(កណ្តាល)៖ ប្រជាពលរដ្ឋចំនួន៥គ្រួសារ រស់នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានចោទប្រកាន់ក្រុមហ៊ុន «អូរៀលថល ប៉ារីស អ៊ិនវេសម៉ិន»ថា បានយកគ្រឿងចក្រទៅឈូសឆាយដីរបស់ពួកគាត់ទាំងបំពាន ពោលបានរំលោភលើដីការក្សាការពារ របស់តុលាការខេត្តកណ្តាលទៀតផង ព្រមទាំងលើកឡើងថា​ ក្រុមហ៊ុននេះអាងមានមន្រ្តីយោធានៅពីក្រោយខ្នង។ ជុំវិញករណីនេះតំណាង «អូរៀលថល ប៉ារីស អ៊ិនវេសម៉ិន» នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះ បានចេញមកបកស្រាយ ដោយច្រានចោលការចោទប្រកាន់ទាំងនោះ និងថាមិនមែនជាគ្រឿងចក្រ ហើយក៏មិនមែនជាដីរបស់ខ្លួន នៅចំណុចនោះទេ។

ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះ តំណាងក្រុមហ៊ុន  «អូរៀលថល ប៉ារីស អ៊ិនវេសម៉ិន» បានបញ្ជាក់ថា តាមពិតគ្រឿងចក្រនោះ មិនមែនឈូសឆាយលើដីពលរដ្នរឺដីក្រុមហ៊ុនអូរៀនថលលឡើយ ពោលគឺឈូស​ឆាយលើដីរបស់ក្រុមហ៊ុនផ្សេង។ បញ្ជាក់កាន់តែច្បាស់ជាងនេះ ​តំណាងក្រុមហ៊ុនរូបនេះ ក៏បានបកស្រាយថា ដីខាងលើក៏មិនមែនជារបស់ខ្លួន ពោលជាដីរបស់ក្រុមហ៊ុនឯកជនមួយទៀត ដែលមានប័ណ្ណកម្មសិទ្ធិកាន់​កាប់ត្រឹមត្រូវពី​អាជ្ញាធរ និងមន្រ្តីជំនាញ ថែមទាំងមានលិខិតបញ្ជាក់ទទួលស្គាល់ពីតុលាការផងដែរ។

ជាមួយគ្នានេះ តំណាងក្រុមហ៊ុន ក៏បានចាត់ទុកថា​ ការចោទប្រកាន់នេះគឺមានជនមួយក្តាប់តូច បានយកប្រជាពលរដ្ឋជាខែល ដើម្បីធ្វើការតវ៉ា ហើយក្រុមហ៊ុនក៏សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ជួយស្វែងរកជនខិលខូច​ដែលបង្កើតរឿងនេះ​ដើម្បីចាត់ការតាមច្បាប់។

សូមបញ្ជាក់ថា ក្រុមហ៊ុន អូរៀលថល ប៉ារីស អ៊ិនវេសម៉ិន ត្រូវបានប្រជាពលរដ្ឋចំនួន៥គ្រួសារ ចោទថា បានធ្វើសកម្មភាព យកគ្រឿងចក្រឈូសឆាយរំលោភលើដីធ្លីរបស់ពួកគាត់ នៅចំណុចទំនប់៩៤-៩៦ ស្ថិតនៅភូមិស្វាយព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ប្រជាពលរដ្ឋម្ចាស់ដីបានអះអាងថា ពួកគាត់មានឯកសារត្រឹមត្រូវ និងមានការទទួលស្គាល់ និងដឹងឮពីអាជ្ញាធរពាក់ព័ន្ធដូចជា មេភូមិព្រៃរយោង និងមេភូមិស្វាយព្រៃ មេឃុំកណ្តោក និងអភិបាលស្រុកកណ្តាលស្ទឹង ដោយមានការចុះហត្ថលេខា និងប្រ​ថាប់​​ត្រាត្រឹមត្រូវតាមច្បាប់។ ហើយពួកគាត់បានកាន់កាប់ដីមានលក្ខណៈ​ជាប់លាប់ជាអអចិន្ត្រៃយ៍ កាន់កាប់ដោយចំហរ មានការដឹងឮពីអាជ្ញាធរ។ ស្រាប់តែនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ក្រុមហ៊ុនបានយកគ្រឿងចក្រចំនួន៣គ្រឿង មកឈូស​ឆាយ​លើ​ដីរបស់ពួកគាត់ និងនៅពេលថ្មីៗ ប៉ុន្មានថ្ងៃជាប់គ្នាមកនេះ ក្រុមហ៊ុនបានយកគ្រឿងចក្រ​មកឈូសឆាយលើដី​ប្រជាពលរដ្ឋសាជាថ្មីទៀត។

តែយ៉ាងណានោះ តំណាងក្រុមហ៊ុន បានបញ្ជាក់ហើយថា ដីនៅតំបន់នេះទាល់តែក្រុមហ៊ុនមួយទៀត បានដោះស្រាយ​ផលប៉ះពាល់រួចហើយ ជាមួយភាគីពាក់ព័ន្ធទើបក្រុមហ៊ុន អាចទិញយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនបាន ដើម្បីកុំឲ្យមាន​បញ្ហាកើតឡើងនាពេលក្រោយទៀត៕