(សេអ៊ូល)៖ ថ្លែងប្រាប់ពីប្រទេសកូរ៉េខាងត្បូង ទីដែលកំពុងមានសភាពតានតឹងផ្នែកយោធា, លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ លោក ​អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ «មហាសង្រ្កាន្ដខ្មែរ» នៅឧស្យាន Manseok ទីក្រុងស៊ូវ៉ុន ប្រទេសកូរ៉េ រៀបចំដោយស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហគមន៍ខ្មែរនៅកូរ៉េ ដោយមានអ្នកចូលរួមប្រមាណជិត២ម៉ឺននាក់។

នៅក្នុងឱកាសនេះលោករដ្ឋមន្រ្តី បាន​ពាំនាំ​មក​នូវ​សេចក្ដី​នឹក​រលឹក​ ការ​ផ្ដាំផ្ញើ​សាក​សួរ​សុខទុក្ខ​ពីសំណាក់​ប្រមុខរាជរដ្ឋាភិបាល​ សម្ដេច​តេជោ​ ហ៊ុន​សែន​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ជូន​ដល់​បងប្អូន​ខ្មែរ​រស់​នៅ​កូរ៉េខាងត្បូង​ទាំង​អស់​ សូម​ប្រកបដោយ​ពុទ្ធ​ពរ​ទាំង​ ៤ ប្រការ អាយុ​ វណ្ណៈ ​សុខៈ ពលៈ កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​ និង​សូម​ឆ្នាំ​ថ្មី​នាំ​មក​នូវ​ជោគជ័យ​សេរី​សួស្ដី​គ្រប់​ប្រការ​ ដល់​បងប្អូន​ខ្មែរ​ទាំង​អស់​។

សូមជំរាបថា ការរៀបចំមហាសង្រ្កាន្តខែ្មរ នាពេលនេះគឺដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលជា​បុណ្យ​ប្រពៃណី​ដ៏ធំ​របស់​ប្រជាជន​ខ្មែរ​យើង​ ដើម្បី​ជួប​ជុំ​មហាគ្រួសារខ្មែរ​ ធ្វើ​បុណ្យទាន​ ឧទ្ទិស​កុសល​ជូនដល់​វិញ្ញាណក្ខន្ធ​លោក​អ្នក​មាន​គុណ​ទាំង​ឡាយ​ ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរលោក​ ទុក​ជា​ការ​តបស្នង​សងគុណ​ដល់​បុព្វការី​ជន​ជា​ទី​គោរព​ស្រឡាញ់​នៃយើង។​ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​យើង​ ក៏​ជា​ឱកាស​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ជួប​ជុំ​គ្នា​លេង​កម្សាន្ត​ សប្បាយ​នូវ​ល្បែងល្បាំ​ប្រជាប្រិយ​ដោយ​មិន​ប្រកាន់​អ្វី​ទាំង​អស់​។ នេះជា​ប្រពៃណី​ជាតិ​ខ្មែរ​យើង​ដ៏​រុងរឿង​ល្អ​ផូរផង់​របស់​ខ្មែរ​យើង​ ដែលគេ​តែង​គោរព​កោត​សរសើរ​។

ការ​រៀបចំ​កម្មវិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​យើង​នៅ​កូរ៉េ​ ពិត​មែន​មិន​អាច​គ្រប់​គ្រាន់​ដូច​យើង​នៅ​ជួប​ជុំ​គ្រួសារ​នៅ​ស្រុក​កំណើត​(កម្ពុជា) តែ​បញ្ជាក់​ថា ​ខ្មែរ​យើង​ទោះ​ដល់​ទី​ណាក៏​នៅ​ជា​ខ្មែរ​ ទោះ​ជា​សម្បូរ​សប្បាយ​យ៉ាង​ណា​ក្ដី​ក៏​ខ្មែរ​មិន​ភ្លេច​ប្រពៃណី​វប្បធម៌​ខ្មែរឡើយ​។

ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា ​និង​ក្រសួង​ការ​ងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ​សូម​គោរព​កោត​សរសើរ​បងប្អូន​ខ្មែរ​រស់​នៅ​កូរ៉េខាងត្បូង​ទាំង​អស់​ ពិត​ជា​កុលបុត្រ​ខ្មែរ​ស្នេហា​ជា​តិ ​ជា​ពូជពង្ស​ខ្មែរ​អង្ករ​ដ៏រុងរឿងប្រាកដមែន។ ព្រមជាមួយនោះលោកក៏បានជម្រាបជូនអំពីវឌ្ឍនភាពដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់​សមេ្តចតេជោ ដែលកំពុង​តែ​មាន​ការរីក​ចម្រើន​ប្រកបដោយសន្តិភាព ស្ថិរភាព ការអភិ​វឌ្ឍ និងកិច្ច​សហ​ប្រតិ​បត្តិ​ការ និងសម្រេចបាននូវសមិទ្ធផលជាច្រើន។ នាឱកាសនេះលោករដ្ឋមន្រ្តី សូមជូនពរដល់បងប្អូន ខ្មែរ ដែលរស់នៅ និងធ្វើការនៅកូរ៉េ​ទាំងអស់ ក្នុងឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ សូមប្រកប​ដោយពុទ្ធពរ​ទាំង​ ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ និង ពលៈកុំបី​ឃ្លៀង​ឃ្លាតឡើយ៕