(ភ្នំពេញ)៖ ​​នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្រ្តី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងជាប្រធានក្រុមការងារ​ថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ ​​នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាល ជាមួយនិស្សិត មានលំនៅ​ដ្ឋាន​នៅខេត្តបន្ទាយមានជ័យ១៩០០នាក់ ដែលមកបន្តការសិក្សា នៅរាជធានីភ្នំពេញ និងមានការចូលរួមពីសំណាក់ លោក​ លោកស្រី​ ជាសប្បុរសជន​ជាតិ ​និងអន្តរជាតិ។

ក្នុងពិធីសំណេះសំណាលនេះនាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន បានផ្តាំផ្ញើដល់ប្អូនក្មួយៗជានិស្សិតទាំងអស់ដូចជា៖ ​
១៖ ត្រូវរក្សាឲ្យបាននូវ​ការរាប់អាន និងចេះជួយគ្នា ក្រោមពាក្យបណ្តាំនៅផ្ទះម្តាយទទៃ​ នៅព្រៃម្តាយជាមួយ
២៖ បន្តរក្សាចលនាវប្បធម៌ផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹងរវាងគ្នាតាំងពីភ្នំពេញ ដល់បន្ទាយមានជ័យ​
៣៖ បន្តជួយផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា​
៤៖ ចូលរួមជាមួយរក្សាឲ្យបាននូវសន្តិភាព​ និងសន្តិសុខនៅមូលដ្ឋានរស់នៅ​ ធ្វើជាយុទ្ធជនប្រឆាំងគ្រឿងញៀន​ មិនមែនយុទ្ធប្រើប្រាស់គ្រឿងញៀនទេ
៥៖ ក្មួយទាំងអស់ត្រូវតែខិតខំសិក្សាស្រាវជ្រាវ ដើម្បីសម្រេចឲ្យបាននូវបំណងខ្លួនឯង​ ឱពុកម្តាយ​ អាណា​ព្យាបាល​ និងអ្នកគាំទ្រ។

នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ក៏បានថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភគាំទ្រ​មូលនិធិទាំងអស់​ ព្រមទាំងបានឧបត្ថម្ភ​ថវិកាជូននិស្សិតទាំង១៩០០នាក់​ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០.០០០រៀល​ និងអាវភ្លៀង១​ផងដែរ៕