(ភ្នំពេញ)៖ ក្រោយដើរលេងកំសាន្តក្នុងឱកាសចូលឆ្នាំ ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋភាគច្រើនអញ្ជើញត្រឡប់​ ទៅកាន់លំនៅដ្ឋានវិញ, សូមមេត្តាបើកបរដោយប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ ជៀសវាងគ្រោះថ្នាក់ដល់អាយុវជីវិត និងអ្នកដទៃ នេះជាសេចក្តីអំពាវនាវរបស់ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ

សូមជំរាបថា គ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ថ្ងៃចុងក្រោយម្សិលមិញ (ថ្ងៃទី១៦ ខែមេសា) បានកើនឡើងគួរឲ្យបារម្ភនោះរហូតដល់៣៦លើក ស្លាប់១៨នាក់ និងរបួស៦៤នាក់នោះ។ ចំណែករយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០១៧ (គិតត្រឹមម៉ោង២រសៀលថ្ងៃទី១៦ ខែមេសា) គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងចំនួន៩៥ករណី ស្លាប់មនុស្ស៤៣នាក់ ខណៈមនុស្ស១០២រងរបួសធ្ងន់ និង៧៧នាក់របួសស្រាល។

សម្រាប់មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន អ្នកបើកបរក្នុងល្បឿនលឿន ស្រវឹង ប្រជែង មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ បត់គ្រោះថ្នាក់ កត្តាយានយន្ត និងងងុយដេកជាដើម។ គ្រោះថ្នាក់ចរាចរណ៍រយៈពេល៤ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មីនេះ បានថយចុះបើធៀននឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ទាំងចំនួនគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងអ្នករបួស៕