(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ នឹងបើកសមាជវិសាមញ្ញរបស់ខ្លួនជាថ្មីម្តងទៀត នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីពិនិត្យលើការធ្វើវិសោធនកម្មលក្ខន្តិកៈ និង រៀបចំតំណែងអនុប្រធាន ឱ្យស្របតាមលក្ខន្តិកៈ​ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ នេះបើតាមការអះអាងរបស់ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ។

ការសម្រេចរៀបចំសមាជឡើងវិញនេះ បានធ្វើឡើងបន្ទាប់ពីគណបក្សសង្រ្គោះជាតិ បើកកិច្ចប្រជុំគណៈកម្មាធិការនាយក និងគណៈកម្មាធិការអចិន្រ្តៃយ៍របស់ខ្លួន កាលពីរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ម្សិលមិញ ដើម្បីពិនិត្យអំពីករណីនេះ។

លោក យ៉ែម បុញ្ញឫទ្ធិ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃនេះថា «កាលពីម្សិលមិញនេះ យើងមានកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ក្រោយពេលប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ និងប្រជុំគណៈកម្មាធិការនាយក យើងសម្រេចថានឹងបើកសមាជវិសាមញ្ញ ដើម្បីពិនិត្យមើលលក្ខន្តិកៈ នៅថ្ងៃទី២៥ មេសា»។ លោកបានបន្ថែមថា សមាជនោះ ក៏មានការពាក់ព័ន្ធនឹងការរៀបចំអនុប្រធានឡើងវិញផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានចេញលិខិតទទួលស្គាល់ លោក កឹម សុខា ជាប្រធានគណបក្សសង្រ្គោះជាតិ ជំនួសតំណែងលោក សម រង្ស៊ី ប៉ុន្តែទោះជាយ៉ាងណា ក្រសួងមហាផ្ទៃមិនទទួលស្គាល់ចំពោះតំណែងអនុប្រធានទាំង៣រូប របស់គណបក្សប្រឆាំងនោះទេ។

ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា៖ ការជ្រើសរើស លោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ជាអនុប្រធានគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧នោះ នៅតែមិនទាន់ស្របតាមប្រការ ៤៧ថ្មី នៃលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ ដោយសារការជ្រើសតាំងនេះហួសរយៈពេល ៣០ថ្ងៃ គិតចាប់តាំងពីថ្ងៃ លោក សម រង្ស៊ី បានលាលែងពីតំណែងប្រធានបក្ស៕