(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា លោក អ៊ិត សំហេង នៅព្រឹកមិញនេះបានដាក់ស្នើ ៧ចំណុចដល់ភាគីកូរ៉េខាងត្បូង ដើម្បីធ្វើយ៉ាងណា ជួយសម្រួលជូនពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសកូរ៉េ ឱ្យទទួលបាននូវការធានារ៉ាប់រងសុខុមាលភាពសង្គម កាន់តែប្រសើរថែមទៀត។ នេះបើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ដែលបានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃចន្ទនេះ។

សំណើរបស់លោករដ្ឋមន្រ្តីក្រសួងការងារកម្ពុជា បានធ្វើឡើងខណៈដែលលោក និងគណៈប្រតិភូខ្មែរបានជួបពិភាក្សាការងារជាមួយ លោក Shim Khuong-Woo ប្រធានអង្គភាពសុខមាលភាព និងគ្រោះថ្នាក់ការងារ នៃសាធារណរដ្ឋកូរ៉េ (COMWEL) នៅសណ្ឋាគារ Skyfarm ប្រទេសកូរ៉េ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧នេះ។

លោក ហេង សួរ បានឱ្យដឹងថា សំណើទាំង៧ចំណុច ដែលភាគីកម្ពុជាស្នើសុំទៅកូរ៉េខាងត្បូងនេះរួមមាន៖

១៖ ជួយធ្វើការអប់រំ ផ្សព្វផ្សាយអំពីការធានារ៉ាប់រង និងការផ្តល់អត្តប្រយោជន៍ផ្សេងៗពីរបបនេះ​ ដល់ពលករកម្ពុជាឱ្យបានគ្រប់ៗគ្នា
២៖ ជួយបង្កើនការអបរំផ្សព្វផ្សាយការបង្ការ ទប់ស្កាត់ហានិភ័យការងារផ្សេងៗ ដែលនឹងអាចកើតជាយថាហេតុ ហើយមានផលប៉ះពាល់ដល់ពលករកម្ពុជា
៣៖ បង្កើនកម្មវិធីអប់រំផ្សេងៗឱ្យបានកាន់តែច្រើនថែមទៀតដល់ពលករកម្ពុជា
៤៖ ជួយរៀបចំឱ្យមានប្រព័ន្ធចុះឈ្មោះក្នុងការផ្តល់មុខជំនាញបច្ចេកទេស ដល់ពលករកម្ពុជា ដើម្បីមានជំនាញច្បាស់លាស់នៅពេលដែលត្រឡប់ទៅកម្ពុជាវិញ អាចស្វែងរកការងារធ្វើនៅក្នុងស្រុក ឬបន្តទៅក្រៅស្រុក និងប្រកបរបរដោយខ្លួនឯងបាន។
៥៖ សុំបង្កើតការទំនាក់ទំនងរវាងស្ថាប័នសន្តិសុខសង្គមនៃប្រទេសទាំងពីរ លើការអនុវត្តផ្នែកសោធននិវត្តន៍ តាមរយៈការបង្កើតនូវប្រព័ន្ធមួយច្បាស់លាស់ ដើម្បីគ្រប់គ្រងក្នុងផ្តល់របបនេះឱ្យបានល្អ ជៀសវាងបាត់បង់អតីតភាពការងារ និងអត្ថប្រយោជន៍ផ្សេងៗ។
៦៖ ស្នើសុំកូរ៉េបន្តជួយលើផ្នែកហានិភ័យការងារ តាមរយៈការបន្តអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ ដែលបានព្រមព្រៀងតាំងពីឆ្នាំ២០១០មក។
៧៖ សុំជួយផ្តល់បទពិសោធន៍ ក្នុងការអនុវត្តរបបសោធននិវត្តន៍ដល់កម្ពុជា បន្ទាប់ពីរបបថែទាំសុខភាព ដែលបេឡាជាតិរបបសន្តិសុខសង្គមរបស់កម្ពុជាកំពុងអនុវត្ត។

លោកបានបញ្ជាក់ថា ភាគីកូរ៉េបានសម្តែងនូវការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ការយកចិត្តទុកដាក់ដល់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិត និងពលករទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ ជាមួយនេះភាគីកូរ៉េ បានទទួលយក និងគាំទ្រចំពោះការស្នើសុំរបស់កម្ពុជា និងបន្តការយកចិត្តទុកដាក់ ផ្តល់នូវការគាំពារសង្គមដល់ពលករកម្ពុជា ឱ្យបានកាន់តែល្អប្រសើរថែមទៀត។

លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះភាគីកូរ៉េ ដែលបានបន្តផ្តល់ការគាំទ្រដល់កម្ពុជា ជាពិសេសរបបហានិភ័យការងារ ដែលកម្ពុជាបានកំពុងអនុវត្តដោយជោគជ័យ និងការបន្តយកចិត្តទុកដាក់ចំពោះពលករកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការនៅកូរ៉េ ឱ្យទទួលបានការនូវការធនារ៉ាប់រងសង្គមបានកាន់តែច្រើនថែមទៀត។

លោករដ្ឋមន្រ្តីក៏បានអរគុណចំពោះភាគីកូរ៉េ ដែលបានទទួលស្វាគមន៍ប្រតិភូកម្ពុជា ប្រកបដោយភាពស្និទស្នាលក្រោមកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែមានរយៈពេល២០ឆ្នាំមកហើយ។ ជាមួយនោះលោកក៏បានជម្រាបជូនភាគីកូរ៉េអំពីវឌ្ឍនភាពដែលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្រេចបាននាពេលបច្ចុប្បន្ន ជាពិសេសការអនុវត្តប្រកបដោយជោគជ័យនូវរបបសន្តិសុខសង្គមបានជាជំហានៗ ដែលជំហានទី ១ គឺរបបហានិភ័យការងារ ជំហានទី២ របបថែទាំសុខភាព និងជំហានទី ៣ របបសោធននិវត្តន៍។ ទន្ទឹមនោះលោករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះភាគីកូរ៉េ ដែលបានយកចិត្តទុកដាក់ផ្តល់ការធានារ៉ាប់រងដល់ពលករកម្ពុជាទៅលើរបបគ្រោះថ្នាក់ការងារ ការស្តារកាយសម្បទា ការព្យាបាល និងសុខុមាលភាពការងារដល់ពលករកម្ពុជាផងដែរ៕