(កណ្ដាល)៖​ ថ្ងៃវរ:ឡើងសក្ដិដែលជាថ្ងៃចូលឆ្នាំទី៣ ឆ្នាំរកា ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៏ឯក វង្ស ពិសេន មេបញ្ជាការង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំនាយ នាយរង និងពលអាវុធហត្ថទៅចូលរួមក្នុងពិធីស្រង់ព្រះ និងពូនភ្នំខ្សាច់ជាមួយពុទ្ធបរិស័តជិតឆ្ងាយ នៅវត្តទេពរង្សីដែលមានទីតាំង នៅភូមិពោធ៏មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល។

ពិធីស្រង់ព្រះដែលពុទ្ធបរិស័តតែងតែធ្វើជារៀងរាល់ឆ្នាំ ជាពិសេសថ្ងៃចូលឆ្នាំទី៣នោះ មុនដំបូងពុទ្ធបរិស័តយក ព្រះពុទ្ធបដិមា ពីក្នុងវិហារមកលាងសំអាតដែលគេហៅស្រង់ព្រះ និងបន្ទាប់មកស្រោចទឹកព្រះសង្ឃ ហើយចុងក្រោយទើបនាំគ្នាស្រោចទឹក ដល់លោកតា លោកយាយដែលមានវ័យចំណាស់ៗ និងឪពុកម្ដាយដែលគេហៅថាព្រះរស់។ ចំណែកព្រះសង្ឃក៏ដូចតាជី យាយជី មាតា បិតាបានអោយពរសព្វសាធុកា ដល់កូនចៅនិងពុទ្ធបរិស័តបានសេចក្ដីសុខ ជៀសផុតពីជំងឺ ឈឺថ្កាត់ រៀនសូត្រពូកែ រកសុីធ្វើការប្រកបដោយភាពចំរុងចំរើន។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៏ វង្ស ពិសេន ក៏ថ្លែងទៅកាន់ពុទ្ធបរិស័តពីការរីកចំរើន របស់ប្រទេសជាតិ និងក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន បានធ្វើអោយប្រទេសជាតិ មានសុខសន្តិភាពពេញផ្ទៃប្រទេស ហើយក៏បានផ្ដល់ឱកាសអោយបងប្អូនប្រជាពលរដ្ឋ មានសិទ្ធិសេរីភាពដើរកំសាន្ត ធ្វើបុណ្យទានទៅតាមប្រពៃណីរៀងៗខ្លួនផងដែរ៕