(ភ្នំពេញ)៖ ខ្លោងទ្វាអង្គរសង្ក្រាន្ដ ត្រូវបានបង្ហោះជាសាធារណៈ ដើម្បីបង្ហាញជូនប្រជាពលរដ្ឋ​ ក្រោយពីក្រុមការងារ​រៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត​ រួមជាមួយនឹងសាស្រ្តាចារ្យ​ ប្រវត្តិវិទូ​ និងសិល្បករជំនាញៗ សហការគ្នាសិក្សាពីប្រវត្តិ​ក្បូក្បាច់​ស្ថាបត្យកម្ម​ បង្កើតចេញជាស្នាដៃថ្មីៗ គួរជាទីមោទន:។

តាមរយៈរូបភាពដែលបានបង្ហោះនោះ យើងសង្កេតឃើញថា ក្បាច់ដែលរចនាឡើង សុទ្ធតែជាក្បាច់របស់ខ្មែរ ដែលក្នុងនោះរួមមាន៖ ក្បាច់ត្របកឈូកអង្គរ,​ ក្បាច់ចកអង្គរ, ក្បាច់ចង្វាយអង្គរ,​ ក្បាច់ពងត្រី, ក្បាច់អង្គរសន្លឹកទម្រង់ហៀនបំបែក, សត្វហង្ស, ព្វរ៉ា, កូនក្រឡឹងកំពូលពេជ្យ ឬកំពូលមិត និងក្បាច់ហោជាង។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ នឹងមានកម្មវិធីជាច្រើន ដែលសុទ្ធសឹងតែឆ្លុះបញ្ចាំងពីអរិយធម៌ វប្បធម៌ ទំនៀមទំលាប់ និងប្រពៃណីខ្មែរ ដូចជាកម្មវិធី មហោស្រពវប្បធម៌បុរាណ ក្រោមទិដ្ឋភាព «ប្រវត្តិមួយសតវត្សន៍ នៃរបាំព្រះរាជទ្រព្យខ្មែរ» ចាប់ពីឆ្នាំ១៩០៦ ដល់ឆ្នាំ២០១៦ ក្រោមស្នាព្រះហស្ថរបស់ សម្តេចព្រះរាម នរោត្តម បុប្ផាទេវី និងសិល្បៈ​ល្ខោនខោល ដែលនឹងត្រូវបានយកមកសម្តែង ជាផ្ទាំងទស្សនីយភាព​ទ្រង់ទ្រាយធំ ក្រោមការរៀបចំតម្លើង និងដឹកនាំដោយ​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​។

គួររំឭកថា នេះជាលើកទី០៥ ហើយដែលសហភាពសហព័ន្ធ យុវជនកម្ពុជាសហ​ការជាមួយស្ថាប័ន និងអាជាធរពាក់ព័ន្ធ បានរួមគ្នារៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្តលើទឹកដីដ៏ពិសិដ្ឋ នៃខេត្តសៀមរាប​៕