(សៀមរាប)៖ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមពិសារអាហាសាមគ្គី និងថ្លែងអំណរគុណ ពិធីបិទព្រឹត្តិការអង្គរសង្រ្កាន្ត ឆ្នាំ២០១៧ ជាមួយប្អូនៗ ក្មួយៗយុវជនស្ម័គ្រចិត្តព្រឹត្តិការអង្គរសង្រ្កាន្ត ។

លោក​បណ្ឌិត អភិបាលខេត្តសៀមរាប បានថ្លែងនូវការគាំទ្រ និងថ្លែងអំណរគុណចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមការផ្តួចផ្តើមគំនិតច្នៃប្រឌិតប្រកប ដោយទេពកោសលប៉ិនប្រសប់ និងការអំណត់ព្យាយាមដ៏មោះមុតរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសហការីទាំងអស់ ព្រមទាំងអស់លោក លោកស្រី និងអ្នកពាក់ព័ន្ធដែលបានផ្តួចផ្តើម បង្កើតព្រឹត្តិការណ៍អង្គរសង្រ្កាន្តដ៏មានអត្ថន័យជ្រាលជ្រៅ ដែលនាំមកនូវភាពត្រជាក់ត្រជុំ សុខដុមរមនា កិត្យានុភាពល្បីរន្ទឺ ថ្កុំថ្កើងនៃទឹកដីអតីតមហានគរខ្មែរក្នុងសម័យអធិរាជាណាចក្រកម្ពុជា​​ដ៏រុងរឿង។

លោកអភិបាលខេត្ត និងលោក ហ៊ុន ម៉ានី ក៏បានថ្លែងអរគុណចំពោះសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលបានលះបង់កំលាំង កាយកំលាំងចិត្ត ស្មារតីទទួលខុសត្រូវបំពេញភារកិច្ចការពារសុវត្ថិភាព ជូនភ្ញៀងទេសចរ ជាតិ-អន្តរជាតិ ក្នុងដំណើរកំសាន្តនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានល្អប្រសើរផងដែរ។

សូមជំរាបថា នៅថ្ងៃបញ្ចប់ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ យប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ លោក ឃឹម ប៊ុនសុង បានចុះត្រួតពិនិត្យស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់ទូទៅនៅក្នុងខេត្ត ព្រមទាំងបានជួបបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលអញ្ជើញមកដើរលេងកំសាន្តក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។

នៅក្នុងរាត្រីនោះ លោក ឃឹម ប៊ុនសុង បានអញ្ជើញទៅគ្រប់ច្រកល្ហក ដើម្បីពិនិត្យស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំងអ្នកដើរលេងកម្សាន្ត និងអ្នកប្រកបរបរលក់ដូរ។ វត្តមានរបស់លោកអភិបាលខេត្តក្នុងចំណោមមហាជន ដែលកំពុងដើរលេងយ៉ាងសប្បាយរីករាយ ប្រកបដោយភាពសាមញ្ញរបស់លោកអភិបាលខេត្តសៀមរាប ត្រូវបានទទួលស្វាគមន៍ដោយភាពរីករាយ និងស្និទ្ធស្នាល ហើយប្រជាពលរដ្ឋជាច្រើន បានសុំថតរូបទុកជាអនុស្សាវរីយ៍ជាមួយលោកអភិបាលខេត្ត៕