(កូរ៉េខាងត្បូង)៖ ឆ្លើយតបនឹងស្ថានភាពតានតឹងនៅឧបទ្ធីបកូរ៉េ, លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុងអមដំណើររដ្ឋមន្ត្រីក្រសួងការងារ លោក អ៉ិត សំហេង ចូលរួមប្រារព្ធពិធីអបអរសាទរសង្ក្រាន្តឆ្នាំថ្មី នៅប្រទេសកូរ៉េ ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅទីនោះ បានអំពាវនាវពីទីក្រុងសេអ៊ូល តាមរយៈបណ្តាញព័ត៌មាន Fresh News ដល់សាធារណជន ឪពុកម្តាយ និងក្រុមគ្រួសារ ពលករ ស្ត្រីរៀបការស្វាមីកូរ៉េ សូមមេត្តារក្សាភាពស្ងៀមស្ងាត់ និងកុំព្រួយបារម្ម ចំពោះស្ថានភាពតានតឹងនៅឧបទ្វីបកូរ៉េ។

លោក ហេង សួរ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១៦ ខែមេសានេះថា រាជរដ្ឋាភិបាលបានតាមដានយ៉ាងយកចិត្តទុកដាក់ អំពីការវិវត្តនៅក្នុងឧបទ្វីបកូរ៉េ និងបានត្រៀមនូវវិធីសាស្ត្រចាំបាច់សម្រាប់គ្រប់គ្រង សុវត្ថិភាព របស់ប្រជាពលរដ្ឋកម្ពុជានៅទីនោះ។

អ្នកនាំពាក្យរូបនេះ បានថ្លែងប្រាប់យ៉ាងដូច្នេះថា «វត្តមានរបស់ប្រតិភូយើងខ្ញុំនៅទីនេះ (ប្រទេសកូរ៉េ) គឺជាសារមួយ ដើម្បីបញ្ជាក់ជូនឪពុកម្តាយ និងក្រុមគ្រួសាររប់របស់ពលករ ស្ត្រីរៀបការស្វាមីកូរ៉េថា នៅសាធារណរដ្ឋកូរ៉េផ្ទាល់ គឺមានសុវត្ថិភាព ហើយប្រជាពលរដ្ឋកូរ៉េ មិនមានការព្រួយបារម្ភអ្វីមួយឡើយ។ យើងខ្ញុំមានការតាមដាន យ៉ាងយកចិត្តទុកដាក់រអំពីការវិវត្ត នៅក្នុងឧបទ្វីបកូរ៉េ និងបានត្រៀមនូវវិធីសាស្ត្រចាំបាច់ សម្រាប់គ្រប់គ្រង សុវត្ថិភាព ប្រជាពលរដ្ឋយើងនៅទីនេះ ស្របទៅតាមការវិវត្តជាក់ស្តែង។ ហេតុដូច្នេះសូមសាធារណជន ជាពិសេសឪពុកម្តាយ និងក្រុមគ្រួសារពលករ មេត្តារក្សាស្ថានភាព ស្ងៀមស្ងាត់ និងកុំព្រួយបារម្ភ ចំពោះស្ថានភាពតានតឹងនៅទីនេះ។ ជាទូទៅខែមេសាតែងតែជាខែ ដែលភាគីពាក់ព័ន្ធធ្វើការផ្លាស់ប្តូរ វោហាសព្ទចោទគ្នាទៅវិញទៅមកនឹងគ្នា»

លោក ហេង សួរ បានបញ្ជាក់ទៀតថា ក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូក្រសួងការងារ ក្រៅពីជួបសំណេះសំណាលជាមួយបងប្អូនពលករ ស្ត្រីរៀបការស្វាមីកូរ៉េ និងនិស្សិតដែលកំពុងសិក្សា និងស្នាក់នៅក្នុងប្រទេសកូរ៉េ, នៅថ្ងៃស្អែកទី១៧​ ខែមេសា គណៈប្រតិភូនឹងជួបពិភាក្សាការងារជាមួយអង្គភាព HRD-Korea ដើម្បីបង្កើនកូតា និងទីផ្សារសម្រាប់ពលករកម្ពុជា ព្រមទាំងចូលរួមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ផ្ទះស្នាក់នៅបណ្តោះអាសន្នរបស់ពលករ នៅក្រុងអ៉ឺយចុងប៊ុផងដែរ។

ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េ លោក ឡុង ឌីម៉ង់ ក៏បានបញ្ជាក់ប្រាប់ Fresh News នៅថ្ងៃទី១៦ ខែមេសានេះថា ស្ថានភាពនៅកូរ៉េខាងត្បូង មានសភាពស្ងប់ស្ងាត់ ដោយប្រជាជនរស់នៅ និងការធ្វើដំណើរដោយធម្មតា បើទោះមានព័ត៌មានថា កូរ៉េខាងបានបាញ់សាកល្បងមីស៉ីល តែទទួលបរាជ័យក៏ដោយ។ លោក ឡុង ឌីម៉ង់ បានបន្តថា រហូតមកដល់ពេលនេះ លោកមិនទាន់ទទួលបានគោលការណ៍ ណែនាំពីរាជរដ្ឋាភិបាល និងក្រសួងការបរទេសនៅឡើយទេ ចំពោះស្ថានភាពនៅទីនេះ៕