត លាលែងមែន ហើយការលាលែង របស់រូបលោក គឺដោយសារគណបក្សមានអំពើពុករលួយ បក្សពួកនិយម ដាក់គ្នាគេទាត់អ្នកចាស់ចោល ដាក់អ្នកមិនសូវស្គាល់ ដោយទម្លាក់តួនាទីរបស់លោកពីលេខរៀងទី៣ រហូតដល់ទី១៦។

សូមជំរាបថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧កន្លងទៅ បេក្ខជនក្រុមប្រឹក្សា ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង របស់គណបក្សសង្រ្គោះជាតិ ចំនួន០៣នាក់ ក៏បានដាក់ពាក្យសុំលាលែងពីគណបក្សសង្គ្រោះជាតិ ហើយបានទំលាក់ស្លាកសញ្ញាព្រះអាទិត្យចោល និងស្នើសុំដកប្រវត្តិរូប និងរូបថតមកវិញផងដែរ

បេក្ខជនក្រុមប្រឹក្សាឃុំកំពង់ត្រឡាចទាំង៣រូបបានបញ្ជាក់ឲ្យដឹងថា គាត់លែងមានជំនឿលើគណបក្សសង្គ្រោះជាតិតទៅទៀតហើយ ពីព្រោះថា អ្វីៗដែលគណបក្សនេះ បាននិយាយ ឬបានសន្យា គឺសុទ្ធតែជាការភូតកុហកបោកប្រាស់ ប្រជាពលរដ្ឋតែប៉ុណ្ណោះ ផ្ទុយវិញគណបក្សនេះមិនដែល បានធ្វើអ្វី សូម្បីតែបន្តិចសោះជូនប្រជាពលរដ្ឋនៅឃុំ កំពង់ត្រឡាច ស្រុកកំពង់ត្រឡាចឡើយ។ បេក្ខជន០៣រូបមាន៖ ឈ្មោះ នៅ អឿន, ទី ចន្ថា និង ចាន់ ហ៊ុន បានដាក់ពាក្យប្ដឹងសុំលាលែងចេញពីគណបក្សសង្គ្រោះជាតិ មកចូលរួមជីវភាពនយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជាវិញ ហើយពួកគាត់បានស្ម័គ្រចិត្តទំលាក់ស្លាក គណបក្សសញ្ញព្រះអាទិត្យចោលថែមទៀត។ គាត់បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ មិនត្រឹមតែបែកបាក់នៅថ្នាក់លើប៉ុណ្ណោះទេ ប៉ុន្ដែនៅថ្នាក់មូលដ្ឋានក៏មានការបែកបាក់ធ្ងន់ធរដែរ។

កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧កន្លងទៅ លោក លី សុគន្ធ បេក្ខជនឈរឈ្មោះលេខរៀងទី២ ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ របស់គណបក្ស សង្រ្គោះជាតិ បានសម្រេចលាលែងពីតំណែងរបស់ខ្លួន ចាកចេញពីគណបក្សសង្រ្គោះជាតិ។ ទន្ទឹមគ្នានឹងការចាកចេញនេះលោក លី សុគន្ធ ក៏បានប្រកាសអូសទាញ អ្នកគាំទ្ររបស់ខ្លួនឱ្យទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាថែមទៀត។

លិខិតស្នើសុំលាលែងរបស់ លោក លី សុគន្ធ បានផ្ញើទៅកាន់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ បានបញ្ជាក់ប្រាប់អំពីមូលហេតុនៃការលាលែងរបស់ខ្លួនថា ដោយសារតែគណបក្សមិនទទួលខុសត្រូវលើកកូនចៅ ព្រមទាំងមិនមានភាពយុត្តិធម៌ និងតម្លាភាពក្នុងការរៀបចំបេក្ខជន។

កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧កន្លងទៅ សកម្មភាពគណបក្សសង្គ្រោះជាតិ ស្រុកអន្លង់វែង នាំគ្នាដុតស្លាកគណបក្សកម្ទេចចោល ដោយសារតែ​ខឹងសម្បា នឹងថ្នាក់ដឹកនាំរបស់ខ្លួនដែលគ្មានទំនួលខុសត្រូវ ពុករលួយស៊ីសំណូក និងបក្ខពួកនិយម។ ការដុតកម្ទេចស្លាកនេះ​ លោក សួន សំណាង ប្រធានគណបក្សសង្គ្រោះជាតិឃុំ និងជាជំទប់ទី២ ឃុំត្រពាំងប្រីយ៍ ជានាំដឹកនាំក្រុមការងារដុតបំផ្លាញ។

លោកបានអះអាងថា មូលហេតុដែលពួកគេដុតកម្ទេចចោលបែបនេះ ព្រោះតែមេបក្ស​មិនដោះស្រាយនូវបញ្ហារបស់សកម្មជន មេពុករលួយ មេបក្ខពួកនិយម មេស៊ីសំណូកសូកប៉ាន់។ ជាមួយគ្នានោះ ​បដាដដែលបញ្ជាក់ថា «លាហើយសង្គ្រោះជាតិ»។ ក្នុងនោះ​ស្លាកគណបក្សសង្គ្រោះជាតិ ដែលត្រូវបានហែក និងដុតកម្ទេចចោលមាន៤​ស្លាក ស្ថិតនៅភូមិទួលកណ្តាល ឃុំត្រពាំងប្រិយ៍ ស្រុក​អន្លង់វែង ខេត្តឧត្តរមានជ័យ៕