(ភ្នំពេញ)៖ ១៧ ខែមេសា កាលពី៤២ឆ្នាំមុន ជាថ្ងៃនៃការឡើងកាន់អំណាចរបស់របបខ្មែរក្រហមនៅកម្ពុជា ក្រោយពីបានធ្វើសង្គ្រាម ៥ ឆ្នាំប្រឆាំងនឹងរបបសាធារណរដ្ឋខ្មែរ លន់ នល់។ មួយខែមុននេះគឺថ្ងៃទី១៨ ខែមីនា គឺជាខួបទី៤៧ នៃការធ្វើរដ្ឋប្រហាររបស់លោកសេនាប្រមុខ លន់ នល់ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពីតំណែងព្រះប្រមុខរដ្ឋ នាំកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម បំផ្លាញសន្តិភាព និងសេចក្តីសុខ ការអភិវឌ្ឍរបស់ប្រទេស និងប្រជាជនកម្ពុជា។ ក្រោមការដឹកនាំរបស់ខ្មែរក្រហមរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ប្រជាជនកម្ពុជាចន្លោះពី១,៧ លាននាក់ទៅ ២,២ លាននាក់ ត្រូវបានគេជឿថា បានបាត់បង់ជីវិតដោយការសម្លាប់ អត់អាហារ គ្មានថ្នាំសង្កូវព្យាបាលការធ្វើការងារ ហួសកម្លាំង និងអំពើអមនុស្សធម៌ផ្សេងទៀត។ ខឿនសេដ្ឋកិច្ច សង្គមវប្បធម៌ ហេរដ្ឋាសម្ព័ន្ធរបស់ប្រទេសត្រូវបានបំផ្លិចបំផ្លាញស្ទើរគ្មានសល់ ប្រជាជនកម្ពុជារស់នៅក្នុងឈាម និងទឹកភ្នែករងទុក្ខវេទនារកអ្វីប្រៀបផ្ទឹមពុំបាន។ ទោះបីជារបបខ្មែរក្រហមត្រូវបានផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩ ប៉ុន្តែសង្គ្រាមស៊ីវិលបានបន្តអូសបន្លាយ រហូតដល់ចុងទសវត្សរ៍ឆ្នាំ ១៩៩០។ នៅទីបំផុត សង្គ្រាមស៊ីវិលត្រូវបានបញ្ចប់នៅចុងឆ្នាំ ១៩៩៨ នៅពេលដែលរចនាសម្ព័ន្ធនយោបាយ និងយោធារបស់ខ្មែរក្រហមត្រូវ កម្ទេចចោលដោយនយោបាយឈ្នះ-ឈ្នះ។

ចាប់តាំងពីរបបខ្មែរក្រហមបានដួលរំលំទៅ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជំហរខ្លួនថា មិនដែលរារែកម្តងណាឡើយ នៅក្នុងដំណើរស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។ ក្នុងដំណើរស្វែងរកការពិតដែលបានកើតឡើងពីអតីតកាល និងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៩៧ រាជរដ្ឋាភិបាលកម្ពុជា បានសំណូមពរឲ្យអង្គការសហប្រជាជាតិ ជួយឧបត្ថម្ភបង្កើតសាលាជម្រះក្ដី ដើម្បីកាត់ទោសមេដឹកនាំជាន់ខ្ពស់ ខ្មែរក្រហម។ រាជរដ្ឋាភិបាលបានជឿជាក់ថា ឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរនេះ គឺជាការព្រួយបារម្ភរបស់មនុស្សគ្រប់រូបនៅទូទាំងសកល លោកពីព្រោះថា ឧក្រិដ្ឋកម្មទាំងអស់នេះ បានលុបបំបាត់នូវការគោរពសិទ្ធិមនុស្សជាមូលដ្ឋានមួយគឺសិទ្ធិសម្រាប់រស់រានមានជីវិត និងសង្ឃឹមថាអង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិអាចជួយសម្រួល ដល់ប្រជាជនកម្ពុជានៅក្នុងការស្វែងរកការពិតពីសម័យកាលនោះ និងនាំយកអ្នកទទួលខុសត្រូវទាំងនោះមកជំនុំជម្រះក្តី មានតែមធ្យោបាយមួយនេះទេដែលធ្វើឱ្យ សោកនាដកម្មមួយនេះ អាចឈានទៅដល់សេចក្តី បញ្ចប់មួយដោយពេញលេញ។

នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ១៩៩៧ មហាសន្និបាតរបស់អង្គការសហប្រជាជាតិបានអនុម័តយល់ព្រម ទៅលើយោបល់របស់តំណាងពិសេស របស់អង្គការសហប្រជាជាតិ ដែលបានថ្លែងថា ការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរបំផុត នៅក្នុងប្រវត្តិសាស្ត្រថ្មីៗរបស់ប្រទេសកម្ពុជា គឺបង្កឡើងដោយក្រុមខ្មែរក្រហម។ បន្ទាប់ពីដំណើរការចរចា អស់រយៈពេល ៦ ឆ្នាំរវាងរាជរដ្ឋាភិបាលកម្ពុជា និង ភាគីអង្គការសហប្រជាជាតិ កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខាឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៣ ក្នុងគោលបំណងធ្វើការជំនុំជម្រះក្តីលើជនពីរជំពូក ដែលត្រូវបានចោទប្រកាន់ថាមានការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តនៅចន្លោះថ្ងៃ ១៧ មេសា ១៩៧៦ និងថ្ងៃទី៦ មករា ១៩៧៩ ៖ ១) មេដឹកនាំជាន់ខ្ពស់នៃកម្ពុជាប្រជាធិបតេយ្យ និង ២)អ្នកដែលត្រូវបានជឿជាក់ថាមានការទទួលខុសត្រូវខ្ពស់បំផុតចំពោះការរំលោភបំពានធ្ងន់ធ្ងរលើច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិនេះ នឹងមិនជំនុំជម្រះក្តីទៅលើគ្រប់អតីតខ្មែរក្រហមទាំងអស់ឡើយ។

តុលាការនេះមានគោលបំណង ១៖ នាំយកនូវយុត្តិធម៌ដល់ជនរងគ្រោះនៃរបបខ្មែរក្រហមតាមរយៈយកអ្នកប្រព្រឹត្តមកទទួលខុសត្រូវចំពោះអំពើឧក្រិដ្ឋដែលខ្លួនប្រព្រឹត្ត ២-ធានានូវការចងចាំ និងការទប់ស្កាត់មិនឱ្យរបបវិលត្រឡប់មកវិញនូវរបបខ្មែរក្រហម ៣-ដើម្បីចងក្រងនូវរឿងរ៉ាវប្រវត្តិ សាស្ត្រដែលកាលឡើងពីអតីតកាល និងអប់រំដល់យុវជនជំនាន់ក្រោយអំពីរបបដ៏ខ្មៅងងឹតនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ៤-ពង្រឹងដំណើរការនីតិរដ្ឋនៅកម្ពុជា ៥-ពង្រឹងសម្ថភាពមន្ត្រីបុគ្គលិកជាតិលើផ្នែកច្បាប់ និងប្រព័ន្ធយុត្តិធម៌។ ការជំនុំជម្រះក្តីដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានេះ មិនមែនគ្រាន់តែដលម្បីស្វែងរកយុត្តិ ធម៌ទេ តែដើម្បីផ្តល់នូវការគោរព និងចងចាំចំពោះជនរងគ្រោះទាំងឡាយ ហើយចូលរួមទប់ស្កាត់កុំឱ្យ សោកនាដកម្មរបៀបនេះកើតឡើងសាជាថ្មីនៅគ្រប់ទីកន្លែងទាំងអស់នៅលើពិភពលោក។

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបើកដំណើរការនៅដើមខែកុម្ភៈ ឆ្នាំ ២០០៦។ តុលាការនេះ គឺជាតុលាការកម្ពុជា ដែលមានការចូលរួមពីសហគមន៍អន្ដរជាតិ ហើយអនុវត្ដទៅតាមស្ដង់ដារអន្ដរជាតិ ។ ដើម្បីជាផលប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់ រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំថា តុលាការជម្រះក្ដីត្រូវប្រព្រឹត្ដទៅ នៅក្នុងប្រទេសកម្ពុជាជាទីកន្លែងដែលបទល្មើសបាន កើតឡើង ដោយប្រើប្រាស់នូវមន្ដ្រី និងចៅក្រមកម្ពុជា គួបផ្សំជាមួយមន្ដ្រី និងចៅក្រមអន្ដរជាតិ។ ការជំនុំជម្រះក្តីនេះ គឺសម្រាប់ប្រជាជនកម្ពុជាទាំងមូល ហើយក៏ជាការចាប់ផ្តើមនៅក្នុងដំណើរស្វែងរកការពិត យុត្តិធម៌ លើកតម្កើងការផ្សះផ្សារជាតិ និងការបង្រួបបង្រួមជាតិ និងពង្រឹងសន្តិភាពផងដែរ ដោយនាំមកជំនុំជម្រះក្តីនូវបទឧក្រិដ្ឋនៅក្រោមច្បាប់កម្ពុជារួមមានៈ អំពើមនុស្សឃាត ការធ្វើទារុណកម្ម ការធ្វើទុក្ខបុកម្នេញខាងសាសនា។

បទឧក្រិដ្ឋនៅក្រោមច្បាប់អន្តរជាតិរួមមានៈ អំពើប្រល័យពូជសាសន៍ប្រឆាំងជនជាតិចាម និងជនជាតិវៀតណាមឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ (រួមមានអំពើមនុស្សឃាត ការសម្លាប់រង្គាល ការដាក់ជាទាសករ ការនិរទេស ការធ្វើទារុណ្មកម្ម និងបទឧក្រិដ្ឋផ្សេងទៀត នៃពីហិង្សាផ្លូវភេទ) អំពើរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ (រួមមានការប្រព្រឹត្តដោយខុសច្បាប់ទៅលើជនស៊ីវិលឬឈ្លើយសឹក ការវាយប្រហារលើគោលដៅជនស៊ីវិល និងបំផ្លាញស្ថាប័នអប់រំនិងសាសនា) ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិវប្បធម៌ (រួមមានការលួចបំផ្លិចបំផ្លាញអគារប្រវត្តិសាស្រ្ត ទីតាំងបុរាណវិទ្យា សារមន្ទីរ ស្នាដៃសិល្បៈឬប្រវត្តិសាស្រ្ត សៀវភៅសំខាន់ៗ និងបណ្ណាល័យ)ឧក្រិដ្ឋកម្មប្រឆាំងនឹងក្រុមមនុស្សដែលត្រូវបានការពារដោយច្បាប់អន្តរជាតិ (មន្ត្រីទូត)។

រហូតមកទល់ពេលនេះ សាលាក្តីខ្មែរក្រហមបានដំណើរការ១០ឆ្នាំមកហើយ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងដំណើរស្វែងរកការពិត និងយុត្តិធម៌សម្រាប់ ជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម ដោយបានចាប់ខ្លួនអតីតមេដឹកនាំជាន់ខ្ពស់ ៥ រូបមកជំនុំជម្រះក្តី។ នៅក្នុងសំណុំរឿង០០១ ពាក់ព័ន្ធនឹង ឧក្រិដ្ឋកម្មដែលកើតឡើង នៅគុកទួលស្លែង បឹងជើងឯងនិងតំបន់ជុំវិញនេះ អង្គជំនុំជម្រះបានសម្រេចផ្តន្ទា ទោស កាំង ហ្គេកអ៊ាវ ហៅឌុច ដាក់ពន្ធនាគារអស់មួយជីវិតចំពោះឧក្រិដ្ឋកម្មប្រឆាំង នឹងមនុស្សជាតិ និង ឧក្រិដ្ឋកម្មសង្គ្រាមដែលធ្វើឱ្យជនរងគ្រោះជាង ១២០០០ នាក់បានស្លាប់បាត់បង់ជីវិត។ បច្ចុប្បន្ននេះ ឌុច មានអាយុ ៧៦ ឆ្នាំ និងកំពុងអនុវត្តទោស ជាប់ពន្ធនាគារអស់មួយជីវិតគាត់នៅពន្ធនាគារខេត្តកណ្តាល។ នៅក្នុងសំណុំរឿង ០០២ ក្រៅពីជនជាប់ចោទ អៀង សារី និងអៀង ធីរិទ្ធ ដែលបានស្លាប់បាត់បង់ជីវិត អតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម នួន ជា (អាយុ ៩០ឆ្នាំ) និង ខៀវ សំផន (អាយុ ៨៥ ឆ្នាំ) ត្រូវ បានអង្គជំនុំជម្រះសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង ០០២/០១ ដែលត្រូវបាន ចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ពាក់ព័ន្ធនឹងការជម្លៀសប្រជាជនដោយបង្ខំដំណាក់ កាលទី១ និងទី២។ ជនជាប់ចោទទាំងពីរក៏កំពុងប្រឈមនឹងការជំនុំជម្រះក្តីក្នុងសំណុំរឿង ០០២/០២ ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ប្រឆាំងនឹងជនជាតិចាម និងជនជាតិវៀតណាម។ សាលក្រមក្នុងសំណុំរឿង ០០២/០២ ត្រូវបានរំពឹងថា នឹងប្រកាសនៅដើមឆ្នាំ ២០១៨។

១៧ ខែមេសា ឆ្នាំ ២០១៧ គឺនៅតែជាថ្ងៃដ៏សែនសោកសៅរបស់ប្រជាជនកម្ពុជាទាំងមូលដែលប្រទេសរបស់ខ្លួនត្រូវបានធ្លាក់ទៅក្នុងរបបវាលពិឃាត។ ប្រជាពលរដ្ឋជាពិសេសអ្នកធ្លាប់រស់នៅ និងឃើញ ព្រឹត្តិការណ៍នៅទីក្រុងភ្នំពេញពេលខ្មែរក្រហមឡើងកាន់អំណាចពិតជានៅចងចាំ។ យោងតាមសាលក្រមសំណុំរឿង ០០២/០១ ប្រឆាំងនឹងអតីតមដឹកនាំខ្មែរក្រហម នួន ជា និងខៀវ សំផន ប្រកាសដោយអង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា កងទ័ពខ្មែរក្រហមបានបង្ខំឲ្យប្រជាជនយ៉ាងតិច ២ លាននាក់ ផ្លាស់ទីលំនៅចេញពីទីក្រុងភ្នំពេញ ដោយប្រើលេសកុហក់ និងគំរាមកំហែង ដោយភ្ជង់កាំភ្លើងដោយស្ទើរតែគ្មានប្រាប់ដំណឹងជាមុនអ្វីឡើយ និងដោយបំភិតបំភ័យ និងដោយអំពើហិង្សា។

នៅពេលដែលបណ្តេញចេញនោះ ប្រជាជនទីក្រុងភ្នំពេញ មានភាពខ្សោយយ៉ាងខ្លាំងដោយសារ តែការហ៊ំព័ទ្ធដោយការខ្វះស្បៀងអាហារ។ នៅក្នុងស្ថានភាពចុះខ្សោយនេះ ប្រជាជនត្រូវបានបង្ខំឲ្យដើរទៅតំបន់ដាច់ស្រយាល ក្នុងអំឡុងពេលដែលជាពេលវេលាក្តៅបំផុតនៃឆ្នាំ និងគ្មានម្ហូបអាហារ ទឹក ថ្នាំពេទ្យ ទីជម្រក ឬការដឹកជញ្ជូន។ ប្រជាជនទាំងអស់ដែលរស់នៅក្នុងទីកក្រុងភ្នំពេញ ត្រូវបានជម្លៀសចេញ ស្ទើរតែគ្មានការលើកលែង រួមទាំង ព្រះសង្ស ជនចាស់ជរា និងកុមារ ដែលមានជំងឺ និងមានរបួស ឲ្យចេញពីមន្ទីរពេទ្យ ស្ត្រីមានផ្ទៃពោះ និង ស្ត្រីដែលទើបបានសម្រាលកូនរួច។ ពួកខ្មែរក្រហមបានបាញ់សម្លាប់ និងសម្លាប់ប្រជាជនស៊ីវិលស្រស់ៗយ៉ាងច្រើន នៅក្នុងអំឡុងពេលនៃជម្លៀសនោះ ខណៈដែលប្រជាជនជាច្រើនទៀត បានស្លាប់ដោយសារភាពហេវហត់អស់កម្លាំងខ្លាំង អត់អាហារ ឬជំងឺ។ នៅក្នុងអំឡុងពេលនៃការផ្លាស់ទីលំនៅប្រជាជន​ ដោយបង្ខំដំណាក់កាលទី២ នៅចន្លោះខែកញ្ញា ឆ្នាំ១៩៧៥ ដល់ខែធ្នូ ឆ្នាំ១៩៧៧ មានប្រជាជនយ៉ាងតិច ៣៣០.០០០ ទៅ ៤៣០.០០០ នាក់ ត្រូវបានបង្ខំឲ្យផ្លាស់ទីលំនៅទៅ តាំង ទីលំនៅកន្លែងផ្សេងៗ នៅទូទាំងប្រទេសកម្ពុជា។

ប្រជាជនភាគច្រើនត្រូវបានគេបញ្ជាឲ្យចាកចេញពីទីលំនៅរបស់ខ្លួន និង បញ្ជូនចេញដោយមានកងទ័ពខ្មែរ ក្រហមយាមកាមជាប់ជានិច្ច។ ប្រជាជនណាដែលបដិសេធ មិនព្រមចាកចេញ ឬ ប៉ុនប៉ងគេចខ្លួន ត្រូវបានចាប់ខ្លួន ឃុំខ្លួន ឬ បង្ខំឲ្យចាកចេញបន្ថែមទៀត។ ប្រជានជនត្រូវបានធ្វើដំណើរតាមមធ្យោបាយផ្សេងៗ រួមមាន ឡាន កាណូត រទេះគោ ឬ ថ្មើរជើង។ ប្រជាជនទាំងនោះត្រូវបានគេឃ្លាំមើលជានិច្ច គ្មានទឹក និងគ្មានម្ហូបអាហារគ្រប់គ្រាន់ និងមិនត្រូវបានអនុញ្ញាតឲ្យយករបស់របរអ្វីជាប់នឹងខ្លួន ឡើយ។ កងទ័ពខ្មែរក្រហមបានយាមកាមជាប់ជានិច្ចចំពោះអ្នកដែលធ្វើដំណើរតាមរថយន្ត ហើយនិងបានបាញ់សម្លាប់ចោល ចំពោះអ្នកដែលព្យាយាមរត់គេច។ ប្រជាជានខ្លះបានស្លាប់ ដោយសារតែភាពហេវហត់អស់កម្លាំងខ្លាំង អត់អាហារ ឬជំងឺ។ អតីតមេដឹកនាំខ្មែរក្រហម នួន ជា និងខៀវ សំផន ត្រូវបានសាលាក្តីខ្មែរក្រហមរកឃើញថា ជាអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មទាំងនេះ និងបានសម្រេចផ្តន្ទាទោសដាក់ពន្ធនា គារអស់មួយជីវិត។

តាមរយៈដំណើរការស្វែងរកការពិត និងយុត្តិធម៌របស់សាលាក្តីខ្មែរក្រហម ប្រវត្តិសាស្ត្រនៃរបបខ្មែរ ក្រហមត្រូវបានចងក្រង ការពិតជុំវិញឧក្រិដ្ឋកម្មដែលកើតឡើងត្រូវបាន លាតត្រដាង យុត្តិធម៌ត្រូវបានផ្តល់ ជូនជនរងគ្រោះ និងបានចូលរួមក្នុងការផ្សះផ្សារផ្លូវចិត្តជនរងគ្រោះតាមរយៈការផ្តល់សំណងផ្លូវចិត្ត និង សមូហភាព និងការពង្រឹង ការយល់ដឹង និងការចងចាំររបស់ប្រជាជនកម្ពុជា ជាពិសេសយុវជនជំនាន់ក្រោយដែលកើតមិនទាន់របបខ្មែរក្រហម តាមរយៈដំណើរទស្សនកិច្ចសិក្សាមកកាន់ សាលាក្តីខ្មែរក្រហម និងទៅកាន់ទីតាំងឧក្រិដ្ឋកម្មផ្សេងទៀត ដូចជាគុកទួលស្លែង និងបឹងជើងឯក និងការចុះផ្សព្វផ្សាយរបស់ មន្ត្រីផ្នែកកិច្ចការសាធារណៈនៅតាមភូមិឃុំ វត្តអារាម និងតាមសាលារៀននានានៅក្នុងប្រទេសកម្ពុជា។ ៣៨ឆ្នាំក្រោយពីរបបខ្មែរក្រហមដួលរំលំ ជនរងគ្រោះនៃរបបខ្មែរក្រហមបានទទួលនូវការពិត និងយុត្តិធម៌ ដែលនេះ គឺជាកិច្ចខិតខំប្រឹងប្រែង និងការជួយគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិ ប្រទេសម្ចាស់ជំនួយ សហគមន៍អន្តរជាតិ មន្ត្រីបុគ្គលិក ចៅក្រម ព្រះរាជអាជ្ញាជាតិ និងអន្តរជាតិ រួមនឹង ការគាំទ្ររបស់សាធារណជនចំពោះបេសកកម្មរបស់សាលាក្តីខ្មែរក្រហម។ សាលាក្តីខ្មែរក្រហម ដែលបង្កើតឡើងមិនមែនដើម្បីសងសឹកឡើយ គឺបំពេញតួនាទីក្នុងបុព្វហេតុយុត្តិធម៌ និងសន្តិភាព៕

ដោយ នេត្រ ភក្ត្រា មន្ត្រីនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា