(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំខ្មែរ មានប្រជាពលរដ្ឋប្រមាន៣ម៉ឺននាក់ ចូលរួមលេងសប្បាយ នៅសង្ក្រាន្តវត្តភ្នំ ខណៈ ថ្ងៃទី១ នៃពិធីបុណ្យចុលឆ្នាំខ្មែរ មានប្រជាបពលរដ្ឋប្រមាណ១ម៉ឺននាក់ បាន ចូលរួមលេងសប្បាយ។ នេះបើតាម facebook ផ្លូវការរបស់ លោក ប៉ា សុជាតិវង្ស បានបង្ហោះឲ្យដឹង នៅមុននេះបន្តិច។

យោងតាម Facebook ផ្លូវការរបស់ លោក ប៉ាសុជាតិវង្ស បានបញ្ជាក់ដូច្នេះថា «សង្ក្រាន្តវត្តភ្នំ ថ្ងៃទីពីរ! ពិភពលោកកំពុងស្ថិតក្នុងបរិបទនៃការប្រកួតប្រជែងទីផ្សារសេរីគួរឱ្យខ្លាច ប្រទេសតូចៗជាច្រើនដែលជាគោលដៅប្រកួតប្រជែង ត្រូវបានគេកម្ទេច បង្កចលាចល បង្កអសន្តិភាព វិនាសកម្មគ្មានថ្ងៃវិលវិញ។ តើមាននរណាដឹងថា កម្ពុជាត្រូវបានគេបង្កើតបញ្ហាអ្វីខ្លះ និងហេតុអ្វីបានជាកម្ពុជាអាចរក្សាសន្តិភាពជូនប្រជាពលរដ្ឋបានដូចសព្វថ្ងៃនេះ?
ប្រជាពលរដ្ឋទូទាំងប្រទេសរស់នៅតាមស្ថានភាពរៀងៗខ្លួនក្រោមម្លប់នៃសន្តិភាព។ ពេលវេលាបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពលរដ្ឋសប្បាយរីករាយគ្រប់ទីកន្លែង ដោយឡែកសម្រាប់រាជធានីភ្នំពេញ បានរៀបចំសង្ក្រាន្តវត្តភ្នំរយៈពេល ៣ថ្ងៃពេញ ហើយថ្ងៃទី២នេះ មានប្រជាពលរដ្ឋចូលរួមលេងសប្បាយប្រមាណជា ៣ម៉ឺននាក់»។

បន្ថែមពីលើនេះ អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា «ខ្ញុំសង្ឃឹមថា បងប្អូនប្រាកដជាយល់ និងមើលឃើញយ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាពរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ»

កាលពិថ្ងៃទី០១ ថ្ងៃដំបូងនៃពិធិចុលឆ្នាំខ្មែរ មានប្រជាពលរដ្ឋជាង ១ម៉ឺននាក់ ចូលរួមលេងល្បែងប្រជាប្រិយ រាំលេងកម្សាន្ត នៅវត្តភ្នំ ។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ សាលារាជធានីភ្នំពេញ បានរៀបចំពិធីកម្សាន្តសប្បាយជាច្រើន ដូចជា ការលែងល្បែងប្រជាប្រិយ រាំលែងកម្សាន្ត និងពិធីសាសនាជាច្រើន នៅរមនីយដ្ឋានវត្តភ្នំ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ៕