(ពោធិ៍សាត់)៖ ផ្ទុះអាវុធ៣គ្រាប់ជាប់ៗគ្នាធ្វើឲ្យមានការភ្ញាក់ផ្អើលពេញភូមិ ក្រោយមកទើបដឹងថា ជាការបាញ់គម្រាមមិនឲ្យគូជម្លោះតដៃ, បន្ទាប់ពីបក្សពួកក្មេងស្ទាវមកពី ភូមិបត់រំដួល ដេញវាយក្រុមក្មេងភូមិកោះវត្ត ក្នុងពិធីបុណ្យចូលឆ្នាំថ្មី នៅវត្តស្រោង នាថ្ងៃបុណ្យចូលឆ្នាំចុងក្រោយ។

ហេតុការណ៍នេះកើតឡើង នៅយប់​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ នៅចំណុចវត្តស្រោង ស្ថិតក្នុងភូមិកោះវត្ត ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ហើយផ្ទុះអាវុធ៣គ្រាប់នោះ គឺបាញ់ដោយមន្ត្រីនគរបាលរាជធានីភ្នំពេញ មុខងារជានាយរងការិយាល័យអន្តរាគមន៍។

ព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា មុនពេលកើតហេតុ មន្ដ្រីនគរបាលដែលបាញ់៣គ្រាប់ និងក្មេងស្ទាវមួយក្រុមមកពីភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ បានមករាំធុងបាសកំសាន្ត ក្នុងពិធីបុណ្យចូលឆ្នាំ។ ក្រោយរាំបានមួយសន្ទុះ ស្រាប់តែមានរឿងឈ្មោះប្រកែកគ្នា ជាមួយក្រុមក្មេងមកពីភូមិកោះវត្ត ទើបបណ្តាលឲ្យមានការផ្ទុះជម្លោះ រហូតដល់ផ្ទុះអាវុធចំនួន ៣គ្រាប់ ធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកស្រុកទាំងយប់។

មន្រ្តីនគរបាលជាអ្នកបាញ់គម្រាមមិនឲ្យតដៃ មានឈ្មោះ ប្រាក់ សុផាន់ណា អាយុ២៧ឆ្នាំ ជាមន្ត្រីនគរបាលរាជធានីភ្នំពេញ មុខងារជានាយរងការិយាល័យអន្តរាគមន៍ បានបាញ់៤គ្រាប់ តែផ្ទុះ៣គ្រាប់ និងស្អុយ១គ្រាប់។

បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ក្រោយមករកឃើញសំបកអាវុធខ្លី ធុន K54 ចំនួន៤គ្រាប់ ព្រមទាំងបានឃាត់ខ្លួនជនដៃដល់ និងបានដកហូតអាវុធខ្លី១ដើម ធុនK54 លេខ៥៦២៥ បង់១ គ្រាប់៣គ្រាប់ អត្តសញ្ញាណប័ណ្ណនគរបាលជាតិ០១សន្លឹក រថយន្តម៉ាក Toyota បាឡែន១គ្រឿង ព័ណ៌ស ពាក់ស្លាកលេខ នគរបាល 2-0804។ ក្នុងហេតុការណ៍នេះក្រុមក្មេងមកពីភូមិកោះវត្ត រងរបួសចំនួន០៣នាក់ ដោយឡែកក្រុមក្មេងភូមិបត់រំដួល បានរត់គេចខ្លួនបាត់ស្រមោល៕