(ភ្នំពេញ)៖ ក្រោយពីបានទៅដល់ប្រទេសហ៊្សកដានី​ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧កន្លងទៅនេះ ក្រុមបាល់ទាត់ជម្រើស​ជាតិកម្ពុជា ឬក្រុមគោព្រៃកម្ពុជា មានរយៈពេល៥ថ្ងៃ សម្រាប់ការហ្វឹកហាត់ ដើម្បីត្រៀមប្រកួតពានរង្វាន់ AFC Asian Cup UAE 2019 ជាមួយនឹងជម្រើសជាតិហ៊្សកដានី ​នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ។

ក្នុងការប្រកួតដើម្បីដណ្ដើរយកកៅអីពានរង្វាន់ AFC Asian Cup UAE 2019 ដែល​ក្រុម​គោព្រៃ​កម្ពុជា ស្ថិត​ក្នុង​ពូល C ប៉ះ​សុទ្ធតែ​ក្រុមជើង​ខ្លាំង​មាន​ដូច​ជា៖ អាហ្វហ្គានីស្ថាន, វៀតណាម, និង​ហ្សកដានី ក្រោមការដឹកនាំថ្មីរបស់គ្រូបង្វឹកថ្មីរបស់កម្ពុជាលោក Leonardo Luiz សញ្ជាតិប្រស៊ីល ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីមហាជន។

កីឡាករ​ដែល​កំពុងហ្វឹកហាត់ នៅប្រទេស​ហ៊្សកដានី ​រួម​មាន៖ អ៊ុ សេរី​រត្ន​ន៍, កែវ សុខ​សិលា, អោម ឧ​ត្ត​ម, ណុប តុលា, ឆោម ពិសា, សឿ​យ វិ​សាយ​, សរ ពិសិដ្ឋ​, សឿត បារាំង, ពុំ តុលា, រស់ សំអឿន, សំអឿន ពិដោរ, ប៊ិន ធា​រី, ហូ​យ ផល្លី​ន​, ច្រឹង ពលរដ្ឋ​, សុះ ស៊ូ​ហា​ណា​, ទិ​ត្យ ឌី​ណា, ប្រាក់ មុន្នី​ឧ​ត្ត​ម ​, ចាន់ វឌ្ឍនាកា​, អុល រ៉ាវី, ឃួន ឡា​បូ​រ៉ាវី​, កែវ សុខ​ផេង​, ឆេង ម៉េង​ និង​សួង វិ​រៈ។

សូមជម្រាបថា ការប្រកួតរវាង​ប្រទេស​ទាំង​ពីរ​ នឹង​ចាប់​ផ្ដើម​ម៉ោង១១​៖០០ ​យប់ ​​(ម៉ោង​នៅ​កម្ពុជា​) ​នៃ​កម្មវិធី​ប្រកួត​វគ្គ​ជម្រុះ AFC Asian Cup 2019 ​​នៅ​កីឡដ្ឋាន​ Amman International Stadium នៃប្រទេសហ៊្សកដានី​ ​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន​២៥០០០​នាក់។

ខាងក្រោមនេះ ជាកម្រងរូបភាពក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ហ្វឹកហាត់ដើម្បីត្រៀមប្រកួត ជាមួយក្រុមជម្រើស​ជាតិហ៊្សកដានី​៖