(សៀមរាប)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧នេះថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ដ រយៈពេល៤ថ្ងៃ ពោល គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ នៅលើទឹកដីអង្គរ ខេត្តសៀមរាប គឺទទួលភ្ញៀវទេសចរទាំងជាតិ និងអន្ដរជាតិសរុបជាង១.៦លាននាក់ ហើយបានចំណោយលុយ ចាយវាយជិត១០០លានដុល្លារ។

លោក ថោង ខុន បញ្ជាក់ថា ​«ស្ថិតិភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន មានចំនួនប្រមាណ១,៦៣១,៨០០នាក់ កើន​២២.៧៣ភាគរយ បើប្រៀបធៀបរយៈពេល​៤​ថ្ងៃដូចគ្នា ឆ្នាំ២០១៦ មានចំនួន ១,៣២៩,៥០០នាក់»។

លោរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ភ្ញៀវជាតិមានចំនួនប្រមាណ១,៦០០,០០០នាក់ កើន​​២៣.០៧ភាគរយ បើប្រៀបធៀបឆ្នាំ២០១៦ មាន១,៣០០,០០០នាក់។ រីឯភ្ញៀវអន្តរជាតិ ៣១,៨០០នាក់ កើន ៧.៨ភាគរយ ប្រៀបធៀបឆ្នាំ២០១៦ មាន២៩,៥០០នាក់។ ដោយឡែកចំពោះ ភ្ញៀវទេសចរ ដែលបានទិញសំបុត្រចូលអង្គរ រយៈពេល ៤ថ្ងៃ មានចំនួន​២៦,៤៩៩​នាក់ កើន​២២.៤៥% បាន​ចំណូល​១,២២៤,៨៨៥ដុល្លារ កើន​១០៤.៦៤ភាគរយ។

លោក ថោង ខុន បានពន្យល់អំពីចំណាយរបស់ភ្ញៀវជាតិ និង​អន្តរជាតិ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ថាមានចំនួនប្រមាណ​៩៥លានដុល្លាអាមេរិក ដោយគិតជាមធ្យម ក្នុង​រយៈពេលកំសាន្ត អង្គរសង្ក្រាននេះភ្ញៀវទេសចរជាតិ ចាយ​ប្រមាណ៥០​ដុល្លារ​ក្នុងម្នាក់ និងទេសចរអន្តរជាតិ​ចាយ ប្រមាណ៥០០​ដុល្លារក្នុងម្នាក់​។

លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលទើបបញ្ចប់ដោយជោគជ័យនេះ អ្វីៗបានប្រព្រឹត្តិទៅដោយរលូន គឺសន្តិសុខ សុវត្ថិភាព របៀបរៀបរយ សណ្តាប់ធ្នាប់ អនាម័យល្អ គ្មានការឡើងថ្លៃទំនិញហួសហេតុ រាប់ទាំងតម្លៃស្នាក់នៅ៕