(សៀមរាប)៖ ការប្រកួតកីឡាអុកចត្រង្គ អបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅលើទឹកដីអង្គរ ខេត្តសៀមរាប បានបញ្ចប់ជាស្ថាពរហើយ ដោយតំណែងជើងឯកស្ដេចអុកចត្រង្គអង្គរសង្ក្រាន្ដ ឆ្នាំ២០១៧ បានទៅកីឡាករ ហេង សៅឌី បន្ទាប់ពីរូបគេ បានប្រកួតឈ្នះកីឡាករ ប៊ិន គាសេង នៅក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រនាព្រឹកថ្ងៃទី១៦ ខែមេសានេះ ។

ពិតជាអស្ចារ្យ! សម្រាប់កីឡាករ ហេង សៅឌី ដែលធ្វើបានយ៉ាងល្អ ចំពោះការបង្ហាញវត្តមានលើកទី២ នៅវគ្គ ៨នាក់ចុងក្រោយ ខណៈកាលពីឆ្នាំ២០១៦ កីឡាករមកពីខេត្តកណ្ដាលនេះ មិនទទួលបានចំណាត់ថ្នាក់ទេ ។ មុនឈ្នះស្ដេចអុកឆ្នាំនេះ សៅឌី បានទម្លាក់កីឡាករ កាំង ហេង នៅវគ្គ ១/៤ និងបន្ដទម្លាក់ស្ដេចអុក ២ជំនាន់ ឈាវ បូរ៉ា នៅវគ្គ ១/២ ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដោយជួបកីឡាករមកពីខេត្តក្រចេះ ប៊ិន គាសេង ។

នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលផ្លាស់ប្ដូររូបមន្ដប្រកួតថ្មី អ្នកឈ្នះក្ដារទី១ នឹងក្លាយជាស្ដេចអុកនោះ ហេង សៅឌី និង ប៊ិន គាសេង បានធ្វើការប្រកួតយ៉ាងស្វិតស្វាញបំផុត ទម្រាំរកឈ្នះឃើញ គឺកីឡាករ ហេង សៅឌី ដែលទើបមានអាយុ ២៤ឆ្នាំ និងក្លាយជាស្ដេចអុកវ័យក្មេងជាងគេផងដែរ ។ រីឯចំណាត់ថ្នាក់លេខ៣ វិញ គឺបានទៅអតីតស្ដេចអុកឆ្នាំ២០០៨-២០១០ ឆយ វីរ៉ា បន្ទាប់ពីយកឈ្នះ ឈាវ បូរ៉ា អតីតស្ដេចអុកឆ្នាំ២០១៤-២០១៥ កាលពីព្រឹកមិញ ។

ចំពោះប្រាក់រង្វាន់ជ័យលាភីវិញ គឺទទួលបាន ២ប្រភពផ្សេងគ្នា រួមមានប្រាក់រង្វាន់របស់គណៈកម្មការក្រោម កិច្ចសហការរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងក្រុមហ៊ុនដៃគូ ចំណាត់ថ្នាក់លេខ១ ទទួលបាន ១២លានរៀល, លេខ២ ទទួលបាន ៨លានរៀល, លេខ៣ ទទួលបាន ៤លានរៀល និងលេខ៤ ទទួលបាន ៣លានរៀល ។
ប៉ុន្ដែអ្វីដែលពិសេស គឺប្រាក់រង្វាន់ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជ័យលាភីលេខ១ ទទួលបាន ២០លានរៀល, លេខ២ ទទួលបាន ១២លានរៀល, លេខ៣ ទទួលបាន ៨លានរៀល និងលេខ៤ ទទួលបាន ៤លានរៀល ។ លើសពីនេះសម្ដេចក៏ផ្ដល់រង្វាន់លើកទឹកចិត្តអ្នកទទួលបានលេខ៥ ដល់លេខ៨ ម្នាក់ៗចំនួន ២លានរៀលផងដែរ ។ សរុបសម្ដេចត្រូវចំណាយថវិកាផ្ទាល់ចំនួន ៥២លានរៀល ។

ដោយហេតុនេះ កីឡាករ ហេង សៅឌី ស្ដេចអុកចត្រង្គអង្គរសង្ក្រាន្ដ ឆ្នាំ២០១៧ ទទួលបានរង្វាន់សរុប ៣២លានរៀល, លេខ២ កីឡាករ ប៊ិន គាសេង ទទួលបាន ២០លានរៀល, លេខ៣ កីឡាករ ឆយ វីរ៉ា ទទួលបាន ១២លានរៀល និងលេខ៤ ទទួលបាន ៧លានរៀល ។

គួរបញ្ជាក់ថា  ការប្រកួតកីឡាអុកចត្រង្គ អបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០១៧នេះ គឺបែងចែកការប្រកួតជា ២ដំណាក់កាល ក្នុងនោះដំណាក់កាលទី១ ប្រកួតចាប់ពីថ្ងៃទី២៦-២៨ ខែមីនា មានអ្នកចូលរួមសរុប ១៦០នាក់ ពិសេសគឺមានកីឡាការិនីម្នាក់ចូលរួម ដើម្បីជម្រុះយកជើងខ្លាំង ៨នាក់ ឡើងមកប្រកួតដំណាក់កាលទី២ នាឱកាសបុណ្យចូលឆ្នាំថ្មីរយៈពេល ៣ថ្ងៃ នៅខេត្តសៀមរាប ដើម្បីស្វែងរកស្ដេចអុកឆ្នាំថ្មី ហើយការប្រកួតវគ្គផ្ដាច់ព្រ័ត្រព្រឹកនេះ ក៏មានការចូលរួមពីលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC, លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបផងដែរ ៕