(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី១៧​ ខែមេសា​ ​ឆ្នាំ២០១៧នេះ​ ដែលជាថ្ងៃជាខួបលើកទី៤២ឆ្នាំ នៃការដួលរលំរបប លន់​ នល់​ ដែលគាំទ្រដោយសហរដ្ឋអាមេរិក ​(១៧​ ខែមេសា​ ឆ្នាំ​១៩៧៥​ -១៧​ ខែមេសា​ ឆ្នាំ២០១៧)​ បានសរសេររៀបរាប់នូវការរងទុក្ខវេទនា ដោយសារភ្លើងសង្គ្រាម ទាំងការទម្លាក់គ្រាប់បែកអាមេរិក និងការធ្លាក់ចូលទៅក្នុងរបបអាវខ្មៅ ប្រល័យពូជសាសន៍ ប៉ុល ពត។

ជាមួយគ្នានេះ លោក ហេង រតនា បានចោទប្រកាន់ចំៗ ទៅលើសហរដ្ឋអាមេរិក បានគាំទ្រដល់រដ្ឋាភិបាល លន់ នល់ ដែលបានទម្លាក់គ្រាប់បែករាប់លានតោន​ រួមមាន គ្រាប់បែកតូច-ធំ​ គ្រាប់បែកចង្កោម​ (ជាង៣០លានគ្រាប់)​ និងគ្រាប់បែកគីមីផងដែរ មកលើប្រទេសកម្ពុជា រហូតធ្វើរដ្ឋប្រហារទម្លាក់ សម្តេចនរោត្តមសីហនុ ដែលបានធ្វើឲ្យ ប្រទេសកម្ពុជា បន្តធ្លាក់របបប្រល័យពូជសាសន៍ខែ្មរក្រហម។

លោក ហេង រតនា បានរៀបរាប់ថា សង្គ្រាមវៀតណាម-អាមេរិក​ បានចាប់ផ្តើមនៅថ្ងៃទី០១​ ខែវិច្ឆិកា ឆ្នាំ១៩៥៥​ ដល់ឆ្នាំ១៩៧៥​ សង្គ្រាមនេះ បានរាលដាលចូលមកកម្ពុជា​ ចាប់ផ្តើមឆ្នាំ១៩៦២​ ដោយសហរដ្ឋអាមេរិក បានទំលាក់គ្រាប់បែក និងរហូតដល់ធ្វើរដ្ឋប្រហារយោធាទំលាក់ សម្តេចព្រះនរោត្តមសីហនុ​ ព្រះបរមរតនកោដ នៅថ្ងៃទី១៨​ ខែមីនា​ ឆ្នាំ១៩៧០​។​ ក្រោយរដ្ឋប្រហារកំលាំងយោធារបបលោក​ លន់​ នល់ មានការគាំទ្រកាន់តែខ្លាំងក្លា និងចំហរពីសហរដ្ឋអាមេរិក ​ដោយធ្វើការទំលាក់គ្រាប់បែក រាប់លានតោន​ រួមមានគ្រាប់បែកតូច-ធំ​ គ្រាប់បែកចង្កោម​ (ជាង៣០លានគ្រាប់)​ និងគ្រាប់បែកគីមីផងដែរ។​ ចលនាសង្គ្រាមសម្លាប់រង្គាលនេះ​ បានជួយរុញច្រានឲ្យកើតមាន របបប្រល័យពូជសាសន៍ខែ្មរក្រហមនៅកម្ពុជា​។

សង្គ្រាមជាង១០ឆ្នាំនេះ​ (១៩៦២-៧៥)​ បានបង្កនូវទុក្ខវេទនា មហាធ្ងន់ធ្ងរលើប្រជាជនកម្ពុជា​ និងបន្តចូលរបបប្រល័យពូជសាសន៍ខែ្មរក្រហម ៣ឆ្នាំ៨ខែ២០ថ្ងៃទៀត​ ធ្វើឲ្យប្រជាជនកម្ពុជាជាង២លានបានស្លាប់​។​ សង្គ្រាមមិនអាចរលត់បានឡើយ នៅឆ្នាំ១៩៧៩ បានបន្តសង្គ្រាមស៉ីវិលជាង២០ឆ្នាំទៀត​ ពោលរហូតដល់ចុងឆ្នាំ១៩៩៨ ទើបបានបញ្ចប់។​ មានន័យថាកម្ពុជា ទើបមានសុខសន្តិភាពពេញលេញតែប្រមាណជិត២០ឆ្នាំប៉ុណ្ណោះ​ ក្រោយពីមានសង្គ្រាមជាង៣៥ឆ្នាំ។ ​

អគ្គនាយករូបនេះលើកឡើងទៀតថា រយៈពេលកន្លងផុតទៅ៤២ឆ្នាំ​ហើយ។ តែព្រឹតិ្តការណ៍នេះ ហាក់ដូចជាស្ថិតនៅថ្មីស្រឡាងនៅឡើយ​ ដោយសារនៅថ្ងៃនេះ មានប្រជាពលរដ្ឋអបអរសាទរផង និងភ័យខ្លាចផង​។​ អបអរសាទរដោយសារឮថាសង្គ្រាម ដែលមានចំណាស់ជាង១០ឆ្នាំត្រូវបញ្ចប់ទាំងស្រុង​។ រីឯភយ័ខ្លាចដោយសារ ត្រូវជន្លៀសចេញ ពីគ្រប់ផ្ទះសំបែង និងទីក្រុង ទីប្រជុំជនវិលចូលព្រៃវិញ​ ក្រោមហេតុផលថា អាមេរិកអាចវិលត្រឡប់មក ទំលាក់គ្រាប់បែកជាការសងសឹក។​ ក្តីសង្ឃឹ​មបានក្លាយ ជាផេះផង់​ របបប្រល័យពូជសាសន៍ បានសម្លាប់និងកំទេចគ្មានសល់។​ គ្រួសារបែកបាក់​ ជនភៀសខ្លួនរស់នៅតាមជំរុំ​ អ្នកខ្លះមានឱកាសទៅកសាងជីវិតថី្មនៅអាមេរិក​ អូស្រ្តាលី​ អឺរ៉ុប​ កាណាដា​ ជាដើម។ល។

លោក ហេង រតនា បានសង្កត់ធ្ងន់ថា «៤២ឆ្នាំ​ យើងជាប្រជាជនខែ្មរត្រូវតែចងចាំ នូវអនុស្សារីយ៍ដ៏ខ្មៅងងឹតនេះ​ និងត្រូវតែនាំគ្នាពូនជ្រុំ និងការពារសន្តិភាព​ ដើម្បីសុខដុមរមនីកម្មសង្គមជាតិខែ្មរ​​ និងរួមគ្នាកសាងនិងអភិវឌ្ឍន៍ជាតិយើងឡើងវិញ»