(កំពង់ចាម)៖ មិនខុសពីខេត្តសៀមរាបប៉ុន្មាន នៅឯទីរួមខេត្តកំពង់ចាមវិញនោះ ក៏មានរៀបចំពិធីសង្ក្រាន្ដផងដែរ ដែលនេះជាលើកទី១របស់ខ្លួន ដើម្បីអបអរសាទរទទួលទេវតាថ្មី។ សង្ក្រាន្ដក្រុងកំពង់ចាម ដែលមានរយៈពេល៣ថ្ងៃនេះ ពោលគឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧​ ត្រូវបានរៀបចំដោយរដ្ឋបាលខេត្តកំពង់ចាម មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក និងមានការចូលរួមសម្របសម្រួលដឹកនាំកម្មវិធីដោយផ្ទាល់ពី សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម និងយុវជនស្ម័គ្រចិត្តមកពីសាកលវិទ្យាល័យក្នុងខេត្ត យុវសិស្សមកពីវិទ្យាល័យនានាក្នុងក្រុងកំពង់ចាម ​មន្ត្រីរាជការសរុបប្រមាណជាង​៥០០នាក់ បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើន មានការសប្បាយរីករាយជាមួយនឹងកម្មវិធីកំសាន្តច្រើនប្រភេទ និងមានភ្ញាក់ផ្អើលជាមួយ នឹងគំនិតច្នៃប្រឌិតក្នុងការដឹកនាំ និងអភិវឌ្ឍខេត្តកំពង់ចាម ពោលគឺបានធ្វើឲ្យប្រជាពលរដ្ឋមើលឃើញច្បាស់ អំពីសមិទ្ធផលរូបវ័ន្តនានាផ្ទាល់​ភ្នែកនៅក្នុងទូទាំងខេត្ត​។

ព្រឹត្តិការណ៍រយៈពេល៣ថ្ងៃនេះ ត្រូវបានរដ្ឋបាលខេត្តប៉ាន់ស្មានថា មានប្រជាពលរដ្ឋប្រមាណជាង​៦០,០០០នាក់ មកចូលរួមកំសាន្តនៅក្នុងក្រុងកំពង់ចាម ដែលជាកន្លែងប្រារព្ធពិធី​អបអរសាទរបុណ្យចូលឆ្នាំថ្មី​ ក្រុងកំពង់ចាមលើកទី​១ ក្នុងប្រវត្តិសាស្ត្រខេត្តកំពង់ចាម ជាពិសេសគឺនៅថ្ងៃវរៈឡើងស័ក្ក ដែលគេសង្កេតឃើញ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ភាគច្រើនជាយុវជន បានធ្វើដំណើរទៅមក និងប្រមូលផ្តុំគ្នានៅតាមដងផ្លូវព្រះកុសមៈនារីរត្ន័ (ផ្លូវមុខសាលាខេត្តកំពង់ចាម) ជាទីតាំងកំសាន្តកំណត់ដោយរដ្ឋបាលខេត្ត សម្រាប់បង្កលក្ខណៈសម្រាប់ប្រជាពលរដ្ឋលេងកំសាន្តលាបម៉្សៅ និងស្រោចទឹកដាក់គ្នាទៅវិញទៅមក ដោយសេចក្តីថ្លៃថ្នូរ និងការគោរពសិទ្ធិគ្នាទៅវិញទៅមក ក្នុងគោលបំណងបង្កការសប្បាយរីករាយ បង្កើនទំនាក់ទំនង និងជូនពរឆ្នាំថ្មីសិរីសួស្តីដល់គ្នាទៅវិញទៅមក​។

អបអរសាទរបុណ្យចូលឆ្នាំថ្មីក្រុងកំពង់ចាម សំដៅទៅលើការរៀបចំអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំរកា ព.ស ២៥៦១ ដែលត្រូវបានរៀបចំឡើងនៅក្នុងក្រុងកំពង់ចាម ហើយដោយឡែក ស្រុកចំនួន​៩ទៀត ក៏បានរៀបចំសកម្មភាពកំសាន្តបុណ្យចូលឆ្នាំរៀងៗខ្លួនផងដែរ។

សូមបញ្ជាក់ថា កាលពីឆ្នាំមុនៗជារៀងដរាបមក កម្មវិធីកំសាន្ត ឬសង្រ្កាន្តឆ្នាំថ្មី ត្រូវបានរៀបចំឡើងភាគច្រើន នៅគ្រប់វត្តអារាមក្រោមការលើកទឹកចិត្ត និងការការពាររបស់អាជ្ញាធរនៃស្រុកនីមួយៗ ប៉ុន្តែឆ្នាំរកា ព.ស ២៥៦១ គ.ស ២០១៧​នេះ ក្រោមការលើកទឹកចិត្ត និងអនុសាសន៍​របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា, លោក លន់ លឹមថៃ អភិបាលខេត្ត និងសហការី ព្រមទាំងក្រុមយុវជនក្នុងខេត្តកំពង់ចាម បានមូលមតិជាឯកច្ឆ័ន្ទ រៀបចំកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ក្រុងកំពង់ចាម និងបានប្រព្រឹត្តិប្រកបដោយជោគជ័យ ដែលនៅក្នុងកម្មវិធីនោះរួមមាន ពិធីរាប់បាត្រគោចរព្រះសង្ឃ​១០០អង្គ ការលេងល្បែងប្រជាប្រិយខ្មែរច្រើនប្រភេទ ការលេងកីឡាកំសាន្ត ការសំដែងរបាំតុ្រដិ ចាប៉ីដងវែង គោះត្រឡោក អាយ៉ៃ និងពិធីស្រង់ព្រះ​។

​ស្ថិតិប្រជាពលរដ្ឋមកចូលរួមកំសាន្តនៅក្នុងក្រុងកំពង់ចាម ដែលត្រូវបានប៉ាន់ស្មានខាងលើ មិនបានរាប់បញ្ចូលនូវចំនួនប្រជាពលរដ្ឋ ដែលមកកំសាន្តរយៈពេល ៥ថ្ងៃមុនថ្ងៃមហាសង្រ្កាន្តឆ្នាំថ្មីចូលមកដល់ផងទេ ដែលកម្មវិធីនេះត្រូវបានរៀបចំឡើងនៅទីតាំងមួយក្នុងចំណោមទីតាំងទាំង​៥កន្លែង ដូចបានរៀបរាប់ខាងលើ គឺទីតាំងវាលស្មៅ មុខសាលាខេត្តកំពង់ចាម​។ យោងតាមស្ថិតិរបស់មន្ទីរទេសចរណ៍ខេត្តកំពង់ចាម នៅទូទាំងខេត្តកំពង់ចាមទាំងមូល ពិសេសនៅគ្រប់វត្តអារាម នៅតាមតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានាទូទាំងខេត្ត មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍អន្តរជាតិ ប្រមាណជាង ៣៧០,០០០នាក់ បានមកលេងកំសាន្ត នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំរកានេះ​។

ក្នុងឱកាសដ៏សប្បាយរីករាយនោះ លោក លន់ លឹមថៃ អភិបាលខេត្ត បានថ្លែងសារជាគន្លឹះទៅកាន់ក្រុមយុវជនស្ម័គ្រចិត្តទាំងអស់ និងប្រជាពលរដ្ឋថា ការរៀបចំកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីក្រុងកំពង់ចាម ដែលមិនធ្លាប់មានពីមុនមក មានគោលបំណងសំខាន់ចំនួន​៣​គឺ៖ ទី១៖បង្ហាញដល់ប្រជាពលរដ្ឋនៅក្នុងពិភពលោក ថាប្រទេសកម្ពុជា​មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រជាជនមានឱកាសសប្បាយដោយគ្មានការព្រួយបារម្ភ, ទី២៖ទាក់ទាញភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ មកកំសាន្តសប្បាយនៅក្នុងខេត្តកំពង់ចាមកាន់តែច្រើន, ទី៣៖ចង់ឲ្យប្រជាពលរដ្ឋ ពិសេសយុវជនចូលរួមលេងល្បែងប្រជាប្រិយខ្មែរកំសាន្ត ឲ្យបានច្រើនកុះករ អ៊ូអរ និងចូលរួមអភិរក្សនូវវប្បធម៌ប្រពៃណីដូនតាខ្មែរ។

ជាការសង្កេតរួមគ្នា របស់រដ្ឋបាលខេត្ត និងក្រុមយុវជនស្ម័គ្រចិត្ត ក្រោយពីចប់កម្មវិធីសង្រ្កាន្តកំពង់ចាមឃើញថា ប្រជាពលរដ្ឋច្រើនលើសលុបបានមកំសាន្តក្នុងកម្មវិធីនានានៅតាមបណ្តាស្រុក និងក្រុងកំពង់ចាម បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រាជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានផ្តល់ឱកាសសន្តិភាពពេញប្រទេស ហើយពួកគាត់បានបង្ហាញឲ្យឃើញនូវអារម្មណ៍សប្បាយរីករាយ ចំពោះព្រឹត្តិការណ៍នានាដែលត្រូវបានរៀបចំឡើង ព្រមទាំងបានសំណូមពរឲ្យបង្កើតព្រឹត្តិការណ៍ដូចឆ្នាំនេះ ទៀតនៅឆ្នាំក្រោយៗ​។

យ៉ាងណាមិញ អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ នៃមន្ទីរអង្គភា​ពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំងអស់ រដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ និងយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានជួយឧបត្ថម្ភ និងគាំទ្រឲ្យកម្មវិធី អបអរសាទរបុណ្យចូលឆ្នាំថ្មី​ក្រុងកំពង់ចាមនេះ ដំណើរការប្រកបដោយភាពជោគជ័យ៕

សូមទស្សនារូបភាព កំសាន្ដសប្បាយរបស់ពលរដ្ឋ​ ដែលមកកំសាន្ដក្នុងព្រឹតិ្តការណ៍សង្ក្រាន្ដក្រុងកំពង់ចាម ខាងក្រោមនេះ៖