(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះសារ សម្តែងការសប្បាយរីករាយជូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសថា សម្រាប់ថ្ងៃទី២ នៃពិធីចូលឆ្នាំខ្មែរប្រពៃណីជាតិ សម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាងចៅៗសម្តេចទាំងអស់ ពិតជាសប្បាយរីករាយ ដែលបានមកចូលរួមសង្រ្កាន្តឆ្នាំថ្មី ជាមួយបងប្អូនប្រជាពលរដ្ឋ និងយុវជនកម្ពុជារាប់ម៉ឺននាក់ នៅលើទឹកដីអង្គរ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែង នៅលើ Facebook ផ្លូវការ យ៉ាងដូច្នេះថា «ថ្ងៃទី ១៥ មេសា នេះគឺជាថ្ងៃទី ២ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខ្ញុំ និងភរិយា ព្រមទាំងចៅៗ សប្បាយរីករាយណាស់ ដែលមានឱកាសបានមកចូលរួមសង្រ្កាន្តឆ្នាំថ្មីជាមួយបងប្អូនប្រជាពលរដ្ឋ និងយុវជនកម្ពុជារាប់ម៉ឺននាក់ នៅលើទឹកដីអង្គររបស់យើង។ ចាប់តាំងពីប្រទេសយើងមានសុខសន្តិភាព គឺបានផ្តល់ឱកាសអោយប្រជាពលរដ្ឋបានធ្វើបុណ្យទាន សប្បាយរីករាយជួបជុំក្រុមគ្រួសារ និងធ្វើដំណើរឆ្ងាយជិតដោយគ្មានការព្រួយបារម្ភ»

សម្តេចយេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះ គឺជាបានបង្ហាញអំពីទំនៀមទំលាប់ វប្បធម៌ ប្រពៃណីដ៏ល្អរបស់ខ្មែរ រួមទាំងល្បែងប្រជាប្រិយ របាំ ដែលជាសម្បត្តិវប្បធម៍មិនអាចកាត់ថ្លៃបាន។ តាមរយៈអង្គរសង្រាន្ត គឺទេសចរណ៍បរទេសបាន ស្គាល់កម្ពុជាកាន់តែច្បាស់។ ពិធីនេះក៏បានទាក់ទាញភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីផងដែរ។

បន្ថែមពីលើនេះ សម្តេតេជោ ហ៊ុន សែន បានថ្លែង អរគុណដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលចូលរួមការពារសុវត្ថិភាពជូន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានសប្បាយរីករាយនៅ​ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរនេះ ។

ជាមួយគ្នានោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ក៏បានអំពាវនាវ ឲ្យបងប្អូនបើកបរគោរពច្បាប់ចរាចរណ៍ ទោះធ្វើដំណើរជិតឆ្ងាយគឺប្រកបដោយសុត្តិភាព។

សម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជួបតែសេចក្តីសុខ សំណាងល្អ និងរីករាយទាំងអស់គ្នាក្នុងឆ្នាំថ្មីនេះ៕