(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋជាង ១ម៉ឺននាក់ ចូលរួមលេងល្បែងប្រជាប្រិយ រាំលេងកម្សាន្ត នៅវត្តភ្នំ នាថ្ងៃដំបូងនៃពិធិចុលឆ្នាំខ្មែរ។ នេះបើយោងតាម Facebook ផ្លូវការរបស់លោក ប៉ា សុជាតិវង្ស បង្ហោះនៅពេលថ្មីៗនេះ។

លោក ប៉ា សុជាតិវង្ស បានថ្លែងយ៉ាងដូច្នេះថា «នាថ្ងៃទីមួយនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរកានេះ។ កម្មវិធីសង្ក្រាន្តវត្តភ្នំ រង់ចាំទទួលស្វាគមន៍បងប្អូនរយៈពេល បីថ្ងៃពេញ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សូមអញ្ជើញចូលរួមសប្បាយរីករាយដោយសេរី»

អភិបាលរាជធានីភ្នំពេញ បានបន្ថែមថា ការចូលរួមកុះកររបស់ប្រជាពលរដ្ឋនាពេលនេះ ដោយសារតែ ប្រទេសជាតិមានសន្តិភាព ប្រជាពលរដ្ឋមានឱកាសគ្រប់បែបយ៉ាង ទាំងការរកស៊ី ទាំងការដើរហើរ ទាំងការធ្វើបុណ្យទាន ទាំងការចូលរួមលើកកម្ពស់តម្លៃនៃជាតិលើគ្រប់វិស័យ។លោក ប៉ា សុជាតិវង្ស បានស្នើឲ្យ បងប្អូនគ្រប់រូបត្រូវថែរក្សាដើមឈើ សន្តិភាពមួយនេះ ឱ្យខានតែបានសម្រាប់កូនចៅ​ជំនាន់ក្រោយៗផងដែរ។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ សាលារាជធានីភ្នំពេញ បានរៀបចំពិធីកម្សាន្តសប្បាយជាច្រើន ដូចជា ការលែងល្បែងប្រជាប្រិយ រាំលែងកម្សាន្ត និងពិធីសាសនាជាច្រើន នៅរមនីយដ្ឋានវត្តភ្នំ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ៕