(ក្រចេះ)៖ ​បុរស​ល្មោភកាមចាប់បង្ខំ​រំលោភ​សេពសន្ថវៈ​ លើ​កូនស្រីចិញ្ចឹម​អាយុ​១០​ឆ្នាំ ​រាប់​ដង​ក្នុង​មួយខែៗ ​តាំងពី​ឆ្នាំ​២០១៥ ​រហូតមក​ពេលនេះត្រូវបាន​សមត្ថកិច្ច​ចាប់​ដាក់​ខ្នោះ ​តាម​ពាក្យបណ្តឹង​របស់​ប្រពន្ធជនសង្ស័យតែម្តង​។ ​ប្រតិបត្តិការចាប់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ នៅចំ​ណុច​ជើងភ្នំ​អា​យៀ​ ភូមិរ​ល​ច​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ​ខេត្តក្រចេះ​​​។​

​មន្រ្តីនគរបាលមូលដ្ឋាន​បាន​ឲ្យ​ដឹងថា​ ជនសង្ស័យ​ឈ្មោះ​ លឿ​ត ​ឌី ​អាយុ​៣៩​ឆ្នាំ ​ប្រពន្ធ​ឈ្មោះ​ គឹម ​គង្គា ​អាយុ​៣៦​ឆ្នាំ​។ ​មន្ត្រី​នគរបាលបាន​បន្តថា​ មុនកើត​ហេតុការណ៍ ​នៅ​អំឡុង​ឆ្នាំ​២០១៥ ​ជនសង្ស័យ​បាន​សុំ​កុមារី​រងគ្រោះ​អាយុ​ទើបតែ​១០​ឆ្នាំ ​ពី​អ្នកភូមិ​ម្នាក់​យកមក​ចិញ្ចឹម ​ចាត់ទុកជា​កូនបង្កើត​ដោយ​ដាក់ឈ្មោះ​ត្រកូល​របស់ខ្លួន ​(​ជនសង្ស័យ​)​ ឲ្យ​កុមារី​នោះ​ទៀតផង​។​

បើតាមមន្រ្តីនគរបាល ​ក្រោយ​យកមក​ចិញ្ចឹម​ជនសង្ស័យ ​តែង​បាន​យក​កុមារី​រងគ្រោះ​ទៅ​ដេកចាំ​ចម្ការ​នៅ​ឆ្ងាយ​ពី​ភូមិ ​ដោយ​មានឱកាស​ជនសង្ស័យ​ជា​ឪពុកចិញ្ចឹម​បាន​ចាប់​រំលោក​សេពសន្ថវៈ​ ជា​រៀងរាល់ខែ​ដោយ​ក្នុង​មួយខែៗ​ពី​៩​ទៅ​១០​ដង​ ​ក្នុងនោះ​ជនសង្ស័យ​តែង​ បាន​គំរាម​សម្លាប់​បើ​កុមារី​នោះ​ហ៊ាន​ប្រាប់​ទៅ​ម្តាយ​(​ប្រពន្ធ​) ​ឬ​ប្រាប់​អ្នកភូមិ​។​ លុះដល់​ថ្ងៃទី​២១ ​ខែមីនា ​ឆ្នាំ​២០១៧ ​ជនសង្ស័យ​​បាន​ចាប់រំលោភ​កុមារី​រងគ្រោះ​បាន​ម្តង​។ ​មកដល់​ថ្ងៃទី​២៣ ​ខែមីនា​ បាន​ចាប់រំលោភ​ម្តងទៀត​។​

នៅ​ថ្ងៃទី​២៤ ​ខែមីនា​ ឆ្នាំ​២០១៧​ កុមារី​រងគ្រោះ​បានមក​ភូមិ ​ក៏បាន​យក​រឿងរ៉ាវ​ដែល​ឪពុកចិញ្ចឹម​ប្រព្រឹត្ត​មកលើ​ខ្លួន​ទាំង​ប៉ុន្មាន ​ប្រាប់​ម្តាយចិញ្ចឹម​​ឲ្យ​ដឹង​ ហើយម្ដាយបាន​នាំ​កូនស្រី​នោះ​ ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​។ ​បន្ទាប់ពី​ទទួល​បណ្តឹង​សមត្ថកិច្ច ​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​​ យកមក​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​កន្ទួត​។​ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា ​ខ្លួន​ពិតជា​បាន​រំលោភ​នាង​តាំងពី​ឆ្នាំ​២០១៥​រហូតមក​មែន​។​

​ក្រោយពី​សារភាព​របស់​ជនសង្ស័យ​សមត្ថកិច្ច​ បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​តុលាការខេត្ត ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕