(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ អញ្ជើញជាអធិបតីក្នុងពិធីសំណេះ សំណាលផ្សព្វផ្សាយពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលជាមួយវិស័យឯកជននៅរាជធានីភ្នំពេញ ប្រមាណជិត ៣ពាន់នាក់ នៅរាជធានី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧នេះ។

សម្តេចក្រឡាហោម ស ខេង បានថ្លែងថា គោលបំណងសំខាន់ នៃកម្មវិធីផ្សព្វផ្សាយពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺជម្រុញនឹងចលនាឲ្យមានកិច្ចសហការ និងការចូលរួមគាំទ្រពេញលេញក្នុងគ្រប់សកម្មភាព នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ពីគ្រប់សមាសភាពសង្គម ពិសេសវិស័យឯកជនពាក់ព័ន្ធទាំងអស់ បន្ទាប់ពីបានធ្វើការផ្សព្វផ្សាយ និងចាត់តាំងអនុវត្តនៅក្នុងក្របខណ្ឌកក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលកន្លងមក។

សម្តេចក្រឡាហោម បានបញ្ជាក់ថា បញ្ហាគ្រឿងញៀន ដែលជាបញ្ហាចាំបាច់មួយតម្រូវឲ្យយើងទាំងអស់គ្នា ផ្តោតការយកចិត្តទុកដាក់ចូលរួមដោះស្រាយ ដោយមិនអាចព្រងើយកន្តើយបានជាដាច់ខាត ព្រោះថាទោះបីកម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀនក្តី ប៉ុន្តែដោយសារនិន្នាការ នៃគ្រឿញៀនទាំងនៅក្នុងតំបន់ និងពិភពលោកនោះ កម្ពុជាក៏ដូចជាបណ្តាប្រទេសផ្សេងៗទៀត ដែលបាននឹងកំពុងបន្តទទួលរងនូវផលប៉ះពាល់គួរឲ្យព្រួយបារម្ភ អាស្រ័យដោយការចរាចរគ្រឿងញៀនខុសច្បាប់ ជាពិសេសពីតំបន់ត្រីកោណមាសដែលនៅជិតកម្ពុជា និងតំបន់មួយចំនួនបង្កជាបញ្ហាស្មុគស្មាញ និងប្រឈមជាច្រើនរួមទាំង៖ បញ្ហាសុខភាពជីវភាព កិត្តិយស និងអនាគតបុគ្គល ដែលភាគច្រើន គឺជាយុវជនដែលនឹងត្រូវបន្តវេន ប៉ះពាល់សុភមង្គលក្រុមគ្រួសារ សេដ្ឋកិច្ចក្រុមគ្រួសារ និងសង្គមជាតិ ប្រព័ន្ធសុខុមាលភាពសង្គម បាត់បង់ធនធានមនុស្សវ័យក្មេង ប៉ះពាល់កម្លាំងពលកម្ម និងសង្វាក់ផលិតកម្ម ប៉ះពាល់ទៅលើសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណណៈ សុវត្ថិភាពចរាចរណ៍ និងជះឥទ្ធិពលទៅលើការអភិវឌ្ឍជាតិទៀតផង ដែលចំណុចនេះ គូសបញ្ជាក់ឲ្យឃើញថា បញ្ហាគ្រឿងញៀនមិនមែនជាបញ្ហាដោយឡែករបស់រាជរដ្ឋាភិបាល ឬរបស់ក្រសួង ស្ថាប័ន មានសមត្ថកិច្ចណាមួយនោះទេ ផ្ទុយទៅវិញបញ្ហាគ្រឿងញៀន មានឥទ្ធិពលអាក្រក់បំផ្លាញយើងគ្រប់គ្នា បើទោះជាពេលនេះ មានក្រុមគ្រួសារខ្លះ អាជីវកម្មខ្លះមិនទាន់មានអ្វីក៏ដោយ ប៉ុន្តែមុននិងក្រោយច្បាស់ជារាលដាលជាប់ពាក់ព័ន្ធជាមិនខាន ប្រសិនបើមិនចាត់វិធានទប់ស្កាត់ បំផ្លាញបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

សម្តេចក្រឡាហោម បានបញ្ជាក់ថា ក្នុងរយៈពេលជាង៣ខែ នៃយុទ្ធនាការកន្លងមកក្រសួង ស្ថាប័នរដ្ឋទាំងអស់បានយកចិត្តទុកដាក់អនុវត្តនយ៉ាងសកម្មបំផុតលើការងារផ្សព្វផ្សាយ អប់រំ ការងារព្យាបាល ស្តារនីតិសម្បទា និងការងារអនុវត្តច្បាប់ ដោយគ្រាន់តែរយៈពេល៣ខែនេះ (មករា កុម្ភៈ មីនា) ធ្វើការបង្ក្រាបបាន ២៦៧៤ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ៦,០៦៦នាក់ ដែលលទ្ធផលនេះ បានធ្វើឲ្យបទល្មើសព្រហ្មទណ្ណ និងគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ។ ទោះបីយ៉ាងណាដើម្បីអនុវត្តខ្លឹមសារផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ របស់រាជរដ្ឋាភិបាលទទួលបានជោគជ័យនោះ ការខិតខំប្រឹងប្រែងតែផ្នែករដ្ឋាភិបាលដោយគ្មានការចូលរួម និងគាំទ្រពីវិស័យឯកជនទេនោះ គឺពិតជាមិនអាចឈានទៅសម្រេចជោគជ័យបានឡើយ។

សម្តេចក្រឡាហោម បានបញ្ជាក់ទៀតថា សម្តេចបានស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺបង្កើតនូវសមាគមមួយដើម្បីជួយសង្គ្រោះ និងស្តារនីតតិសម្បទារអ្នកញៀនគ្រឿងញៀន។ ការពិតហើយរាជរដ្ឋាភិបាលមានកាតព្វកិច្ចដើម្បីសង្គ្រោះ និងស្តារនីតិសម្បទាអ្នកញៀន ប៉ុន្តែក៏ចង់ឲ្យមានការចូលរួមបានកាន់តែទូលំទូលាយពីគ្រប់សមាសភាពក្នុងសង្គម។ ហើយសមាគមនេះ បានស្នើតែងតាំងលោកឧកញ៉ា គិត ម៉េង ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាប្រធានសមាគមសង្គ្រោះ ស្តារនីតិសម្បទារអ្នកញៀនគ្រឿងញៀន៕