​(ក្រចេះ)៖ លោក គង់ គឹមនី អភិបាលស្រុកស្នួល ខេត្តក្រចេះ បានអះអាងថា អ្នកភូមិប្រុស​ស្រីក្មេងចាស់ប្រមាណ​១២នាក់ ដែលរងនូវអការៈពុលក្អួតចង្អោរ បានត្រឡប់ទៅលំនៅឋានវិញអស់ ហើយនៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧​នេះ បន្ទាប់ពីអាជ្ញាធរបានចាត់បញ្ជូនអ្នកភូមិទាំងនោះ មកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកស្នួល។

អភិបាលស្រុកស្នួល បានបញ្ជាក់ថា បន្ទាប់ពីកើត​មាន អការៈពុលអ្នកភូមិប្រុសស្រីក្មេងចាស់ទាំងនោះ ត្រូវបានអាជ្ញាធរចាត់បញ្ជូនចេញពី ភូមិដឹក​មកសង្រ្គោះនៅមន្ទីរពេទ្យស្នួលជាបន្តបន្ទាប់ភ្លាមៗ ហើយការពុលរបស់អ្នកភូមិគឺ ផ្តើមចេញ ពីពួកគាត់នាំគ្នាហូបបង្អែម ដែលទិញពីការដាក់ លក់នៅក្នុងភូមិយក​មកហូប ដោយបង្អែមនោះ​ប្រហែលមិនគ្រប ឲ្យបានត្រឹមត្រូវ ត្រូវរុយរោម ទើបពួកហូបទៅមានអាការរាករុះបែបនេះ។

សូមបញ្ជាក់ថា ​អការៈពុលដោយសភាពក្អួតចង្អោរ របស់អ្នកភូមិប្រុស ស្រី ក្មេង ចាស់ ចំនួន១២នាក់នេះ រស់នៅភូមិ​ត្រពាំងលាក់ ឃុំស្នួល ស្រុកស្នួល ដែលបាន​កើតឡើង ជាបន្តបន្ទាប់នៅ​យប់ថ្ងៃទី២៤ មីនា និងព្រឹកថ្ងៃទី២៥ មីនា៕