(សៀមរាប)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧នេះថា ការទិញផលិតផលខ្មែរ ស្មើនឹងជួយបង្កើតការងារជូនប្រជាជន និង កាត់បន្ថយភាពក្រីក្រ ព្រមទាំងជួយពង្រឹងស្ថិរភាពផលិតកម្មក្នុងស្រុក និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

លោករដ្ឋមន្ត្រី បានថ្លែងដូចនេះ បន្ទាប់ពីលោក និងប្រតិភូបានអញ្ជើញទស្សនាស្តង់លក់ទំនិញផលិតផលខ្មែរចំនួន ១៦៨ស្តង់ មកពីរាជធានី-ខេត្តទូទាំងប្រទេស ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យពាណិជ្ជកម្ម សហការជាមួយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម នៅបរិវេណទល់មុខជណ្តើរប្រាសាទអង្គរវត្តប៉ែកខាងស្តាំ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «ផលិតផលរបស់ខ្មែរយើងមានគុណភាពល្អ និងមានតម្លៃសមរម្យ ប៉ុន្តែត្រូវការផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនប្រជាជនខ្មែរ និងអន្តរជាតិ ដើម្បីទាក់ទាញការគាំទ្រថែមទៀត ហើយនេះ គឺជាកម្មវត្ថុចម្បងដែលក្រសួងពាណិជ្ជកម្មរៀបចំឲ្យមានពិព័រណ៍នេះរៀងរាល់ឆ្នាំ»

ទន្ទឹមគ្នានេះ លោក ប៉ាន សូរស័ក្តិ ក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា ពិព័រណ៍ផលិតផលខ្មែរក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ នឹងជួយជំរុញវត្តមានផលិតផលខ្មែរនៅលើទីផ្សារនានា ជាពិសេសផ្សារទំនើបកាន់តែច្រើនថែមទៀតនាពេលអនាគត។

គួររំលឹកដែរថា ពិព័រណ៍ផលិតផលខ្មែរនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ត្រូវបានរៀបចំឡើងលើកដំបូងនៅក្នុងឆ្នាំ២០១៣ ក្រោមគំនិតផ្តួចផ្តើមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រសួងពាណិជ្ជកម្ម។ ពិព័រណ៍នេះ បានជួយពង្រឹងសហគ្រាសធុនតូច និងធុនមធ្យមនៅកម្ពុជា តាមរយៈការផ្តល់ឱកាសជូនផលិតករក្នុងស្រុកធ្វើការដាក់តាំងបង្ហាញ និងលក់ផលិតផលរបស់ខ្លួន សំដៅស្វែងរកប្រាក់ចំណូលទ្រទ្រង់និរន្តភាពផលិតកម្ម និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ៕