(ភ្នំពេញ)៖ ដោយមានការណែនាំពី​នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដោយពិនិត្យឃើញថា គ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ថ្ងៃចុងក្រោយម្សិលមិញនេះ កើនឡើងគួរឲ្យបារម្ភនោះរហូតដល់៣៦លើក ស្លាប់១៨នាក់ និងរបួស៦៤នាក់នោះ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានអំពាវនាវដល់អ្នកបើកបរគ្រប់រូប​ ត្រូវគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ពិសេសសូមកុំបើកបរល្មើសល្បឿនកំណត់ កុំវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងកុំបើកបរក្នុងស្ថានភាពស្រវឹង ព្រោះ ថ្ងៃនេះជាថ្ងៃដែលបងប្អូនប្រជាពលរដ្ឋ សម្រុកអញ្ជើញត្រឡប់ ពីស្រុកកំណើតត្រឡប់មក បំពេញការងារវិញ។

លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ទៀតថា ករណីនគរបាលត្រួតពិនិត្យឃើញល្មើសល្បឿនកំណត់ ឬមានជាតិស្រវឹងលើសកម្រិតកំណត់ ក្នុងពេលបើកបរនគរបាលចរាចរណ៍ នឹងធ្វើការពិន័យអន្តរការណ៍ តាមអនុក្រឹត្យលេខ៨៥ ស្តីពីការពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើស និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឬកសាងសំណុំរឿងបញ្ជូន ទៅតុលាការតាមមាត្រា៧៧ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

សូមជម្រាបថា រយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពោលចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០១៧ (គិតត្រឹមម៉ោង២រសៀលថ្ងៃទី១៦ ខែមេសា) គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងចំនួន៩៥ករណី ស្លាប់មនុស្ស៤៣នាក់ ខណៈមនុស្ស១០២រងរបួសធ្ងន់ និង៧៧នាក់របួសស្រាល។

សម្រាប់មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន អ្នកបើកបរក្នុងល្បឿនលឿន ស្រវឹង ប្រជែង មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ បត់គ្រោះថ្នាក់ កត្តាយានយន្ត និងងងុយដេកជាដើម។

គ្រោះថ្នាក់ចរាចរណ៍រយៈពេល៤ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មីនេះ បានថយចុះបើធៀននឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ទាំងចំនួយគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងអ្នករបួស៕