(ស្ទឹងត្រែង)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះ បានថ្លែងប្រាប់ថា សម្រាប់ថ្ងៃទី២ នៃបុណ្យទន្លេលើកទី៣នេះ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមទស្សនាប្រមាណ៥ម៉ឺននាក់ ដែលចំនួននេះ​កើនឡើង​លើសការរំពឹងទុកទៅទៀត ចំណែកសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងឱកាសនោះ មានភាពរលូនប្រសើរ ពោលប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមអបអរសាទរជាមួយ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

លោករដ្ឋមន្រ្តីថា «យប់មិញ មានភ្ញៀវចូលរួមកុះករច្រើនជាងថ្ងៃទី១ ប្រមាណ៥ម៉ឺននាក់ ហើយសន្តិសុខអត់មានអីទេ រលូនទៅមុខ​ធម្មតា ទោះខេត្តស្ទឹងត្រែងតូចបន្តិច តែការរៀបចំមានភាពល្អប្រសើរ កម្លាំងការពារគ្រប់គ្រាប់»។

គណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេលើកទី៣ ឆ្នាំ២០១៧នេះ គឺមានលោករដ្ឋមន្រ្តី ថោង ខុន ជាប្រធាន។ ក្នុងនាមជាអ្នកដឹកនាំការងារនេះ លោកបានបញ្ជាក់ថា តាំងពីការងាររៀបចំដើម្បីត្រៀមទទួលបុណ្យទន្លេ ជាបន្តជាបន្ទាប់មក ក្រុមការងារពាក់ព័ន្ធទាំងអស់ មានការយកចិត្តទុកដាក់បំពេញការងារយ៉ាងមុតមាំស្វាហាប់ ដើម្បីឲ្យព្រឹត្តិការណ៍ពិសេសនេះ ប្រព្រឹត្តទៅដោយភាពរលូនល្អប្រសើរ។

លោកបន្តថា ដល់ពេលបានឃើញប្រជាពលរដ្ឋ និងភ្ញៀវទេសជាតិ-អន្តរជាតិ គាត់ទៅចូលរួមទស្សនាច្រើនកុះករបែបនេះទៅ កាន់តែធ្វើក្រុមការងារមានកម្លាំងចិត្ត ក្នុងការខិតខំបន្តការងារនេះ រហូតដល់ចប់សព្វគ្រប់ និងបន្តរៀបចំព្រឹត្តិការណ៍​ទេសចរណ៍នានាទៀត ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ទស្សនានាពេលក្រោយៗទៀត។

ពិតណាស់! បើគេទស្សនាពីត្រើយម្ខាងនៃទន្លេមេគង្គ ផ្ទៃអាកាសចំកណ្ដាលក្រុងស្ទឹងត្រែង គឺពោរពេញទៅដោយភ្លើង​ចម្រុះពណ៌ដ៏ឆើតឆាយ រំលេចខ្លួនឡើងជ្រែកស្បៃរាត្រី។ តាមបណ្ដោយស្ពានឆ្លងទន្លេមេគង្គ ទន្លេសេសាន្ត និងទន្លេសេកុង ត្រូវបានតុបតែងរចនាយ៉ាងស្រស់ស្អាតគួរជាទីទាក់ទាញ អមជាមួយសូរសម្លេងប្រគំតន្ត្រីដ៏ពិរោះរន្ដំយ៉ាងអធឹកអធម ទិដ្ឋភាពនាពេលនោះ បានដិតដានជាប់ក្នុងបេះដូងរបស់ភ្ញៀវទេសចរគ្រប់គ្នា មិនងាយនឹងបំភ្លេចបានឡើយ។

សូមជម្រាបថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ដែលជាថ្ងៃទី១ នៃពិធីបុណ្យទន្លេលើកទី៣នេះ លោករដ្ឋមន្រ្តី ថោង ខុន បានបញ្ជាក់ថា មានភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមទស្សនាជាង៣ម៉ឺននាក់ ហើយពិធីបុណ្យនេះ នឹងត្រូវបញ្ចប់នៅ​យប់ថ្ងៃទី២៦ ខែមីនានេះ។

ពិសេសជាងនេះ ទាំងពិធីបុណ្យទន្លេ បុណ្យសមុទ្រ បុណ្យអុំទូក កីឡារត់ពាក់កណ្តាលម៉ារ៉ាតុងអង្គ និងព្រឹត្តិការណ៍អង្គរ​សង្ក្រាន្ត ដែលជិតមកដល់ក្នុងពេលឆាប់ៗខាងមុខផងនោះ ត្រូវបានអាស៊ានសម្រេចដាក់បញ្ចូលក្នុងយុទ្ធនាការណ៍ផ្សព្វផ្សាយ «ASEAN@50» របស់ខ្លួន កាលពីពេលថ្មីៗកន្លងទៅ៕