(សៀមរាប)៖ នៅក្រោមកំដៅហួតហែងនៃព្រះទិនករ យុវជនពីរក្រុមតំណាងឲ្យសហភាពសហព័ន្ធ​យុវជនកម្ពុជា​វិស័យពាណិជ្ជកម្ម បាន សស្រាក់សស្រាំសម្រួលចរាចរណ៍រថយន្តចេញចូល និងប្រមូលសំរាមនៅតាមដងផ្លូវ ចាប់ពីមុខបរិវេណជណ្តើរប្រាសាទអង្គរវត្ត រហូតដល់ខ្លោងទ្វារច្រកចូលនៃពិព័រណ៍ពាណិជ្ជកម្ម ដែលរៀបចំឡើងស្របជាមួយព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០១៧។

លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងប្រធានស្តីទីសហភាពសហព័ន្ធយុវជនកម្ពុជា​វិស័យពាណិជ្ជកម្មបានគូសបញ្ជាក់ថា សកម្មភាពនេះបានចាប់ផ្តើមរយៈពេលពីរថ្ងៃកន្លងមកហើយ ដើម្បីថែរក្សាអនាម័យ និងសណ្តាប់ធ្នាប់ ព្រមទាំងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនាការតាំងបង្ហាញ និងលក់ផលិតផលខ្មែរជាច្រើនមុខនៅក្នុងតំបន់នេះ។

លោក អ៊ុក ប្រជា បានថ្លែងថា «យើងមានផលិតផលក្នុងស្រុកគុណភាពខ្ពស់ និងមានតម្លៃសមរម្យ អាចប្រកួតប្រជែងទំនិញនាំចូល ប៉ុន្តែដើម្បីទាក់ទាញអ្នកទិញ បញ្ហាគុណភាព និងអនាម័យគឺជារឿងសំខាន់! ភ្ញៀវទេសចរនឹងរីករាយក្នុងការដើរទស្សនា ក៏ដូចជាទិញផលិតផលខ្មែរយើង នៅពេលយើងរក្សាកត្តាទាំងនេះបានល្អ»

លោក រាជ រ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យពាណិជ្ជកម្ម ក៏បានគូស បញ្ជាក់ដែរថា សកម្មភាពនេះ ជាផ្នែកមួយនៃកិច្ចការសង្គម និងជាការទទួលខុសត្រូវរបស់​ក្រុមការងារយុវជនវិស័យពាណិជ្ជកម្ម ដែលមានភារកិច្ចសហការរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឲ្យទទួលបានជោគជ័យ។

«យុវជនរបស់យើងធ្វើការងារនេះដោយស្ម័គ្រចិត្ត ព្រោះពួកយើងយល់ច្បាស់ពីសារៈសំខាន់នៃការងារសង្គម សណ្តាប់ធ្នាប់ និងបរិស្ថានស្អាត ដែលជាគន្លឹះដើម្បីទាក់ទាញភ្ញៀវទេសចរ។ មួយវិញទៀតយុវជនរបស់យើង ចង់បង្ហាញប្រជាពលរដ្ឋឲ្យបានដឹងថា ពួកគាត់មកទីនេះ មិនគ្រាន់តែដើម្បីជួយផលិតករខ្មែរដើម្បីលក់ផលិតផល​ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីឲ្យពួកគាត់ចូលរួមកិច្ចការសង្គម និងបរិស្ថានផងដែរ»

លោក ស្រូយ សុបញ្ញា ប្រធានក្រុមការងារទី៣ នៃសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យពាណិជ្ជកម្ម ដែលបានដឹកនាំយុវជនសម្រួលចរាចរណ៍នៅតំបន់នោះ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ ក្នុងការចូលរួមរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរនៅក្នុងព្រឹត្តិ ការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ។

«ខ្ញុំសប្បាយចិត្តដែលបានចូលរួមកម្មវិធីនេះ ដោយសារវាជាឱកាសដ៏ល្អមួយ សម្រាប់យុវជនរបស់ក្រសួងពាណិជ្ជកម្មទាំងអស់ ក្នុងការជួយលើកស្ទួយផលិតផលខ្មែរ និងសេដ្ឋកិច្ចជាតិ ព្រមទាំងចូលរួមធ្វើកិច្ចការសង្គម ដើម្បីធ្វើជាគំរូដល់យុវជនជំនាន់ក្រោយថែមទៀត»

សូមបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺជាកិច្ចសហការរៀបចំរវាង​សហភាពសហព័ន្ធយុវជនកម្ពុជា ជាមួយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងស្វែងរកទីផ្សារសម្រាប់ ផលិតករ និងអាជីករនៃសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ធ្វើការចែកចាយផលិតផលរបស់ខ្លួន និងធ្វើពិពិធកម្មការនាំចេញ ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។ សម្រាប់ឆ្នាំ ២០១៧នេះ ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ បានទាក់ទាញស្តង់លក់ទំនិញផលិតផលខ្មែរចំនួន ១៦៨ស្តង់ មកពីរាជធានីខេត្តទូទាំងប្រទេសកម្ពុជា៕