(ព្រៃវែង)៖ មន្រ្តីគយនៅច្រកព្រំដែនខេត្តព្រៃវែង បានទម្លាយឲ្យដឹងថា នៅមុនពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឈើប្រណិតចំនួន៧រថយន្តធំៗ ត្រូវបានឈ្មួញលួចនាំចេញទៅ ប្រទេស វៀតណាម យ៉ាងស្ងៀមតាមច្រកម៉ឺនជ័យ ក្នុងខេត្តព្រៃវែង ដោយមានឈ្មោះ រ៉េន ជាអ្នករត់ការ និងឧកញ៉ាល្បីម្នាក់នៅខេត្តកំពង់ចាមជាអ្នកនៅពីក្រោយខ្នង។

មន្រ្តីគយនៅច្រកព្រំដែនខេត្តព្រៃវែងដដែលរូបនោះ បានទម្លាយទៀតថា ការលួចនាំចេញឈើចំនួន៧រថយន្តនេះ មានការឃុបឃិតគ្នារវាងមន្រ្តីពាក់ព័ន្ធនៅមាត់ ច្រកទ្វារ ជាមួយឈ្មួញឈើ ដូចជា ប្រធានមាត់ច្រក, ប្រធានសាខាគយ និងប៉ូលិសច្រកផងដែរ​។
តាមការឲ្យដឹងថា ឈើនោះបាននាំចេញតាំងពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ ចំនួន៥គ្រឿង និងថ្ងៃទី១២ ខែមេសា ចំនួន២គ្រឿងទៀត សរុបទាំង៧គ្រឿង ពោលមុនចូលឆ្នាំប្រពៃណីខ្មែរ ហើយនៅប៉ុន្មានថ្ងៃនេះ មន្រ្តីគយរបស់វៀតណាម ទើបវាយត្រាចេញលិខិតឲ្យនាំចូលបាន៕